សាររបស់កីឡាករលោតទឹកអាមេរិកកំណើតខ្មែរចំពោះកុមារកំព្រាកម្ពុជា
- 2016-05-10 20:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាររបស់កីឡាករលោតទឹកអាមេរិកកំណើតខ្មែរចំពោះកុមារកំព្រាកម្ពុជា
ចន្លោះមិនឃើញ
កីឡាករលោតទឹកជម្រើសជាតិអាមេរិក Jordan Pisey Windle បានមកដល់ប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនកាលពីព្រឹកមិញដោយបានបង្ហាញសារមួយច្បាប់ចំពោះកុមារកំព្រាកម្ពុជា និងការចង់ចាំរបស់ខ្លួនចំពោះប្រទេសកំណើត។
ពិសី និងឪពុកចិញ្ចឹមធ្វើដំណើរមកដល់កម្ពុជា
យុវជនទើបវ័យ១៧ឆ្នាំ ពិសី បានបង្ហាញនូវភាពសប្បាយរីក និងមោទនភាពដែលបានមកដល់ប្រទេសកំណើតរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីឃ្លាតស្រុកកំណើតអស់រយៈពេល១៥ឆ្នាំ។ ពេលមកដល់ភ្លាម កីឡាករលោតទឹករូបនេះមានសំបុត្រខ្លីមួយច្បាប់ដែលបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះប្រទេសកំណើត។
Sabay សូមបង្ហាញខ្លឹមសារក្នុងលិខិតរបស់ ពិសីថា ៖«ខ្ញុំពិតជាមានអារម្មណ៍ថា មានមោទនភាព ដែលបានមកដល់ប្រទេសកំណើតរបស់ខ្ញុំ ដែលខ្ញុំមិនដែលធ្លាប់បានទៅពីមុនទាល់តែសោះ តាំងពីខ្ញុំត្រូវបានយកមកចិញ្ចឹម។ ខ្ញុំគិតថា នេះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយសម្រាប់ខ្ញុំ ហើយខ្ញុំពិតជារំភើបក្នុងចិត្ត»
«សាររបស់ខ្ញុំគឺថា ខ្ញុំក៏ដូចគ្នានឹងកុមារទាំងនោះដែរ គឺយើងទាំងអស់គ្នាជាកុមារកំព្រា។ គ្រាន់តែថា ខ្ញុំមានសំណាងត្រូវបានទទួលយកទៅចិញ្ចឹម ហើយសព្វថ្ងៃ ជីវិតរបស់ខ្ញុំមានស្ថានភាពប្រសើរ។ ប៉ុន្តែ ខ្ញុំចង់ប្រាប់ទៅពួកគេថា បើសិនជាយើងត្រូវបានប្រគល់ឱកាសមួយ ទោះបីជាឱកាសនោះតូចក្តី យើងអាចប្រែក្លាយឱកាសនោះ ដើម្បីសម្រេចបានជោគជ័យដែលយើងចង់បាន ហើយបង្ហាញទៅកាន់ពិភពលោកថា យើងក៏អាចមានជីវិតដ៏ល្អមួយដែរ។ សព្វថ្ងៃនេះខ្ញុំជាពលរដ្ឋអាមេរិកម្នាក់ ប៉ុន្តែខ្ញុំចង់ចាំជានិច្ចថា ខ្ញុំជាកូនខ្មែរម្នាក់»។
កាលពីព្រឹកមិញនេះមិនមានវត្តមានមន្ត្រីរបស់សហព័ន្ធកីឡាហែលទឹកកម្ពុជា ឬអ្នកពាក់ព័ន្ធនឹងកីឡាទៅទទួលស្វាគមន៍រូបគេឡើយ ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនដែលបានទៅសម្ភាសន៍ដល់ប្រលានយន្តហោះដូចជា Sabay, VOA, ទូរទស្សន៍ PNN និងបាយ័ន ព្រមទាំងអ្នកកាសែតអាមេរិកមួយក្រុមទៀត។
ក្នុងដំណើរមកប្រទេសកំណើតរយៈពេលមួយសប្តាហ៍ជាមួយឪពុកចិញ្ចឹមនេះ ពិសីនឹងទៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិដើម្បីសម្តែងបង្ហាញពីរបៀបលោតទឹក។ ក្រៅពីនេះរូបគេត្រូវទៅជួបកុមារកំព្រា និងទស្សនាសារមន្ទីរទូលស្លែង ព្រមទាំងវាលពិឃាដជើងឯក។
Jordan Pisey Windle ដែលជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង មានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ២ខួប និងជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិកផងនោះ។ រូបគេត្រូវបានទទួលយកទៅចិញ្ចឹម និងរស់នៅសហរដ្ឋអាមេរិក តាំងពីមានអាយុត្រឹមតែជិត២ឆ្នាំប៉ុណ្ណោះ ដោយលោក Jerry Windle៕
អត្ថបទ៖ ជាន ចាន់រ៉ា