ប្រវត្តិ​​ ​​ភ្នំពេញ​ក្រោន ជា​​ក្លិប​ឈាន​មុខ​គេ​ក្នុង​ស្រុក​

  • 2014-10-28 16:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​កំពុង​បោះ​ជំហាន​​​ក្លាយ​ជា​ក្លិប​អាជីព​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ទៅ​កាន់​ឆាក​អន្តរជាតិ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​។  ​ជើង​ឯក​មិត្តហ្វូនខេមបូឌានលីក​ឆ្នាំ​២០១៤ ភ្នំពេញ​ក្រោន​នឹង​តំណាង​ឲ្យ​ជើង​​ឯក​ប្រទេស​កម្ពុជា​ចូល​រូម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship នៅ​ប្រទេស​​វៀតណាម នា​ចុង​ខែ​តុលា​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស Sam Schweingruber។

ភ្នំពេញ​ក្រោន​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤

ឆ្នាំ​២០១១ ក្រុម​ភ្នំពេញ​ក្រោន ពិត​ជា​បាន​ធ្វើ​មិត្ត​អ្នក​គាំទ្រ​បាល់ទាត់​ខ្មែរ​ស្គាល់​មិន​តិច​ឡើយ​​និង​ជា​​ក្រុម​មួយ​ដែល​មាន​ភាព​រឹង​មាំ​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​ស្រុក។ ​​ជា​ពិសេស​ជាង​នេះ​ទៅ​​ទៀត​ក្រុម​នេះ​​បាន​​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ AFC President’s Cup ​ដ៏​អស្ចារ្យ​ដែល​​បាន​បញ្ចប់​កាល​​​ខែ​ឧសភា​​​ឆ្នាំ​២០១១​​​នា​ពេល​ ថ្មីៗ​នេះ។​ ក្រុម​​ក្នុង​លីក​កំពូល​របស់​កម្ពុជា​មួយ​នេះ​បាន​​ឆ្លង​ទៅ​លេង​វគ្គ​បន្ត​​ ក្នុង​កម្មវិធី​ខាងលើ​​​​​​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្រោម​ការ​ដឹក​ នាំ​របស់​លោក​​ Bojan Hodak គ្រូ​បង្វឹក​សញ្ជាតិ​ក្រូអាត។

 

បាល់ទាត់​ខ្មែរ នៅ​ក្នុង​ទសវត្ស​​ឆ្នាំ​១៩៥០ និង ១៩៦០​ គឺ​ជា​​ពេល​ដែល​​បាល់ទាត់​កម្ពុជា​ទទួល​បាន​ភាព​ល្បីល្បាញ​និង​ក្រុម​​​ ខ្លាំង​​នៅ​ក្នុង​តំបន់​ដូច​​ទៅ​នឹង​ក្រុម​​ថៃ​,ភូមា,និង ឥណ្ឌា​ជា​ដើម។​ ​ក្រោយ​មក​ទៀត​​​​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​​ ស៊ីវិល​នៅ​​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​និង​បាន​ធ្វើ​កីឡា​បាល់ទាត់​ត្រូវ​ បញ្ចប់។

 

រហូត​ដល់​​​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ បាល់ទាត់​ខ្មែរ​បាន​រស់​ឡើង​វិញ​និង​បាន​បង្ហាញ​ខ្លួន​​ក្នុង​ព្រឹត្តិការណ៍ ​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​១៩៩៥ ​និង​បាន​​ចូល​រួម​ក្នុង​យុទ្ធនា​ការ​​​ជម្រុះ​​​បាល់ទាត់​ពិភព​លោក​នៅ​ ក្នុង​ឆ្នាំ​ដដែល​នោះ​ផង​ដែរ។

 

 ឆ្នាំ​កកើត​លីក​ក្នុង​ស្រុក​និង​ក្រោន ក្នុង​ឆ្នាំ​២០០០​ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​បង្កើត​​​​​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​ ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា​ Cambodian Premier League។ មួយ​ឆ្នាំ​ក្រោយ​មក​ ​ក្រុម​បាល់ទាត់​ Samart United​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​Samart ដែល ​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍។​ បន្ទាប់​មក ​​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ជា​ច្រើន​រហូត​ដល់[​​​ភ្នំ​ពេញ​ក្រោន​ ](Phnom Penh Crown) នា​ពេល​បច្ចុប្បន្ន។​ នៅ​​ឆ្នាំ​២០០២​ ​Samart United​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​ហុក សុចិត្រា​ដែល​​​លោក​ដើរ​តួ​ជា​​អ្នក​ដឹក​នាំ​លេង​ផង​និង​និង​​ជា​កីឡាករ​ផង។

