តើ​មនុស្ស​ស្រី​ គួរ​សារភាព​ស្នេហ៍​ដែរឬទេ ?

  • 2016-05-30 16:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិនបើ​មនុស្ស​ស្រី​ស្រលាញ់​បុរស​ណា​ម្នាក់ តើ​គាត់​គួរតែ​សារភាព​ស្នេហ៍​ទៅកាន់​បុរស​ម្នាក់​នោះ​ដែរ​ឬទេ ? តើ​វា​ជា​រឿង​សម​ស្រប​ដែរ​ឬទេ ដែល​មនុស្ស​ស្រី ជា​អ្នក​ចាប់​ផ្តើម​មុន​នោះ? តើ​យុវវ័យ​កម្ពុជា​សម័យ​បច្ចុប្បន្ន​គិត​យ៉ាង​ណាដែរ​ទៅលើ​បញ្ហា​នេះ ?

 

 

និស្សិត​ឆ្នាំ​ទី ៣ វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ជា បូ​រា យល់​ឃើញថា​ទាំង​ស្រី-ទាំង​ប្រុស មាន​សិទ្ធិ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន។ ដូច្នេះ​វា​មិនមែន​ជា​រឿង​មិន​សម ឬក៏​អន់​អី​ទេ ​ដែល​មនុស្ស​ស្រី​សារភាព​ស្នេហ៍​មុន​នោះ ។ យុវជន​វ័យ ២៣ ឆ្នាំ​រូប​នេះ បាន​និយាយ​បន្ថែម​ថា  « ខ្ញុំ​គិត​ថា​ ពេល​មនុស្ស​ស្រី សារភាព​ស្នេហ៍​ទៅកាន់​បុរស ​ដែល​នាង​ស្រលាញ់ វា​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់​ណាស់ ដូច​ក្នុង​រឿង​ភាគ​ជប៉ុន និង​កូរ៉េ​អញ្ចឹង » ។

 

ស្រដៀង​គ្នា​នេះ​ដែរ យុវតី រ៉េ​ន សុភក្តិ ជា​និស្សិត ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​យល់​ឃើញ​ថា​មនុស្ស​ស្រី​គួរតែ​ហ៊ាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ទៅកាន់​អ្នក​ដែល​ខ្លួន​ស្រលាញ់។ការដែល​លាក់​អារម្មណ៍​ស្រលាញ់ មិន​ឱ្យ​បុរស​ដឹង គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ។

 

យុវតី ក្នុង​វ័យ ២៣ ឆ្នាំ​រូបនេះ បាន​និយាយ​ថា « ...មនុស្ស​ស្រី​យើង​កុំ​គិត​ថា​ ខ្លួនឯង​ជា​មនុស្ស​ស្រី គួរណា​តែ​លាក់​អារម្មណ៍​ខ្លួនឯង​កុំ​អោយ​បុរស​ម្នាក់​ហ្នឹង​ដឹង​ឱ្យ​សោះ...មនុស្ស​យើង​មាន​សិទ្ធិ​ស្មើគ្នា។ បើសិនជា​យើង​ស្រលាញ់​មនុស្ស​ប្រុស​ណា​ម្នាក់​ដែល​យើង​គិតថា ​គេ​កំពុង​ស្រលាញ់​យើង​ដែរ យើង​អាច​និយាយ​ប្រាប់​គេ​ថា​យើង​ចាប់អារម្មណ៍​លើ​គេ។ និយាយ​រួម​ទៅ​យើង​អាច​សារភាព​ប្រាប់​គេ​បាន។»  

ផ្ទុយទៅវិញ យុវតី ដា​រ៉ា រស្មី ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​មិន​យល់ស្រប​នឹង​ទស្សនៈ​របស់​យុវជន និង​យុវតី​ទាំង​ពីរ​រូប​ខាងលើ​ឡើយ ។  

យុវតី ក្នុង​វ័យ ២៤ ឆ្នាំ រូបនេះ យល់ឃើញថា ​មនុស្ស​ស្រី​មិន​គួរ​សារភាព​ស្នេហ៍​ឡើយ ព្រោះ​វា​ជា​រឿង​ដែល​គួរឱ្យ​ខ្មាសអៀន ប្រសិនបើ​ខាង​ប្រុស​បដិសេធ ។ យុវតី​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​ថា ៖ « មិនបាច់​គួរ​និយាយ​ពាក្យ​ហ្នឹង (ខ្ញុំ​ស្រលាញ់​អ្នក) ទេ​ព្រោះ​ខ្ញុំ​គិតថា មនុស្ស​ស្រី​បើ​យើង​និយាយ​ពាក្យ​ហ្នឹង​ចេញទៅ ពេល​មនុស្ស​ប្រុស​បដិសេធ​ខ្មាស​គេ​ណាស់។ ប៉ុន្តែ​បើ​យើង​បញ្ចេញ​លក្ខណៈ​អត្តចរិត​ថា​ចូលចិត្ត​គេ​វិញ អញ្ចឹង​នៅ​ពេល​ណា​ដែល​មនុស្ស​ប្រុស​មិនសូវ​ចូលចិត្ត​យើង គេ​នឹង​ដកថយ។ ដូច្នេះ​យើង​មិនសូវ​ខ្មាស​គេ​ទេ ហើយ​យើង​អាច​នៅ​រក្សា​មិត្តភាព​បាន​ទៀត ។ »

 

អត្ថបទ៖ CCJ

អត្ថបទថ្មី