តេង លក្ខិណា ស៊ី​ថ្លៃ​ក្បែរ ១០០០០ដុល្លារ​អាមេរិក​ សម្រាប់​ស្ប៉ត​ពាណិជ្ជកម្ម​​ថៃ​មួយ

  • 2016-06-08 16:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា តេង លក្ខិណា ដែល​ជា​តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម M ថ្មីៗ​នេះ មាន​ព័ត៌មាន​ថា ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ឯកទេស​សម្រក​រាង​របស់​ប្រទេស​ថៃ​​មួយ ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​តែ​សម្រក​រាង ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​ពលកម្មក្បែរ​ៗ ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ប្អូន​ប្រុស​ទម្លាយ​ឲ្យ​ដឹង។

 

លោក​ តេង​ ឆេកូ​ ដែល​ជា​ប្អូន​ប្រុស​ហើយ​ ក៏​ជា​តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម M ដូច​គ្នា បាន​លើក​ឡើង​ថា "បើ​​តាម​ខ្ញុំ​ដឹង​តម្លៃ​ក្នុង​ការ​ថត​ស្ប៉ត​តែ​សម្រក​រាង​ហ្នឹង គឺ​​ជិត ១​ម៉ឺន ដុល្លារ​អាមេរិក ដោយ​បច្ចុប្បន្ន​បាន​ចាក់​ផ្សាយ​​រួច​ហើយ!"។

 

 

លោក​បន្ថែម​ថា​កាល ​ដែល​ក្រុមហ៊ុន​ថៃ​គេ​សម្រេច​យក​បង​ស្រី​របស់​ខ្លួន ​ដើម្បី​ដើរ​តួ​ក្នុង​ស្ប៉ត​នោះ ​ដោយ​សារ​គេ​ចាប់​អារម្មណ៍​លើ​ទម្រង់​មុខ​បែប​កូនកាត់​​ខ្មែរ​-កូរ៉េ​ និង​ចំណុច​ចម្បង​នោះ​ គឺ​រាង​របស់នាង​តែ​ម្ដង។ លោក​បន្ត​ថា ដង​ខ្លួន​បង​ស្រី ​សក្ដិសម​ជាមួយ​នឹង​ផលិតផល​តែ​​សម្រក​រាង​មួយ​នោះ​តែ​ម្ដង ​ក្រៅ​ពី​នេះ​ទៀត​​ សមត្ថភាព​គឺ​ជា​កត្តា​ចាំ​បាច់​មួយ​​ដែរ​​សម្រាប់​​ការ​​ថត​​នេះ។ ហើយស្ប៉ត​ពាណិជ្ជកម្ម​មួយ​នេះ​ គឺ​​បាន​ទៅ​ថត​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្ដង។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ សាមី​ខ្លួន តេង លក្ខិណា មិន​ភ្ជាប់​ទំនាក់​ទំនង​បាន​ទេ​នៅ​ព្រឹក​នេះ​៕

 

អត្ថបទ៖ SAMEDY រូបភាព៖ ហ្វេសប៊ុក តេង លក្ខិណា​​​​​​​​​​​​