ម៉ូដ "ខោល style" ពីបណ្ឌិតច្នៃម៉ូដ ឯម រាម
- 2016-07-11 14:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដ "ខោល style" ពីបណ្ឌិតច្នៃម៉ូដ ឯម រាម
ចន្លោះមិនឃើញ
សំលៀកបំពាក់របស់ម៉ូដែលខាងក្រោមនេះ គឺជាស្នាដៃច្នៃម៉ូដរបស់បណ្ឌិតច្នៃម៉ូដ ឯម រាម ដោយលោកបានដាក់ឈ្មោះថា "ខោល style” សម្រាប់ត្រៀមដើរម៉ូដគម្រប់ខួប២ឆ្នាំរបស់ផ្សារទំនើប AEON នៅថ្ងៃទី២៣និង ២៤ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ។
លោក ឯម រាម បានពន្យល់ថា បានជាឲ្យប្រុសៗស្លៀកសំពត់នឹងពាក់មកុដ គីចង់អោយមានលំនាំតាមរបៀបបូរាណល្ខោនខោល ត្បិតអីអ្នកសម្ដែងសុទ្ធតែបុរស។ បណ្ឌិតច្នៃម៉ូដ រូបនេះលើកឡើងថា បុរសស្លៀកសំពត់ គឺមានជាយូរលង់ណាស់មកហើយ ប៉ុន្តែមនុស្សមួយចំនួនគិតមិនដល់។ ចំពោះការពាក់មកុដវិញ ប្រៀបបានទៅនឹងអ្នកមានអំណាច មានបុណ្យស័ក្ដិខ្ពង់ខ្ពស់ មានរិទ្ធីបារមីអ្វីមួយមកការពារ។
លោកថា មហាក្សត្រសម័យដើម តែងស្លៀកសំពត់ និងពាក់មកុដ ពេលមានកម្មវិធីធំៗ។ លោក ឯម រាម បានបញ្ជាក់ថា សម្រាប់សំពត់ដែលមានសណ្ឋានវែងដូចបានឃើញក្នុងរូបនេះ គឺលោកចង់បង្កើតអ្វីមួយអោយទាន់សម័យកាលបច្ចុប្បន្ន តែមកុដលោកនៅតែរក្សាទ្រង់ទ្រាយដូចដើម គ្រាន់ប្ដូរពណ៌ប៉ុណ្ណោះ ។
បណ្ឌិតច្នៃម៉ូដរូបនេះ បានបន្ថែមថា ជាទូទៅការរចនាម៉ូដរបស់លោក គឺតែងតែគិតពីវប្បធម៌ បរិស្ថានជានិច្ច។ សរុបទៅអ្វីៗ ដែលលោកធ្វើកន្លងមក គឺចង់អភិវឌ្ឍន៍ផ្នែករចនានៅកម្ពុជា ដើរឲ្យទាន់ឆាកអន្តរជាតិ។ ទស្សនិកជនចង់ទស្សនាម៉ូដទាំងនេះ អាចទៅទស្សនាដោយសេរី នៅទំនើប AEON នៅថ្ងៃទី ២៣ និង ២៤ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ៕