 

ក្នុង ​ឆ្នាំ​ដដែល​នេះ​​ Samart United បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីក​​​លើក​ដំបូង។​ ក្នុង​នាម​ជា​​​​ម្ចាស់​ការពារ​តំណែង​ជើង​ឯក ​ក្រុម​​របស់​កម្ពុជា​មួយ​នេះ​បាន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​Asian Club Championship​តែ​​ចាញ់​ក្រុម​Petrokimia Putra ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

 

ក្នុង ​ឆ្នាំ​​២០០៥ ​ក្រុម​ Samartត្រូវ​បាន​ប្ដូរ​ទៅ​ជា​ក្រុម​Hello United វិញ​និង​បាន​បញ្ចប់​រដូវ​កាល​​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ២​​​ពី​ព្រោះ​ចាញ់ ​ក្រុម​ខេមរា​កីឡា​ ៣-០។ តែ​ឆ្នាំ​នោះ​ កីឡាករ ហុក សុជីវ័ន​​​ដែល​​ជា​ប្អូន​ប្រុស​របស់​លោក​ហុក សុចិត្រា​​​​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​រហូត​ដល់​២២គ្រាប់។​​ Hello United ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​AFC President’s Cup លើក​ដំបូង​​តែ​ ​ធ្លាក់​ក្នុង​ជុំ​ដំបូង​បើ​ទោះ​ជា​​ឈ្នះ​ ២-១​​លើក​​ក្រុម ​WAPDA​របស់​ប៉ាគីស្ថាន​​ក៏​ដោយ។

 

ឆ្នាំ​​២០០៦ ​Hello United ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​Phnom Penh United​ហើយ​ក្រុម​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​តារាង​​​នេះ​​បែរ​ជា​ចាញ់​ ការ​ប្រកួត​Play-off​ផ្ដាច់​ព្រ័ត្រ​​​នឹង​ក្រុម​ខេមរាកីឡា​ទៅ​វិញ​ក្នុង​ លទ្ធផល​​ប្រផុតប្រផើយ ៤-៥​ នៅ​ពី​មុខ​​អ្នក​​ចូល​ទស្សនា​ប្រមាណ​១០០០០​​នាក់​​​​ឯ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ អូឡាំ​ពិក។

ឈ្មោះ​ Phnom Penh Empire ឆ្នាំ​២០០៧ ក្រុម​ ​Khmer Empire និង​ Phnom  Penh United ត្រូវ​បាន​បញ្ចូល​គ្នា​​ក្លាយ​ជា​ក្លិប​ Phnom Penh Empire។​ ក្រុម​ចាស់​ឈ្មោះ​ថ្មី​នេះ​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ៣​​ ​ចំ​ពេល​ដែល​​ក្រុម​ណាហ្គាខប​ជា​ម្ចាស់​ជើង​ឯក។​ ឆ្នាំ​២០០៨ ​​​Phnom Penh Empire​ ឈ្នះ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​​​ដោយ​ផ្ដួល​ក្រុម​​ព្រះ​ខ័នរាជ​ ១-០។ ​​​មួយ​គ្រាប់​របស់​Phnom Penh Empire ​ស៊ុត​ដោយ​កីឡាករ​ Anucha Chuaisri ។

 

ឈ្មោះ​ Phnom Penh Crown ឆ្នាំ​២០០៩​ ​ពី​Phnom Penh Empire​​ត្រូវ​បាន​ប្ដូរ​ម្ដង​ទៀត​ទៅ​ជា​ក្រុម​​​ភ្នំពេញ​ក្រោន (Phnom Penh Crown)​​ដល់​សព្វ​ថ្ងៃ​​​ដែល​​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ កាស៊ីណូ​ក្រោន​(Crown Casino)​ហើយ​​​កាល​នោះ​ក្រុម​នេះ​បាន​បញ្ចប់​ទៅ​​ក្នុង​លំដាប់​ថ្នាក់​លេខ៤​ ​ក្នុង​តារាង​ តែ​ក្រុម​​បាន​​​ឈ្នះ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​ជា​លើក​ទី២​​​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​​ណាហ្គាខប​១-០។ ​​គ្រាប់​ជ័យជម្នះ​របស់​ក្រោន​​រក​បាន​ដោយ​កីឡាករ​ កែវ សុខង៉ន។

 

