អប់រំ​កូន​បែប​ណា​ទើប​ល្អ?

  • 2016-06-01 18:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អប់រំ​កូន​ឲ្យ​បាន​ល្អ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះទេ គឺ​ទាមទារ​ឲ្យ​មាន​វិធីសាស្ត្រ​ត្រឹម​ត្រូវ និង​ការ​អត់ធ្មត់។ ឪពុកម្តាយ​មួយ​ចំនួន​អាច​ជួប​ការ​លំបាក​លើ​បញ្ហា​នេះ។

 

មាន​មុខ​របរ​ជា​អ្នក​បោះពុម្ព​ផ្សាយ​សៀវភៅ​នៅ​ភ្នំពេញ អ្នកស្រី ហេង ដារី បាន​ចែក​រំលែក​បទ​ពិសោធន៍​ថា ត្រូវ​ធ្វើ​ជា​មិត្ត​ជាមួយ​កូន មិន​មែន​ជា​អ្នក​គ្រប់គ្រង​កូន​នោះ​ទេ។ នេះ​មាន​ន័យ​ថា ត្រូវ​ចេះ​សម្រប​ខ្លួន​ជាមួយ​កូន ជា​ជាង​ឲ្យ​កូន​សម្រប​ខ្លួន​ជាមួយ​នឹង​យើង។

 

អ្នក​ម្តាយ​របស់​កូន​ពីរ​នាក់​រូប​នេះ​ក៏​បាន​បន្ថែម​ថា ពេល​ខ្លះ​អ្នក​ស្រី​ត្រូវ​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ការងារ​ដើម្បី​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន។

 

រូប​តំណាង

 

ចំណែក​អ្នក​ស្រី លក្ខិណា ដែល​មាន​មុខរបរ​ជា​មន្ត្រី​រាជការ​វិញ ​បាន​បញ្ជាក់​ថា ត្រូវ​ផ្ដល់​ជូន​កូន​ឲ្យ​បាន​គ្រប់​គ្រាន់​ទាំង​ការ​រៀន ទាំង​ការ​លេង និង​កីឡា។ អ្នកស្រី​បាន​បញ្ជាក់​ថា «ក្រៅពី​ការ​រៀន​សូត្រ​ ខ្ញុំ​នាំ​កូន​ទៅ​ដើរ​កម្សាន្ត​តាម​ផ្សារ​ទំនើប ឬ​សួន​កុមារ​ជាដើម​នៅ​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​បង្ខំ​កូន​ឲ្យ​គិត​តែ​ពី​រៀន​គ្មាន​ពេល​សម្រាក​នោះ​ទេ»។

 

ទោះ​ជា​រវល់​នឹង​ការងារ​យ៉ាង​ណា​ក៏​ដោយ ក៏​ព្យាយាម​តាម​ដាន​ការ​សិក្សា​របស់​កូនៗ តាម​រយៈ​ការ​សួរ​សំណួរ​ផ្សេងៗ ពេល​នៅ​ជាមួយ​គ្នា។ នេះ​ជាការ​លើកឡើង​របស់​លោក បូរិន បច្ចុប្បន្ន​ជា​ពាណិជ្ជករ​មួយ​រូប។ បុរស​ដែល​មាន​កូនស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ និង​ប្រុស​អាយុ​៦​ឆ្នាំ​រូបនេះ បន្ថែម​ថា «ពេល​នេះ​គេ​ធំៗ​ហើយ និយាយ​ស្តាប់​គ្នា​យល់​ដូច្នេះ របៀប​ប្រដៅ​ក៏​ខុស​ពី​ការ​នៅ​ពី​តូច​ៗ​ដែរ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វិន័យ និង​ទម្លាប់​ផ្សេង»។  ស្ទើរ​រៀង​រាល់​យប់​ បុរស​កូន​ពីរ​រូប​នេះ​តែង​បបួល​កូនៗ​អាន​សៀវភៅ​រឿង​និទាន​ខ្លីៗ​មុន​គេង ដោយ​ធ្វើ​បែប​នេះ​តាំង​ពី​កូនៗ​អាយុ ២ ឬ ៣ឆ្នាំ​មក​ម្ល៉េះ ដែល​រហូត​មក​ដល់​ពេល​នេះ​ទៅ​ជា​ទម្លាប់ បើ​ថ្ងៃ​ណា​លោក​អស់​កម្លាំង​ភ្លេច​អាន​សៀវភៅ​ជាមួយ​គេ ពួកគេ​មិន​សុខ​ចិត្ត​ឡើយ។

 

រូប​តំណាង

 

អះអាង​ស្រដៀង​គ្នា​នឹង​ឪពុកម្តាយ​ខាង​លើ​ដែរ អ្នកស្រី សុគន្ធា ជា​ម្តាយ​ក្មេងប្រុស​អាយុ ៣​ឆ្នាំ​កន្លះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​លោក​ស្រី រពឹស​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ទាមទារ​ឲ្យ​អ្នក​ស្រី​ចំណាយ​ពេល​វេលា​ច្រើន​នៅ​ជាមួយ​កូន។ «ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​បង្រៀន​គេ​ឲ្យ​ចេះ​និយាយ​ប្រាប់​ហេតុផល​ជា​ជាង​ការ​យំ​ទទូច​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ឲ្យ​គេ។ ខ្ញុំ​មិន​បន្លាច​គេ​ឲ្យ​ខ្លាច​ដើម្បី​ឈប់​ធ្វើ​អ្វី​មួយ​ទេ គឺ​ត្រឹម​ដាក់​ទណ្ឌកម្ម​ឲ្យ​អង្គុយ​កៅអី​នៅ​ស្ងៀម​ប្រហែល ៥ ទៅ ១០ នាទី​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ ខ្ញុំ​ព្យាយាម​ជាមួយ​គេ​ឲ្យ​បាន​ច្រើន និង​មិន​ស្ដីបន្ទោស ឬ​វាយដំ​ពេល​ដែល​គេ​ធ្វើ​ខុស​ឡើយ»។

 

តើ​មាតាបិតា​ដទៃ​ទៀត​យល់ស្រប​នឹង​វិធីសាស្ត្រ​អប់រំ​ទាំងអស់​នេះ ឬ​ក៏​មាន​អ្វី​ផ្សេង​ទៀត?

អត្ថបទថ្មី