ពេល​នេះ​ទើបខ្ញុំ​​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​នាង

  • 2016-06-07 18:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ជា​សិស្ស​វិទ្យាល័យ ខ្ញុំ​ជា​មនុស្ស​ម្នាក់​មិន​សូវ​ចេះ​រញ៉េរញ៉ៃ​រឿង​ស្នេហា​អី​ទេ គិត​តែ​ពី​រៀន ពូកែ​រៀន តែ​រៀន​មិន​ពូកែ បើ​និយាយ​ពី​លេខ​វិញ មិន​ដែល​បាន​រាយ​ឡើយ បើ​មិន​លេខ ២៧ គឺ ៣០​ជាង។ ចូល​ដល់​​ថ្នាក់​ទី១០ ខ្ញុំ​ចាប់​ផ្ដើម​មាន​ចិត្ត​ស្រលាញ់ លើ​មិត្ត​រួម​ថ្នាក់​ម្នាក់។ ចង់​ដឹងនាង​ឈ្មោះ​អី​​អត់? នាង​​ឈ្មោះ ស.ម។

 

អ្ហើយ...និយាយ​រឿង​ស្នេហា ខ្ញុំ​អត់​សូវ​ចេះ​និយាយ​ទេ ដល់​ពេល​ជួប​មុខ​គេ ខ្ញុំ​បាន​ត្រឹម​តែ​ញញឹម​ប៉ុណ្ណោះ! ពេល​ខ្ញុំ​អត់​បាន​មក​រៀន ខ្ញុំ​ធ្វើ​ជា​ខ្ចី​សៀវភៅ​គេ​ទៅ​ចម្លង។ ហើយ​ពេល​គេ​អត់​មក​វិញ គេ​ក៏​ខ្ចី​ពី​ខ្ញុំ​ទៅ​ចម្លង​វិញ។ ពេល​គេ​ចម្លង​រួច អ្នក​ទាំង​អស់​គ្នា​ដឹង​ថា នាង​និយាយ​ថា​ម៉េច​អត់?

 

នាង​ថា​សៀវភៅ​ខ្ញុំ អត់​របៀប អក្សរ​អាក្រក់។ ហេសហេ ខ្ញុំ​​តប​ឌឺ​ថា ខ្ញុំ​សរសេរ​ទុក​មើល​ខ្លួន​ឯង​តើ! ឮ​អីចឹង​នាង​សើច​ទាំង​អៀន ចំណែក​ខ្ញុំ​សើច​ដែរ។ ហ៊ឺម...ចង់​ត្រឡប់​ទៅ​ពេល​នោះ​វិញ​ដល់​ហើយ អត់​គិត​អី​ច្រើន គិត​តែ​ពី​រៀន គិត​តែ​​សប្បាយ​ជា​ពិសេស​នោះ​លេង​បាល់​ទាត់ បាល់​ទះ​​តែ​ម្ដង។ ខ្ញុំ​សុំ​បើក​វង់ក្រចក​បន្តិច កាល​មាន​ស្នេហា​ហ្នឹង សូម្បី​តែ​ដើរ ក៏​ស្រមៃ​ឃើញ​គេ​ដែរ។ ម្ង៉ៃៗ​ចង់​តែ​ទៅ​រៀន ព្រោះ​បាន​ឃើញ​គេ បើ​អត់ការងារធ្វើ ​ជិះ​ម៉ូតូ​ទៅ​មើល​ដំបូល​ផ្ទះ​​គេលេង។

 

 