ក្នុង ​ឆ្នាំ​២០០៩​​ដដែល​​នោះ​ ​ភ្នំពេញ​ក្រោន​មិន​អាច​ឆ្លង​ដល់​ជុំ​បន្ត​​នៃ​កម្មវិធី​AFC President’s Cupឡើយ​បើ​ទោះ​បី​ជា​​ឈ្នះ​ក្រុម​​Bhutan’s Yeedzinក៏​ដោយ​ តែ​ក្រុម​នេះ​បាន​ចាញ់​ពីរ​ប្រកួត​ក្នុង​ចំណោម​បី​ប្រកួត។​ ​ឆ្នាំ​ជា​មួយ​គ្នា​នោះ​ ក្រោន​បាន​យក​ឈ្នះ​ក្រុម​ Young Lions​​ក្នុង​​Singapore Cup​និង​​បាន​ឆ្លង​ដល់​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ​តែ​​ធ្លាក់​​ក្រោម​​ស្នាដៃ​ ក្រុម​Bangkok Glass មក​ពី​​ប្រទេស​ថៃ។

 

ឆ្នាំ​២០១០ ក្នុង​ឆ្នាំ​២០១០​ ​ភ្នំពេញ​ក្រោន​បាន​​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ពានរង្វាន់​មិត្តហ្វូន​ ខេមបូឌាន​លីក​​ដោយ​បាន​យក​ឈ្នះ​ក្រុម​ព្រះខ័នរាជ​​៤-៣​ក្នុង​វគ្គ​ផ្ដាច់​ ព្រ័ត្រ។ ​​ក្នុង​ឆ្នាំ​នោះ​ដែរ​​ក្រោន​​អាច​ទទួល​បាន​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​​​​លើក​ទី៤​ តែ​​ត្រូវ​ភ្លាត់​ស្នៀត​​​​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​ក្នុង​លទ្ធផល​ ​២-៣​​ទៅ​វិញ។

 

ក្រោយ​​បញ្ចប់​រដូវ​កាល​​ឆ្នាំ​២០១០​ អ្នក​ចាត់​ការ​​ បែ មករា​​ និង​គ្រូ​បង្វឹក​សញ្ជាតិ​ថៃ​​Apisit Im Amphai​បាន​ចាក​ចេញ​ពី​ក្លិប​​​ទៅ​​បម្រើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ​ តែ​ជំនួស​ដោយ​គ្រូ​បង្វឹក​ Bojan Hodak ​សញ្ជាតិ​ក្រូអាត។

 

ឆ្នាំ​២០១១ ភ្នំ​ពេញ​ក្រោន​បាន​​​ឆ្លង​ផុត​​វគ្គ​ជម្រុះ AFC President’s Cup 2011​ក្នុង​ពូល​A ដោយ​ឈ្នះ​ពីរ​ប្រកួត​និង​ចាញ់​មួយ​ប្រកួត​ពី​ថ្ងៃ​ទី​២១​​-២៥​ ឧសភា​​​ដែល​​កម្ពុជា​​ជា​ម្ចាស់​ផ្ទះ។ ​ក្នុង​​នោះ​​ក្រោន​​​យក​ឈ្នះ​Abahani Limited ​មក​ពី​បង់ក្លាដេស​​ ​១-០​​ដែល​ស៊ុត​​​បញ្ចូល​ទី​ដោយ​ចាន់ ឆាយ៉ា​​​​​និង​ឈ្នះ​Don Bosco៣-០​ មក​ពី​ស្រីលង្កា​ដែល​​ស៊ុត​ដោយ​ ចាន់ ឆាយ៉ា, គួច សុកុម្ភៈ​ និង​Kingsley Njoku Metu ​តែ​ចាញ់​ក្រុម​​ Neftchi របស់​កៀហ្ស៊ីស៊ីស្ថាន​​​​​១-០។ ជ័យជម្នះ​ពីរ​ប្រកួត​​ក្រោន​ទទួល​បាន​​៦​ពិន្ទុ​​​ដោយ​ឈរ​លំដាប់​​លេខ​ពីរ​ ក្នុង​តារាង​​និង​អាច​ឡើង​​ទៅ​ប្រកួត​នៅ​ជុំ​បន្ត។

 

បន្ទាប់​ពី​ដឹក​នាំ​ក្រុម​ភ្នំ​ពេញ​ក្រោន​បាន​ចំនួន​៦​ប្រកួត​នៅ​​ក្នុង​ ក្របខ័ណ្ឌ​មិត្តហ្វូនខេមបូឌាន​លីក២០១១​និង​នាំ​ឲ្យ​ក្រុម​​ឈរ​លំដាប់​កំពូល​ តារាង​​​ហើយ​ថែម​ទាំង​​​ជួយ​​​ក្រុម​ឲ្យ​​​ឆ្លង​​​ផុត​វគ្គ​ជម្រុះ​AFC President’s Cup ​​លោក​Bojan Hodak ​​​បាន​ចាក​ចេញ​ពី​ភ្នំ​ពេញ​ក្រោន​ទៅ​វិញ​​នា​ដើម​ខែ​មិថុនា​​ឆ្នាំ​២០១១​ នេះ​ដើម្បី​​​ទទួល​​តួនាទី​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្លិប​Shandong Luneng FC​​​របស់​ប្រទេស​ចិន។

