ចំណុចចាប់ផ្តើមរបស់ ពិសី ក្លាយជាកីឡាករលោតទឹកអាមេរិកឆ្នើុម
- 2016-05-23 13:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចចាប់ផ្តើមរបស់ ពិសី ក្លាយជាកីឡាករលោតទឹកអាមេរិកឆ្នើុម
ចន្លោះមិនឃើញ
Jordan Pisey Windle ដែលជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង មានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ២ខួប និងជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិកផងនោះបានបរៀបរាប់ពីចំណុចចាប់ផ្ដើមរបស់ខ្លួនដែលបានចាប់អាជីពកីឡាលោតទឹកនៅសហរដ្ឋអាមេរិក ។
ចំណុចចាប់ផ្ដើមដែលធ្វើឲ្យរូបគេក្លាយជាកីឡាករលោតទឹកនោះ គឺដំបូងនៅពេលដែលរូបគេមានអាយុ៧ឆ្នាំ លោក Jerry Windle ដែលជាឪពុកចិញ្ចឹមបាននាំគេទៅលេងក្នុងអាងហែលទឹកដូចក្មេងធម្មតា ក្នុងអំឡុងពេលវិស្សមកាលរដូវកាលក្ដៅ។
ភាពចៃដន្យមួយបានកើតឡើង គឺគ្រូម្នាក់ដែលត្រូវជាកូនរបស់កីឡាករលោតទឹកដ៏ល្បីរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមកីឡាករលោតទឹកនៅទីនោះ ឃើញកាយសម្បទារបស់ពិសីអំណោយផលជាមួយនឹងកីឡានេះ។ គ្រូបង្វឹកនិងក្រុមកីឡាករលោតទឹកក៏បានណែនាំឲ្យរូបគេចូលហ្វឹកហាត់ចាប់តាំងពីរូបគេមានវ័យត្រឹមតែ៧ឆ្នាំមក។ ចូលហ្វឹកហាត់បានត្រឹមតែ២អាទិត្យ ពិសីអាចចូលរួមជាមួយក្រុមលោតទឹកបានបានយ៉ាងល្អ ដោយសារទេពកោសល្យរបស់គាត់ដែលជាអំណោយផលពីធម្មជាតិ។
ចំណុចពិសេសដែលយុវជនវ័យ១៧ឆ្នាំ ពិសី បានលើកឡើងនោះគឺ ទោះបីជារូបគេនៅសហរដ្ឋអាមេរិកតាំងពីតូចក្ដី ក៏គេមិនដែលភ្លេចខ្លួនគេថាជាជនជាតិកម្ពុជាដែរ ពោលគឺគេចាត់ទុកខ្លួនឯងជាជនជាតិខ្មែររហូត ដូច្នេះពិសីចង់បង្ហាញដល់ពិភពលោកថា ប្រទេសកម្ពុជាក៏មានសមត្ថភាពប្រកួតកីឡាលោតទឹកបានដែរ។
Jordan Pisey Windle ជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិក ដោយកាលពីអាយុ១២ឆ្នាំ រូបគេប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិសម្រាប់វិញ្ញាសាកីឡាលោតទឹកកម្ពស់១០ម៉ែត្រ។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត គាត់ក៏បានឈ្នះមេដាយមាសសម្រាប់ការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងសំរឹទ្ធ សម្រាប់ការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត។
បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជានៅថ្ងៃអង្គារសប្តាហ៍កន្លងទៅ Jordan Pisey នឹងខិតខំហ្វឹកហាត់បន្តដើម្បីត្រៀមខ្លួនប្រកួតតំណាងឲ្យសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ដែលនឹងប្រព្រឹត្តិទៅនៅខែសីហាខាងមុខ៕
អត្ថបទ៖ មួន សុគន្ធតារា