Van Gaal ​ប្រាប់​ពី​មូលហេតុ​លក់​ Welbeck ​ខ្ចី​ Falcao​

  • 2014-09-13 15:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់​ការ​ក្លិប​បិសាច​ក្រហម​លោក​ Louis van Gaal បាន​បញ្ជាក់​ពី​ហេតុផល​ដែល​លោក​លក់​កីឡាករ​ Danny Welbeck ​ឱ្យ​ក្លិប​ Arsenal ​គឺ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ទម្រង់​លេង​មិនដល់​កីឡាករ​ Wayne Rooney ​និង​ Robin van Persie។

 

ការ ​លក់​​កីឡាករ​បណ្ដុះ​ចេញ​ពី​យុវជន​ថ្នាល​ Welbeck ​​ទៅ​ឱ្យ​ក្លិប​កាំភ្លើង​ធំ​ Arsenal ​ដែល​ជា​គូ​ប្រជែង​នៅ Premier League ក្នុង​តម្លៃ​១៦​លាន​ផោន​(២៦​លាន​ដុល្លារ​អាមេរិក) ​បណ្ដាល​ឱ្យ​មាន​ការ​រិះគន់​និង​ចោទ​ជា​សំណួរ​មួយ​ចំនួន​ចំពោះ​អ្វី​ដែល​លោក ​ Van Gaal ​កំពុង​ធ្វើ។​

 

នៅ ​ក្នុង​សន្និសីទកាសែត​បង្ហាញ​ខ្លួន​សមាជិក​ថ្មី​ចុង​ក្រោយ​គេ​ពីរ​រូប​​ជា ​ផ្លូវការ​គឺ​ Radamel Falcao និង Daley Blind ​លោក​ Van Gaal ​បាន​​ពន្យល់​ថា៖ “យើង​បាន​និយាយ​គ្នា​ជាមួយ​ Welbeck ​និង​ Chicharito ​មុន​ពេល​យើង​មាន​ឱកាស​ទទួល​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​ Radamel Falcao។ ​ខ្ញុំ​បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​គ្រប់​គ្នា​​ដើម្បី​បង្ហាញ​សមត្ថភាព​របស់ ​ពួកគេ​ឱ្យ​ខ្ញុំ​មើល តាំង​ពី Pre-season ​រហូត​ដល់​រដូវ​កាល​ចាប់​ផ្ដើម។ Danny Welbeck ​នៅ​ Man Utd ​តាំង​ពី​អាយុ​៩​ឆ្នាំ។ គាត់​បាន​លេង​នៅ​ទីនេះ​៣​រដូវ​កាល​ បន្ទាប់​ពី​​ត្រូវ​ក្លិប​ Sunderland ​ខ្ចី​ជើង ​ប៉ុន្តែ​គាត់​អត់​មាន​កំណត់ត្រា​ល្អ​ដូច Van Persie ឬ Rooney ដែល​ជា​កម្រិត​ស្តង់ដារ​យើង​ចង់​បាន​នោះ​ទេ។ ​អីចឹង​ហើយ​ទើប​​យើង​សម្រេច​ឱ្យ​គាត់​ចាកចេញ​ ​ដើម្បី​​យក​ Falcao ​ដែល​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​ម្នាក់​លើ​លោក​មក​ Old Trafford ព្រោះ​មិន​ងាយ​មាន​ឱកាស​យក​បាន​កីឡាករ​ឆ្នើម​បែប​នេះ​ទេ”។

 

អ្នកចាត់ការ ​ដែល​ឈ្នះ​ពាន​នៅ Ajax, Barcelona, AZ Alkmaar, Bayern Munich ​និង​នាំ​ហុល្លង់​ជាប់​លេខ​៣​នៅ FIFA World Cup 2014 ​បន្ថែម​ថា​៖ “យើង​បាន​ទិញ​កីឡាករ​៥​នាក់​និង​ខ្ចី​ជើង​ម្នាក់ ​នោះ​គឺ Falcao។ ​យើង​ប្រហែល​ជា​អាច​ទិញ​គាត់​ផ្ដាច់​នៅ​រដូវ​កាល​ក្រោយ។ យើង​ក៏​ត្រូវ​បណ្ដុះ​យុវជន​ដែរ ​នេះ​ហើយ​ជា​គោលការណ៍​របស់​ Manchester United។ យើង​បាន​ឱ្យ​កីឡាករ​១៤​នាក់​ចាកចេញ ហើយ​នាំ​ចូល​វិញ​៦​នាក់។ ​បើ​អ្នក​មិន​ឱ្យ​កីឡាករ​ផ្លាស់​ចេញ​ទៅ​ក្លិប​ដទៃ​ទេ ​នោះ​អ្នក​នឹង​មិន​មាន​សល់​ឱកាស​សម្រាប់​ផ្ដល់​ឱ្យ​យុវជន​បង្ហាញ​សមត្ថភាព​ ឡើយ។ ​យើង​បាន​ផ្ដល់​ឱកាស​ដល់​យុវជន​រួច​មក​ហើយ ​ហើយ​​យើង​តែងតែ​មាន​កីឡាករ​យុវជន​ថ្នាល​នៅ​ក្នុង​ឈុត​ធំ​របស់​ក្លិប។ នេះ​ជា​គោលការណ៍​របស់​ក្លិប។ ​ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា​តើ​​ពួក​គេ​មាន​សមត្ថភាព​ចាប់​យក​ឱកាស​ទាំង​ នេះ​ដែរ​ឬ​អត់? ខ្ញុំ​មិន​អាច​យក​ឱកាស​នេះ​ទៅ​ឱ្យ​ពួក​គេ​បាន​ទេ គឺ​ពួក​គេ​ត្រូវ​ប្រឹងប្រែង​ចាប់​យក​វា​ដោយ​ខ្លួន​ឯង ​ហើយ​កីឡាករ​ក្មេង​ៗ​ទាំង​អស់​ក៏​ត្រូវ​តែ​ដឹង​ពី​រឿង​នេះ​ដែរ។ ​ខ្ញុំ​ជឿ​ថា​ Manchester United ​ជ្រើស​យក​ខ្ញុំ​គឺ​ដោយសារ​មូលហេតុ​នេះ​ហើយ”។​

 

 

ខ្សែ ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​២៣​ Welbeck លេង​ឱ្យ​ឈុត​ធំ​របស់​ក្រុម​បិសាច​ក្រហម​៥២​ប្រកួត​ស៊ុត​ចូល​តែ​១០​គ្រាប់​ ប៉ុណ្ណោះ ខណៈ​៥៦​ប្រកួត​ចុង​ក្រោយ​របស់ Rooney ស៊ុត​ចូល​២៩​គ្រាប់ ហើយ​៥៩​ប្រកួត​របស់ Van Persie ​ស៊ុត​ចូល​៣៨​គ្រាប់៕

 

ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ​ ប្រភព​៖ manutd​

អត្ថបទពេញនិយម