អនាគតយុវជនអាមេរិក ពិសី នឹងអាចតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ
- 2016-05-17 15:29:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតយុវជនអាមេរិក ពិសី នឹងអាចតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា នាពេលអនាគត កីឡាករលោតទឹកជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle នឹងអាចប្រកួតតំណាងឲ្យកម្ពុជាសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។
ការលើកឡើងយ៉ាងដូច្នេះ ដោយសារតែ ពិសី ជាជនជាតិខ្មែរ មានសំបុត្រកំណើតជាខ្មែរ ជាពិសេសរូបគេបានពិភាក្សាជាមួយឪពុកចិញ្ចឹមរបស់គេហើយថា ទៅថ្ងៃខាងមុខរូបគេនឹងប្រកួតលើឆាកអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា។
លោក ហែម គីរីលើកឡើងថា សហព័ន្ធកីឡាហែលទឹកកម្ពុជាពិតជាចង់បានយុវជនជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ ពិសី លេងតំណាងកម្ពុជាណាស់ ប៉ុន្តែសព្វថ្ងៃរូបគេកំពុងតែលេងតំណាងឲ្យប្រទេសទី២របស់ខ្លួនគឺសហរដ្ឋអាមេរិក។ ដូច្នេះរូបគេមិនអាចលេងតំណាងឲ្យប្រទេស២ក្នុងពេលតែ១បានទេ ព្រោះវាជាច្បាប់របស់សហព័ន្ធហែលទឹកអាមេរិក។ «ណាមួយយើងក៏ត្រូវគោរពសិទ្ធិនៃការសម្រេចចិត្តរបស់គាត់ផងដែរ»។ លោក ហែម គីរី បន្ថែម។
កាលពីថ្ងៃទី១៦ ខែឧសភា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាបានស្នើសុំទៅឪពុក និងកីឡាករ Jordan Pisey ដើម្បីឲ្យ Jordan Pisey មកចូលរួម ជាក្រុមលោតទឹកជម្រើសជាតិកម្ពុជាសម្រាប់ចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ជាការឆ្លើយតប ដោយភាពត្រេកអរក្រៃលែង កីឡាករ Jordan Pisey បានសន្យាថា នឹងមកចូលរួម ជាកីឡាករជម្រើសជាតិលោតទឹកកម្ពុជា នាថ្ងៃអនាគតខាងមុខនេះ និងបានប្តេជ្ញាដណ្តើមយកមេដាយជូនកម្ពុជាឲ្យខានតែបាន។ នេះបើតាម Page របស់ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញ។
Jordan Pisey ជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិក ដែលមានប្រវត្តិជាកុមារកំព្រានៅខេត្តព្រៃវែង ហើយត្រូវបានដាក់ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញ ក្រោយពេលដែលឪពុកម្ដាយបង្កើតរបស់គេបានទទួលមរណភាព។ Jordan ត្រូវបានទទួលយកទៅចិញ្ចឹម និងរស់នៅសហរដ្ឋអាមេរិក តាំងពីរូបគេមានអាយុត្រឹមតែជិត២ឆ្នាំប៉ុណ្ណោះ ដោយលោក Jerry Windle ជាអ្នកនាំទៅ៕
អត្ថបទ៖ មួន សុគន្ធតារា