ឱកាស​ស្វែង​យល់​អាជីវកម្ម​កម្ពុជា​ក្នុង​ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ ២០១៦

  • 2016-06-21 18:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI Cambodia) បាន​ប្រកាស​អនុវត្ត​គម្រោង​មួយ​ថ្មី​ទៀត គឺ «ពិព័រណ៍​​ធុរៈកិច្ច​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៦»​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​នាំ​មក​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​និង​ក្រៅ​ស្រុក តាម​រយៈ​បណ្តាញ​សមាគម​សភា​យុវ​ពាណិជ្ជកម្ម​អន្តរជាតិ។

 

 

ថ្លែង​ក្នុង​សន្នីសីទ​សារព័ត៌មាន​លើក​ទី១​កាល​ពី​ម្សិល​មិញ លោក សុត សុធារៈ ប្រធាន​គ្រប់​គ្រង​គម្រោង​ពិព័រណ៍​ធុរៈកិច្ច​ឆ្នាំ​២០១៦ នេះ ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​នៃ​ការ​រៀបចំ​ពិព័រណ៍​នេះ គឺ​ដើម្បី​ចូលរួមលើក​កម្ពស់​សេដ្ឋកិច្ច ក៏​ដូច​ជា​វិស័យ​ធុរៈកិច្ច​នៅ​កម្ពុជា​ តាមរយៈ​ការ​បង្កើត​ឱកាស​ផ្សព្វ​ផ្សាយ​ម៉ាក​យីហោ និង​ផលិត​ផល​សេវាកម្ម​របស់អាជីវកម្ម​ បង្កើន​ឱកាស​​​ជួបគ្នា​រវាង​ម្ចាស់​អាជីវកម្ម និង​អ្នក​វិនិយោគ រួម​ទាំង​បង្កើត​ឱកាស​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​អាជីវកម្ម​ក្រៅ​ស្រុក។

 

 

ពិព័រណ៍​ធុរៈ​ដែល​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ខាង​មុខ​នេះ នឹង​ផ្តោត​ទៅ​លើ​វិស័យ​ធំៗ​ចំនួន​៣ គឺ​វិស័យ​អចលន​ទ្រព្យ វិស័យ​ភេសជ្ជៈ​-ចំណី​អាហារ និង​វិស័យ​ផលិតផល​សរីរាង្គ។ រីឯ​កម្មវិធី​វិញ​បែង​ចែក​ជា​២ គឺ ពិព័រណ៍​ដែល​មាន​ស្តង់​ពាណិជ្ជកម្ម​ចំនួន​៥០ និង​សិក្ខាសាលា​ស្តីពី ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ​ទាំង​បី​ខាង​លើ ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​ពិព័រណ៍​ធុរៈកិច្ច​អន្តរជាតិ​នឹង​រួម​បញ្ចូល​ការ​ចែក​រំលែក បទ​ពិសោធ​របស់​សហគ្រិន​ជោគជ័យ​ផង​ដែរ។

 

នេះ​ជា​ឱកាស​សម្រាប់​អ្នក​ដែល​មាន​បំណង​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក រួម​ទាំង​អ្នក ដែល​ចង់​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​អាជីវកម្ម​។ នៅ​ចាំ​អី​ទៀត ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្ត​ការណ៍​ពិព័រណ៍​ធុរៈ​កិច្ច​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៦​នេះ។

 

សំបុត្រ​នៃ​ការ​ចូល​រួម​ក្នុង​សិក្ខា​សាលា និង​ស្តង់​ពាណិជ្ជកម្ម ចាប់​ផ្តើម​បើក​លក់​ចាប់​ពីថ្ងៃ​នេះ​ត​ទៅ ។​​ សម្រាប់​ព័ត៌មាន​លម្អិត​នៃពិព័រណ៍​នេះ សូម​ទាក់​ទង​លេខ​ទូរសព្ទ ០១៧ ៥៩ ៤៦ ១៩ ឬ ០១៥ ៧១ ៧២ ៥៣ ឬ​តាម​រយៈ​អ៊ីម៉ែល sothearak2510@gmail.com/jci.phnompenh@gmail.com

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ

អត្ថបទថ្មី