ខ្ញុំ​ស្រលាញ់​គេ​រហូត​ដល់​ថ្នាក់​ទី​១២ គេ​ក៏​ប្រាប់​ថា ស្រលាញ់​ខ្ញុំ​វិញ​ដែរ ប៉ុន្តែ​​យើង​មិន​ដែលនិយាយ​គ្នា​ឱ្យ​បាន​ស្និទ្ធស្នាល​សោះ ព្រោះ​អៀន​រៀង​ខ្លួន​។ គេ​ដើរ​ជាមួយ​ពួកម៉ាក​គេ ខ្ញុំ​ដើរ​ជាមួយ​ពួកម៉ាក​ខ្ញុំ​ឆ្កុយ​ទៅ។ មាន​រឿង​មួយ​ខ្ញុំ​មិន​ដែល ចោល​​ទេ​ឱ្យ​តែ​មាន​ពិធី​បុណ្យ​​សង្សារ ណូអែល​អី ខ្ញុំ​តែង​ជូន​កាដូ​​គេ។ កាដូ​របស់​ខ្ញុំ​ចុងក្រោយ គឺ​កូន​រូប​ថត​មួយ​សន្លឹករបស់​ខ្ញុំ​ ​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប​ចុង​ក្រោយ ហើយ​ក៏​ជា​ថ្ងៃ​ដែល​យើង​មិន​ដែល​បាន​ជួប​មុខ​គ្នា​ដែរ។

 

ខ្ញុំ​​សម្រេច​​ចិត្ត​សុំ​ពុក មក​រៀន​នៅអង្គការ​មួយ​នៅ​​ភ្នំពេញ។ ជីវិត​ខ្ញុំ​បាន​ជួប​ការ​លំបាកច្រើន។ ខ្ញុំ​ចូល​ធ្វើការ​ជា​អ្នក​រត់តុ តាំង​ពី​ឆ្នាំ​ទី​ ១ ព្រោះ​ពុក​ម៉ែ​មិន​សូវ​មាន​លុយ​កាក់​អី​ទេ ហើយ​រៀន​ពេល​យប់។ កាល​នោះ​ខ្លួន​មាន​សាច់ឈាម​របស់​ខ្ញុំ បាន​ប្រែ​ក្លាយ​ជា​រាងកាយ​ស្គមស្គាំង មុខ​បាក់​ដូច​អ្នក​ជក់​ម៉ា​អ៊ីចឹង។

 

ថ្ងៃ​មួយ​ខ្ញុំ​បាន​ឃើញ​នាង ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​ ទៅ​មើល​កុន ហើយ​បើ​តាម​ខ្ញុំ​ចាំ​គឺ​រោង​កុន​​លុច្ស។ ចំណែក​ខ្ញុំ​ មិន​ដែល​ស្គាល់​អី​ទេ រោងកុន ហេមប៊ឺហ្គឺ ស្គាល់​តែ​ផ្ទះជួល​គ្នា​មួយ​ហ្វូង និង​បាយ​ថង ជ្រក់​ត្រសក់ ជ្រក់មមាញ។ ខ្ញុំ​ឃើញ​ពួកគេ​ស្និទ្ធស្នាល​គ្នា​ណាស់។ ត្បិត​ខ្ញុំ​បែក​គេ​យូរ តែ​ខ្ញុំ​នៅ​តែ​ស្រលាញ់​គេ ចង់​ឃើញ​មុខ​គេ។ ខ្ញុំ​ចាប់​ផ្ដើម ខូចចិត្ត​​ហើយ​ប្រាប់​ខ្លួន​ឯង​ថា យើង​ត្រូវ​ជា​អី​ហ្នឹង​គេ ឈឺ​ចាប់​បាន​ប្រយោជន៍​អី។ អ្នក​ទាំង​អស់​គ្នា ប្រហែល​ជា​ឆ្ងល់​ហើយ​ថា បើ​បែក​គ្នា មិច​មិន​ខល​ទៅ​លេង​នាង? កាល​នោះ​ទូរសព្ទ N ចុចពិល​ក៏​​គ្មាន​ដែរ សូម្បី​ដាក់ CV ការងារគឺ​ដាក់​លេខ​មិត្តភ័ក្ដិ បាន​អី​ខលទៅគេ ចំណែក​ហ្វេសប៊ុក​ក៏​អត់​ទាន់​មាន​ដែរ។ ក្រោយ​មក គេ​បាន​រៀបការ​ចោល​ខ្ញុំ​ទៅ។ ខ្ញុំ​អត់​ចាំ​ថាឆ្នាំ​ណា​ទេ ប៉ុន្តែ​ដឹង​ថាពេល​នោះ​ ហ្វេសប៊ុក​កំពុង​ល្បី​បណ្ដើរៗ​ហើយ ខ្ញុំ​ចេះ​លេង​ និង​ចេះ​​ប្រើ​កុំព្យូទ័រ​ ម៉ែល​បន្តិចបន្តួច។

