ស្វែង​យល់​ខ្លះ​ៗ ពី​ការ​ស្នើ​សុំ​ច្បាប់​ថត និង​ចរាចរណ៍​ភាពយន្ត-វីដេអូ នៅ​កម្ពុជា

  • 2016-07-28 15:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​នីតិវិធី​ដែល​មាន​ក្នុង​សៀវភៅ "សម្រង់​ឯកសារ​ពាក់​ព័ន្ធ​ការងារ​គ្រប់គ្រង ត្រួត​ពិនិត្យ​សិល្បៈ​ភាពយន្ត វីដេអូ" របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បញ្ចេញ​ដោយ​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត រាល់​ក្រុមហ៊ុន​ផលិតកម្ម ឬ​រូបវន្ត​បុគ្គល ដែល​មាន​បំណង​ធ្វើ​ផលិតកម្ម​ភាពយន្ត ឬ​ផលិតកម្ម​វីដេអូ​ដើម្បី​អាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គឺ​ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រោយ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​រួច។

 

 

ឈុត​មួយ​នៃ​រឿង "គ្រាប់​ពេជ្រ" (រូប​តំណាង​ភាពយន្តខ្មែរ​)

 

មុន​ឈាន​ដល់​ការ​អធិប្បាយ​ពី​ការ​ស្នើ​សុំ និង​ការ​ត្រួត​ពិនិត្យ​លើ​សំណុំ​ឯកសារ​ស្នើ​សុំ​ថត​ភាពយន្ត ខារ៉ាអូខេ​ណា​មួយ លោក ស៊ិន ចន្ទសាយ៉ា បាន​ពន្យល់​ពី​អ្វី​ទៅ​ដែល​ហៅ​ថា "ភាពយន្ត" ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ដែន​សមត្ថកិច្ច​របស់​នាយកដ្ឋាន​លោក ក៏​ដូច​ជា​ក្រសួង​វប្បធម៌។

 

តាម​ប្រធាន​នាយកដ្ឋាន​ខាង​លើ "ភាពយន្ត" គឺ​សំដៅ​ដល់​សំណុំ​ឯកសារ​ដែល​មាន​ទាំង​សំឡេង និង​រូបភាព ដែល​អាច​រក្សា​ទុក​ក្នុង​ឧបករណ៍​ផ្ទុក​ណា​មួយ​ដូច​ជា ហ្វីល Memory ឬ Hard Disk ជា​ដើម ដែល​អាច​យក​ទៅ​ប្រើ​សម្រាប់​ចាក់​បញ្ចេញ​រូបភាព និង​សំឡេង​បាន។ ដោយ​ឡែក​ចម្រៀង​ដែល​មាន​តែ​សំឡេង មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​នាយកដ្ឋាន​ភាព​យន្ត និង​ក្រសួង​ទេ។

 

ស៊ិន ចន្ទសាយ៉ា បន្ថែម​ថា ដោយ​ឡែក​វីដេអូ​ចម្រៀង និង​ខារ៉ាអូខេ ដែល​មាន​សំឡេង និង​រូបភាព​ រាប់​រាប់​ជា​ផ្នែក​នៃ​សិល្បៈ​ទី​៧​ដែរ។ ដូច្នេះ​រាល់​ការ​ថត និង​ចរាចរណ៍​លើ​ទីផ្សារ តម្រូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​ពី​ក្រសួង។ "ពេល​ពួក​គាត់​ត្រៀម​ចេញ​ផលិត​ជា​ភាពយន្ត វីដេអូ​ចម្រៀង​ដែល​យើង​ហៅ​ថា MV ហ្នឹង រួម​ជាមួយ​ខារ៉ាអូខេ​ផង ត្រូវ​ដាក់​ពាក្យ​សុំ​មក​ក្រសួង​ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ Script រូបភាព​មក​ផង លុះ​ពេល​គាត់​ថត​ចប់​ហើយ គ្រោង​ចេញ​ផ្សាយ ត្រូវ​សុំ​ដាក់​ពាក្យ​សុំ​មក​ក្រសួង​ម្ដង​ទៀត"។

 

 

