ទូរទស្សន៍ក្នុងស្រុកត្រៀមបញ្ចាំងកុនភាគថៃឡើងវិញ?
- 2014-09-18 22:52:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរទស្សន៍ក្នុងស្រុកត្រៀមបញ្ចាំងកុនភាគថៃឡើងវិញ?
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន បានបង្ហាញចេញនូវការបត់បែនថ្មីរបស់ខ្លួន ក្នុងការដាក់បញ្ចាំងរឿងភាគថៃឡើងវិញក្នុងពេលឆាប់ៗនេះ។
ការត្រៀមដាក់បញ្ចាំងល្ខោនទូរទស្សន៍ ថៃដែលគេនិយមហៅថាកុនភាគនោះ ធ្វើឡើងបន្ទាប់ពីកម្ពុជានេះបានបោះបង់ចោលការចាក់ផ្សាយជាង១០ឆ្នាំមកហើយ ។
អានអត្ថបទ៖ មួយឃ្លាពីតារាថៃ គ្រប់គ្រាន់សម្រាប់អ្នកគាំទ្រខ្មែរ
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តក្នុងពិធីព្រឹកមិញ
ថ្លែងក្នុងសន្និសីទកាសែត ពិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករ ថៃ-កម្ពុជា ក្នុងការផ្សព្វផ្សាយភាពយន្តថៃឆ្នាំ២០១៤ ព្រឹកមិញនៅសណ្ឋាគារ Sofitel លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយថា៖"ខ្ញុំមិនបញ្ចេញឈ្មោះថាមានទូរទស្សន៍ប៉ុន្មានទេនឹងត្រូវចាក់ផ្សាយរឿងភាគថៃ តែអាចមានទូរទស្សន៍ក្នុងស្រុកធំៗ២ទៅ៣ថែមទៀតលើទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ដែលកំពុងចាក់ផ្សាយស្រាប់"។
បើទោះជាប្រធាននាយកដ្ឋានភាពយន្តរូបនេះ មិនបង្ហើបឱ្យដឹងច្បាស់ប៉ុន្តែទំនងជាមានស្ថានីយទូរទស្សន៍ក្នុងស្រុកធំៗ ដូចជា CTN, MYTV, TV3, ETV ជាដើម នឹងធ្វើការចាក់បញ្ចាំង ព្រោះស្ថានីយទូរទស្សន៍ទាំងបានផ្សព្វផ្សាយពីរឿងភាគថៃលើកញ្ចក់ទូរទស្សន៍របស់ខ្លួនបណ្តើរៗហើយ។
មិនត្រឹមតែរឿងភាគដែលដាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ប៉ុណ្ណោះទេលោក ស៊ិន ចន្ទសាយ៉ា អះអាងថាខ្សែភាពយន្តដុំរបស់ប្រទេសខាងលើដែលគ្រោងដាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានាក៏មានការកើនឡើងផងដែរ។
យ៉ាងណាក៏ដោយលោកមិនបង្ហើបឱ្យដឹងពីចំនួនជាក់លាក់ប៉ុន្មានក្នុងមួយឆ្នាំសម្រាប់ទីផ្សារភាពយន្តថៃ ទាំងរឿងដុំ និងរឿងភាគនោះទេ ដោយអាស្រ័យទៅលើតម្រូវការទីផ្សារជាក់ស្ដែង។
ជុំវិញការដាក់បញ្ចាំងខ្សែភាពយន្តថៃតាមស្ថានីយទូរទស្សន៍ក្នុងស្រុកជាថ្មី លោកស្រី Jiranun Wongmongkol ទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ និយាយថា៖" ១០ឆ្នាំហើយដែលខ្សែភាពយន្តយើងអាក់ខានការចាក់ផ្សាយនៅកម្ពុជា។ ការចាក់ផ្សាយឡើងវិញនេះយើងសង្ឃឹមថានឹងអាចទទួលបានភាពប្រសើរឡើងវិញ"។
អានអត្ថបទ៖ ស្នាមញញឹមតារាល្បីៗ ក្នុងថ្ងៃបើកសម្ពោធ ETV ល្ងាចមិញ
សម្រាប់ពេលបច្ចុប្បន្នមានតែស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៥ មួយប៉ុណ្ណោះដែលកំពុងដាក់បញ្ចាំងខ្សែភាពយន្តថៃ។ ចំនួននេះនឹងអាចកើនឡើងទ្វេរដងនាពេលឆាប់ៗបន្ទាប់ពីស្ថានីយទូរទស្សន៍ក្នុងស្រុកធំៗត្រៀមដាក់បញ្ចាំងខ្សែភាពយន្តប្រទេសនេះ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣កន្លងទៅ ភាពយន្តថៃទាំងភាគ និងដុំ ត្រូវបានបិទចោលការផ្សាយទាំងស្រុងនៅកម្ពុជា បន្ទាប់ពីមានកុបកម្មមួយប្រឆាំងនឹងថៃ លើករណីតារាសម្ដែងនិងតារាចម្រៀងថៃ ដ៏ល្បីម្នាក់ឈ្មោះនាង កុប ស៊ុបវ៉ាណាន់ ឃុនយីង ហៅ ផ្កាយព្រឹក ដែលនិយាយបំពានថាប្រាសាទអង្គរវត្ត ជាកម្មសិទ្ធិរបស់ថៃ។
កាលនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ចំៗចំពោះតារាថៃរូបនោះថា "ជីវិតតារាភាពយន្តរូបនោះ មិនស្មើនឹងស្មៅមួយគុម្ពនៅជិតប្រាង្គប្រាសាទអង្គរវត្តផង"៕
អត្ថបទ៖ អ៊ីង សុឡា