 

ក្រោយ​មក​ទៀត ខ្ញុំ​បាន​ជួប​នារី​​ខេត្ត​កណ្ដាល​ម្នាក់ ពេល​គេ​ទៅ​លេង​បងប្អូន​នៅ​ក្បែរ​ផ្ទះ​​ខ្ញុំ​នៅ​កំពង់​ចាម។ កាល​នោះ​ដូច​ជា​ខែ​ភ្លឺ ហើយ​ក៏​ជិត​ដល់​ចូលឆ្នាំ​ដែរ។ ពួក​យើង​បាន​កាន់​ដៃ​គ្នា លេង​កណ្ដុរ​ស៊ី​ខ្លាញ់។

 

ហើយ​ស្អែក​ឡើង យើង​បាន​នាំ​គ្នា​មួយ​ក្រុម ជិះម៉ូតូ​ទៅ​លេង​ទឹក​ឆា ញ៉ាំ​អី​ជុំ​គ្នា។ ពួក​យើង​សប្បាយ​ណាស់ ហើយ​ពី​ពេល​នោះ​មក យើង​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គ្នា និង​បាន​សុំ​លេខ​ទូរសព្ទ។ ខ្ញុំ​ខល​ទៅ​លេង​គេ​រាល់​យប់។ គ្នា​ខ្ញុំ​មួយ​ក្រុម​ក៏​បាន​ទៅ​លេង បងប្អូន​នៅ​ភូមិ​គេ​វិញ​ដែរ កាល​នោះ​ដូច​ជា​អុំទូក ហើយ​ជា​ពេល​មួយ​យើង​ទាំង​ពីរ​ដើរ​លេង​សប្បាយ​ជាមួយ​គ្នា​ជាថ្មី។ ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​ជាង​នារី​ទី​១​ទៅ​ទៀត រីឯ​គេ​ប្រាប់​ថា ក៏​ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់​ដែរ។

 

បើ​ទោះ​ជីវភាព​របស់​ខ្ញុំ​មិន​មាន ក៏​នាង​​ពេញ​ចិត្ត​ស្រលាញ់​ខ្ញុំ។ យើង​ដាក់​ចិត្ត​ស្វែង​យល់​ពី​គ្នា ហើយ​យើង​ទាំង​ពីរ​ក៏​ធ្លាប់​និយាយ​រឿង​រៀបការ។ ខ្ញុំ​រៀន​​ចប់​មាន​ការងារ​ធ្វើ​ជា​អ្នក​ប្រែ​សម្រួល​នៅ​ទស្សនាវដ្ដី​មួយ ប្រាក់​ខែ​ស៊ីមិនគ្រប់ ចំណែក​គេ​​​កំពុង​រៀន​ដេរ​ម៉ូដ​នៅ​ហាង​ធំ​មួយ​នៅ​ជិត​ផ្សារ​ដើមគរ។

 

ពេល​ចេញ​ពី​ធ្វើការ​ម៉ោង ៥ ល្ងាច ខ្ញុំ​បាន​ជិះ​ម៉ូតូ​ដឹក​គេ​ទៅ​ផ្ទះ​នៅ​ព្រែកព្នៅ​សឹង​តែ​រាល់​ថ្ងៃ ប៉ុន្តែ​ថ្ងៃ​មួយ​ខ្ញុំ​មាន​អារម្មណ៍​ថា អស់​ចិត្ត​ស្រលាញ់​គាត់។ សុំ​បញ្ជាក់​​បន្តិចថា យើង​ស្រលាញ់​គ្នា​ចិត្ត​នឹង​ចិត្ត ហើយ​ខ្ញុំ​ក៏​គ្មាន​អ្នក​ផ្សេង​ដែរ។ ខ្ញុំ​ខល​ទៅ​ប្រាប់​គេ​ថា «យើង​បែក​គ្នា​ទៅ» សំឡេង​យំ​​ខ្សាវៗ​ក៏​មាន​ឡើង។ ហេតុ​អី​ខ្ញុំ​ធ្វើ​ឱ្យ​មនុស្ស​ល្អ​ម្នាក់​យំ​ដោយសារ​ខ្ញុំ? នាង​និយាយ​​ថា «ប្រាប់​ហេតុផល​មក?» «ហ៊ឺម... ស្រលាញ់​បង​គ្មាន​អនាគត​ទេ"។