ទោះ​ជា​ច្បាប់​តម្រូវ​ដូច្នេះ​ក្ដី ប៉ុន្តែ​ជាក់​ស្ដែង​លោក សាយ៉ា បញ្ជាក់​ថា នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​លើ​ការ​អនុវត្ត ដោយ​ផលិតកម្ម​ខ្លះ ឬ​បុគ្គល​ខ្លះ បាន​ថត​ចេញ​ជា​លទ្ធផល​សម្រេច​ហើយ ទើប​មក​ធ្វើ​ការ​ស្នើ​សុំ​ពី​ក្រសួង។ "ជួន​កាល​ទៀត អា​សំណុំ​ឯកសារ​ដែល​គាត់​ស្នើ​សុំ​ពី​ដំបូង​ផ្សេង ដល់​ថត​រួច​ផ្សេង ខុស​ពី​គ្នា​ក៏​មាន និយាយ​ទៅ​នៅ​មាន​រឿង​ច្រើន"។ ស៊ិន ចន្ទសាយ៉ា បន្ថែម

 

បន្ត​មក​ដំណើរ​ការ​ស្នើ​សុំ​ថត វិញ បន្ទាប់​ពី​ទទួល​បាន​ការ​ស្នើ​សុំ នាយកដ្ឋាន​ភាពយន្ត ក៏​ដូច​ជា​ក្រសួង នឹង​ធ្វើ​ការ​វិភាគ​ពិចារណា​ទៅ​លើ​ចំណុច​មួយ​ចំនួន​ពី​ផលិត​ផល​ភាពយន្ត​នានា មាន​ដូច​ជា រូបភាព​ហិង្សា សិចស៊ី អាក្រាត សុខដុមភាព​នៃ​សង្គម និង​រូបភាព​តក់​ស្លុត​ជា​ដើម។ វិភាគ​លើ​ចំណុច​ទាំង​នេះ ស្នាដៃ​នានា នឹង​ត្រូវ​ចាត់​ចំណាត់​ថ្នាក់​ទៀត មុន​ពេល​អនុញ្ញាត​ឲ្យ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន។

 

តាម​លោក សាយ៉ា ក្រសួង​នឹង​ផ្ដល់​ចំណាត់​ថ្នាក់​ភាពយន្ត​ដែល​បាន​សុំ​ការ​អនុញ្ញាត ទៅ​តាម​ខ្លឹមសារ និង​រូបភាព​មាន​ក្នុង​ភាពយន្ត​នីមួយ​ៗដូច​ខាង​ក្រោម ៖

 

១៖ អនុញ្ញាត​អោយ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​មើល​ទូទៅ៖ ភាពយន្ត​ដែល​ទទួល​បាន​ចំណាត់​នេះ គឺ​រូបភាព​ហិង្សា សិចស៊ី អាក្រាត​ជា​ដើម គឺ​មាន​តិច​តួច និង​មាន​កម្រិត​សម​ស្រប។ ២៖អនុញ្ញាត​អោយ​ផ្សព្វផ្សាយ​សម្រាប់​តែ​អ្នក​មើល​មាន​អាយុ ១៥ ឡើង​ទៅ៖ ធាតុ​ផ្សំ​ទាំង​អស់​ក្នុង​ភាពយន្ត​មិន​មាន​សម្រាប់​អ្នក​មើល​មាន​អាយុ​១៤​ឆ្នាំ​ចុះ។ ៣៖អនុញ្ញាត​សម្រាប់​អ្នក​មាន​អាយុ ១៨​ឆ្នាំ​ឡើង៖ ភាពយន្ត​ប្រភេទ​នេះ គឺ​អាច​មាន​ភាព​សិចស៊ី ឬ​អាក្រាត សម​នឹង​អាយុ​អ្នក​ទស្សនា។ ៤៖ គឺ​មិន​អនុញ្ញាត​តែ​ម្ដង តែ​ករណី​នេះ មិន​សូវ​មាន​ទេ។

 

