ហែម គីរី៖ បើ ពិសី ចង់លេងឱ្យជម្រើសជាតិ គាត់អាចលេងបាន
- 2016-05-10 17:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែម គីរី៖ បើ ពិសី ចង់លេងឱ្យជម្រើសជាតិ គាត់អាចលេងបាន
ចន្លោះមិនឃើញ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បាននិយាយថា បើសិនជា Jordan Pisey Windle ដែលជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិក ចង់លេងអោយជម្រើសជាតិកម្ពុជាគឺអាចលេងបាន ព្រោះថាគាត់មានសំបុត្រកំណើត និងលិខិតឆ្លងដែន ជាជនជាតិខ្មែរ ។
លោក ហែម គីរី បានបញ្ជាក់ថា អំឡុងពេលដែល Pisey មកស្នាក់នៅរាជធានីភ្នំពេញ លោកនឹងស្នើសុំដល់រូបគេ ក្នុងការចូលជាកីឡាករជម្រើសជាតិលោតទឹករបស់កម្ពុជា ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើសិនកីឡាករលោតទឹកដ៏ឆ្នើមរូបនេះយល់ព្រមនោះ លោកនឹងអោយរូបគេព្យាយាមហ្វឹកហាត់បន្ថែមទៀត ហើយលោកនឹងស្នើដល់សហព័ន្ធក្នុងការដាក់បញ្ចូលវិញ្ញាសាលោតទឹកសម្រាប់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ Sea Game នៅឆ្នាំក្រោយដែលប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
Jordan Pisey Windle (FB)
នៅប្រទេសកម្ពុជា កីឡាលោតទឹកគឺមិនទាន់មានធនធានកីឡាករនៅឡើយទេ ខណៈដែលទីលានហ្វឹកហាត់សម្រាប់កីឡាប្រភេទនេះ នៅមានតិចនៅឡើយ ពោលគឺមានតែនៅពហុកីឡដ្ឋានជាតិ និងអាងហែលទឹកខេត្តកំពង់ចាមប៉ុណ្ណោះ។ ដំណើរមកដល់របស់ Pisey អាចជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍ធនធានខាងកីឡានេះ ជាពិសេសដើម្បីត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Sea Game ឆ្នាំ២០២៣ ផងដែរ ។
Jordan Pisey Windle (FB)
Pisey នឹងស្នាក់នៅរយៈពេលមួយសប្ដាហ៍ ដោយតាមគម្រោងនឹងទៅជួបក្មេងកំព្រាជាច្រើន ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្ដល់ឱកាសឱ្យ Pisey ផ្ទាល់ ស្គាល់រសជាតិនៃស្រុកកំណើតរបស់គេ។ Pisey នឹងសម្ដែងពីកីឡាលោតទឹកនៅពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ក៏ដូចជានឹងធ្វើដំណើរទៅទស្សនាសារមន្ទីរទួលស្លែង និងវាលពិឃាដជើងឯក៕
ចុចអានរឿងរបស់ Pisey បន្ថែម ៖Pisey ក្មេងកំព្រាកម្ពុជាក្លាយជាកីឡាករលោតទឹកឆ្នើមរបស់អាមេរិក នឹងមកដល់កម្ពុជាស្អែក
អត្ថបទ៖ មួន សុគន្ធតារា