 

​នាង​បាន​រៀបរាប់​រឿងរ៉ាវ​ដែល​យើង​បាន​សាង​ជាច្រើន ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែកមិន​ដឹង​ខ្លួន។ តាម​ពិត​ទៅ​នាង​ជា​មនុស្ស​ស្រី​ដែល​ស្រលាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​សង្ឃឹម​ថា អនាគត​អាច​រក​បាន​នារី​ល្អ​ដូច​នាង​ដែរ។ វា​ជា​ការសម្រេច​ចិត្ត​ដ៏​ឈឺចាប់​មួយ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ ដើម្បី​អនាគត​របស់​នាង។

 

នាង​មាន​អ្នក​ចូល​ស្ដី​ដណ្ដឹង​ច្រើន​ណាស់ ហេតុ​តែ​ស្រលាញ់​ខ្ញុំ នាង​សុខចិត្ត​រង​ចាំ​ខ្ញុំ តែ​ទី​បំផុត​ខ្ញុំ​ជា​មនុស្ស​ចោលម្សៀត។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បន្ទោស​ខ្ញុំ​ហើយ ហេតុ​អី​​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​នាង​ហើយ បែរជា​ជាន់​ពន្លិច​ទៅ​​វិញ។ ខ្ញុំ​ដឹង​ថា​ខ្លួនឯង​ខុស ប៉ុន្តែ​​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា។

 

ទូរសព្ទ​របស់​នាង ខ្ញុំ​ខល​លែង​ចូល​រហូត។ ខ្ញុំ​ឧស្សាហ៍​ទៅ​លួច​មើលកន្លែង​នាង​រៀន តែ​ដូច​មិន​ដែល​ឃើញ​នាង​សោះ។ ខ្ញុំ​មិន​ដែល មាន​អារម្មណ៍​ឈឺចាប់​បែប​នេះ​ទេ ពី​មុន​មក។ ពី​មុន​ខ្ញុំ​ក្រ តែ​ពេល​នេះ​ខ្ញុំ​​ជីវភាព​ធូរធារហើយអាចជួយគ្រួសារបាន ក្រោយ​ពី​បាន​ការងារ​ល្អ ប្រាក់ខែ​សមរម្យ​នៅ​អង្គការ​មួយ។ ខ្ញុំ​នៅ​តែ​នឹក​ឃើញ​នាង ស្ដាយ​នាង ប៉ុន្តែ​អ្វី​ៗ​វា​ហួស​អស់​ហើយ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្តដែរ​ពេល​ឮ​ថា នាងបាន​​រៀបការ​ជាមួយ​បុរសធូធារ​ និង​មាន​បុត្រ​ម្នាក់​ទៅ​ហើយ​នោះ៕

 

 

ចុចអាន៖ ម្ដាយ​គាត់ សុំ​អោយ​ខ្ញុំ​ចាកចេញ​ដើម្បី​អនាគត​ប្អូនៗ

ចុចអាន៖ ស្នេហា​ធ្វើ​បាប​មនុស្ស​មែន! ​៥​ឆ្នាំ​លះ​បង់​ឲ្យ​​​គាត់ ​​បន្សល់​ឲ្យ​ខ្ញុំ​ត្រឹម​ «​អារម្មណ៍​​​ស្អប់​មនុស្ស​ប្រុស​​»

 

អត្ថបទ៖ តារា

អត្ថបទថ្មី