 

កីឡដ្ឋាន កីឡដ្ឋាន​​បាល់​ទាត់​​របស់​​ភ្នំពេញ​​ក្រោន​​មាន​​ទី​លាន​​ចំនួន​​២​​គឺ​​ទី​​មួយ​​ សម្រាប់​​ហ្វឹកហាត់ និង​​ទី​ពីរ​​សម្រាប់​​ការ​​ប្រកួត​​ផ្លូវ​ការ។ ទី​លាន ​ទាំង​ពីរ​​ដាំ​ស្មៅ​ធម្មជាតិ​ដែល​បង្កប់​ដោយ​ប្រព័ន្ធ​​ទុយោ​ទឹក​ ហើយ​ដាក់​ដី​ខ្សាច់​​ពី​លើ និង​ដាំ​​ស្មៅ​ដើម្បី​​ឲ្យ​​ទឹក​ហូរច្រោះ​​បាន​លឿន​ពោល​​គឺ​ត្រឹម​តែ​១៥​ទៅ​ ២០​នាទី​ទឹក​ហូរ​អស់​ បន្ទាប់​ពី​ភ្លៀង​ហើយ​អាច​ធ្វើ​ការ​ប្រកួត​វិញ​​បាន​ធម្មតា ព្រម​ទាំង​មាន​អគារ និង​បន្ទប់​សម្រាប់​ការ​បណ្តុះ​បណ្តាល​ និង​រៀប​ចំ​ការ​ប្រកួតគ្រប់​លក្ខណៈ។ កីឡដ្ឋាន​​នេះ​មាន​ឈ្មោះ​ថា RSN Stadium ស្ថិត​នៅ​ក្រុម​ទី​១៣ សង្កាត់​ទូល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ។

បង្ហាញ​ខ្លួន​ក្នុង​AFC President’s Cup ៤ដង​ -​​ឆ្នាំ​​២០០៥​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល(Group Stage) -ឆ្នាំ​២០០៩​ធ្លាក់​ក្នុង​​វគ្គ​ជម្រុះ​ក្នុង​ពូល(Group Stage) -ឆ្នាំ​២០១១​​ ជើង​ឯក​រង -ឆ្នាំ​២០១២ ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល (Group Stage)​

 

ASEAN Competitions(១​ដង​) -​ឆ្នាំ​២០០៣​ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល(Group Stage)

 

Singapore Cup ៦​ដង -ឆ្នាំ​២០០៧​ ​ជុំ​ទី១​ (First Round) -ឆ្នាំ​​២០០៨​ ជុំ​ទី១​(First Round) -ឆ្នាំ​២០០៩​​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ​(Quarter-finals) -ឆ្នាំ​២០១០ ជុំ​ទី​១​(First Round) -ឆ្នាំ​២០១១ ជុំ​ទី​១​(First Round) -ឆ្នាំ​២០១២ ជុំ​ទី​១ ​(First Round)

 

ចំណាត់​ថ្នាក់​លេខ២​(Runner-up) -ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២​​ពាន​រង្វាន់​មិត្តហ្វូនខេម​បូឌាន​លីក​​​២០០៥​និង​​២០០៦ -​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​លើក​ទី៤​ឆ្នាំ​២០១០

 

ស្នាដៃ​ទទួល​បាន -ទទួល​បាន​ពាន​រង្វាន់​​មិត្តហ្វូន​ខេមបូឌាន​លីក​ឆ្នាំ​២០០២, ២០០៨,​ ២០១០, ២០១១ និង​២០១៤ -ទទួល​បាន​ពាន​រង្វាន់​​​​សម្ដេច​ហ៊ុន សែន​​ឆ្នាំ​២០០៨ និង ២០០៩

 

គ្រូ​បង្វឹក ឆ្នាំ​២០០៨-២០១០ គ្រូ​បង្វឹក​សញ្ជាតិ​ថៃ​​ Apisit Im Amphai​ ឆ្នាំ​២០១១-២០១១ គ្រូ​បង្វឹក​​សញ្ជាតិ​ក្រូអាត Bojan Hodak ឆ្នាំ២០១១-២០១២ គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស David Booth ឆ្នាំ​២០១២-បច្ចុប្បន្ន គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស Sam Schweingruber

អត្ថបទៈ ឆន ទិត្យ

   

អត្ថបទពេញនិយម
អត្ថបទថ្មី