ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី១) ចេញផ្សាយក្ដៅៗព្រឹកនេះ!
- 2016-06-06 13:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី១) ចេញផ្សាយក្ដៅៗព្រឹកនេះ!
ចន្លោះមិនឃើញ
ភាគទី១
ពិឃាដជនក្បត់នៅលើវាលទឹកកក ជួរភ្នំឆើតឆាយវិមានស្អាត ផ្ទៃផឹកសាយសាធហូរប្រណីត ឈ្លក់ចិត្តសប្បាយវង្វេងគិត ក្រុងហានស្មានពិតថាទានចូវ
កំណាព្យខាងលើនេះតំណាលអំពីឧប្បត្តិហេតុមួយដែលកើតមានឡើងកាលពីប្រាំរយឆ្នាំមុន។ នាសម័យនោះ ប្រទេសចិននៃរជ្ជកាលសុងឆាវកំពុងស្ថិតនៅក្នុងសភាពយ៉ាងដុនដាបបំផុត។ ជនជាតិជិនកួកបានឆ្លៀតឱកាសនោះនាំរេហ៍ពលចូលមកលុកលុយឈ្លានពានទឹកដីចិន ហើយចាប់យកព្រះចៅវិយឈាននាំទៅស្រុកវា។ ព្រះចៅកៅជុងដែលឡើងសោយរាជ្យតំណពីព្រះចៅវិយឈានបានចាកចេញពីរាជធានីចាស់ (ទានចូវ) ទៅតាំងរាជធានីថ្មីនៅស្រុកហានចូវ។
នៅកំឡុងពេលនោះ ទឹកដីប្រទេសចិនពាក់កណ្ដាលបានធ្លាក់ទៅលើអំណាចជិះជាន់នៃជនជាតិជិនកួក ព្រះជៅកៅជុងគួរណាស់តែរិះរកមធ្យោបាយណាមួយដើម្បីរំដោះទឹកដីមាតុភូមិឱ្យផុតពីសេចក្ដីទុក្ខវេទនា តែពុំមែនដូច្នោះសោះ ព្រះចៅកៅជុងបែរជាខ្លបខ្លាចជនជាតិជិនកួកដូចសត្វខ្លាទៅវិញ មិនតែប៉ុណ្ណោះសោតព្រះចៅអង្គនេះព្រមទាំងជឿតាមពាក្យបោកប្រាស់របស់ជនក្បត់ឈ្មោះឈិនឃុយ ហើយបានបញ្ជាឱ្យគេទៅចាប់យកមេពលសេនាស្នេហាជាតិឈ្មោះង៉ាកហ៊ុយ ដែលកំពុងតែធ្វើការតស៊ូនឹងជនជាតិជិនកួកយ៉ាងសកម្មបំផុតនោះយកមកប្រហារជីវិតដោយឥតត្រាប្រណី។
គំនិតប្រាសចាកសីលធម៌និងអំពើដ៏សាហាវឃោរឃៅនេះ បានបណ្ដាលឱ្យប្រជារាស្ត្រចិនទូទាំងប្រទេសមានការរំជើបរំជួលក្ដៅក្រហាយ ហើយឈឺចាប់ក្នុងចិត្តស្ទើរប្រេះទ្រូងគ្រប់គ្នា ជាពិសេសគឺប្រជារាស្ត្រចិនដែលរស់នៅក្រោមការជិះជាន់នៃជនជាតិជិនកួក ដែលកំពុងតែលិចលង់ក្នុងសមុទ្រទុក្ខយ៉ាងធំល្ហល្ហេវមិនដឹងជាថ្ងៃណានឹងបានដល់ត្រើយសុភមង្គលឡើយ។ ការបាត់បង់នូវជីវិតអ្នកក្លាហានស្នេហាជាតិនេះ ធ្វើម្ដេចឡើយមិនឱ្យគេរាល់គ្នាកើតទុក្ខចំបែងចិត្ត?...
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