លោក ស៊ិន ចន្ទសាយ៉ា បញ្ជាក់​បន្ថែម​ថា ផលិតករ ភាគ​ច្រើន​ចង់​បាន​ចំណាត់​ថ្នាក់​ខ្ពស់(ចំណាត់​ថ្នាក់​ទី​១) ដូច្នេះ​ត្រូវ​ផលិត​តម្រូវ​តាម​ចំណាត់​ខាង​លើ។ "ភាគ​ច្រើន គាត់​ចង់​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ដែល​ចំហ​សម្រាប់​មនុស្ស​ទូទៅ ដូច្នេះ​ត្រូវ​តែ​កុំ​មាន​ភាព​សិចស៊ី​ខ្លាំង មិន​អីចឹង គឺ​យើង​អាច​ឲ្យ​ត្រឹម​សម្រាប់​អ្នក​មើល​អាយុ ១៨​ឆ្នាំ​ឡើង តែ​បើ​គាត់​កាត់​ចោល អីចឹង​យើង​អាច​ឲ្យ​ខ្ពស់​ជាង​នេះ គឺ​ពី ១៥​ឆ្នាំ​ឡើង​អីចឹង​ទៅ។ តែ​នៅ​មាន​ករណី​ខ្លះ​ទៀត ពេល​បង្ហាញ​យើង គាត់​កាត់​ឈុត​ហ្នឹង​ចេញ តែ​ដល់​ពេល​បញ្ចាំង គាត់​យក​អា​ឯកសារ​អត់​កាត់ ទៅ​បញ្ចាំង​ដដែល វា​ពិបាក​ចឹង!”។

 

ឈុត​មួយ​នៃ​រឿង "គ្រាប់​ពេជ្រ" (រូប​តំណាង​ភាពយន្តខ្មែរ​)

 

យោង​តាម​ប្រកាស​លេខ ១៦៦ប្រ.ក ស្ដី​ពី "ការ​ធ្វើ​ចំណាត់​ថ្នាក់ និង​ការ​ផ្ដល់​ទិដ្ឋាការ​ភាពយន្ត និង​វីដេអូ" របស់​ក្រសួង​វប្បធម៌ នៅ​បាន​អធិប្បាយ​ថែម​ទៀត​ពី​ចំណាត់​ថ្នាក់​ភាពយន្ត​ខាង​លើ៖

 

១.រាល់​ស្នាដៃ​ភាពយន្ត និង​វីដេអូ​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​ទី​២(សម្រាប់​អ្នក​មាន​អាយុ ១៥ឆ្នាំ​ឡើង) ករណី​យក​ទៅ​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍ ឬ​ទូរទស្សន៍​ខ្សែ​កាប ​ធ្វើ​អាជីវកម្ម​បញ្ចាំង​ចល័ត ព្រម​ទាំង​ការ​​ផ្សព្វផ្សាយ​តាម​ទូរ​ផ្សព្វផ្សាយ​សាធារណៈ​ដទៃ​ទៀត គឺ​អាច​ចាក់​បញ្ចាំង​បាន​នៅ​ចន្លោះ​ម៉ោង ១០:០០​យប់​ទៅ​ម៉ោង ០៦:០០​ព្រឹក។ ក្នុង​ករណី​ផ្សព្វផ្សាយ​ជា​លក្ខណៈ​អាជីវកម្ម​ជួល ឬ​លក់ ត្រូវ​អនុវត្តន៍​ឲ្យ​បាន​សម​ស្រប​តាម​ការ​កំណត់ គឺ​ជួល លក់ ឲ្យ​តែ​អតិថិជន​មាន​អាយុ​ចាប់​ពី ១៥ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។

 

២.រាល់​ស្នាដៃ​ភាពយន្ត និង​វីដេអូ​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​ទី៣ គឺ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​បញ្ចាំង​តែ​ក្នុង​រោងភាពយន្ត​ប៉ុណ្ណោះ។

៣.ស្នាដៃ​ភាពយន្ត និង​វីដេអូ សម្រាប់​ធ្វើ​ការ​ចាក់​បញ្ចាំង​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ ឬ​ដាក់​តាំង​លក់ ជួល ចាំ​បាច់​ត្រូវ​ដាក់​បង្ហាញ​សញ្ញា​សម្គាល់​ដូច​មាន​ក្នុង​ចំណាត់​ថ្នាក់​ទាំង​៣ នៅ​លើ​ផ្ទៃ​រឿង ប័ណ្ណ​ឃោសនា និង​ប្រអប់​វេច​ខ្ចប់​សម្ភារៈ​ផ្ទុក​ស្នាដៃ​ភាពយន្ត និង​វីដេអូ​នោះ។ ចំណុច​ចុងក្រោយ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​ប្រកាស​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

 

អត្ថបទ៖ ទារិកា