អ្នក IT ប្រឹង​ខ្លាំង​ដល់​ដាច់​យប់ ​រហូត​មិន​សូវ​បាន​ដេក​ពួន

  • 2016-08-16 14:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​រឿង​អ្នក​ជំនាញ​ខាង IT នេះ នរណា​ក៏​ដឹង​ដែរ ថា​ជា​មនុស្ស​អត់ធ្មត់​និង​តែងតែ​នៅ​មុខ​កុំព្យូទ័រ​សឹង​រាល់​ពេល។ រំលង​អាធ្រាត្រ​ជា​​វេលា​លង់លក់​សម្រាប់​រាល់​គ្នា តែ​សម្រាប់​អ្នក IT ជា​ពេល​កំពុង​បំពេញ​ការងារ​យ៉ាង​សស្រាក់សស្រាំ​ទៅ​វិញ។

 

 

លោក អៀ អ៊ុយ អ្នក​ជំនាញ​ផ្នែក​បង្កើត​ហ្គេម​និង​បច្ចុប្បន្ន​ជា​ម្ចាស់​ក្រុមហ៊ុន​បង្កើត​ហ្គេម Sabay Osja ឲ្យ​ដឹង​ថា ការ​ងារ​បង្កើត​ហ្គេម​របស់​លោក ពេល​ខ្លះ​ត្រូវ​នៅ​​រហូត​ដល់​ដាច់​យប់​ក៏​មាន។ ចំពោះ​ការ​ស្រាវជ្រាវ​ហ្គេម​ថ្មីៗ អ្នក​ផលិត​ហ្គេម Asva the Monkey រូប​នេះ​ថា លោក​ត្រូវ​នៅ​ដល់​យប់​ជ្រៅ​សឹង​មិន​សូវ​បាន​សម្រាក។ ការ​ផលិត​ហ្គេម​ថ្មីៗ​ត្រូវ​ការ​ពេល​វេលា​​សិក្សា ដើម្បី​ដឹង​ពី​ដំណើរការ​របស់​វា ទើប​ផលិត​មក​ជោគជ័យ​និង​រលូន​ល្អ។

 

ដោយ​ឡែក​​​លោក ហាន ហ៊ាង ដែល​ជា​គ្រូ​បង្រៀន​និង​ជា​អ្នក​ជំនាញ​ផ្នែក IT នៅ​ក្រុមហ៊ុន​ឯកជន​មួយ ឲ្យ​ដឹង​ថា កាល​នៅ​រៀន​មហាវិទ្យាល័យ លោក​ច្រើន​តែ​សម្រាក​នៅ​ពេល​ព្រឹក។ ហាន ហ៊ាង ថា​កាល​នោះ មួយ​យប់ៗ ត្រូវ​បញ្ចប់​កិច្ចការ​សាលា​និង​ការងារ​សល់​​ពី​កន្លែង​ធ្វើ​ការ ដល់​ម៉ោង ៤ ឬ ម៉ោង ៥ ព្រឹក​ឯណោះ លុះ​ពេល​រសៀល​ទើប​ទៅ​ធ្វើ​ការ​ ហើយ​ពេល​ល្ងាច​ទៅ​រៀន​បន្ត។

 

ងាក​មក​លោក សុវណ្ណ អ្នក​ជំនាញ បង្កើត​វិបសាយ រយៈ​ពេល ៥ឆ្នាំ​ឯណេះ​វិញ ឲ្យ​ដឹង​ដូច្នេះ​ថា រឿង​នៅ​ដាច់​យប់​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ការងារ​ដូច​លោក។ នៅ​ដាច់​យប់​ដល់​ម៉ោង ១ឬ ២ ដោយ​សារ​នៅ​សល់​ការងារ​ច្រើន ហើយ​ពេល​ខ្លះ​បើ​សិន​វិបសាយ​ដែល​បង្កើត​មាន​បញ្ហា លោក​ត្រូវ​នៅ​ដោះ​ស្រាយ​ជូន​អតិថិជន។ ​ជួន​កាល​​នៅ​ពេល​បង្កើត​វិបសាយ​ម្តងៗ សុវណ្ណ​ត្រូវ​នៅ​ប្រឹង​ធ្វើ​ឲ្យ​ហើយ​ទាន់​ពេល​វេលា​កំណត់​ ជូន​អតិថិជន។

 

ឯ​ប្រាក់​ខែ ​សុវណ្ណ​ថា ​អាច​ទទួល​យក​បាន តែ​បើ​មាន​អតិថិជន​មក​រក​បង្កើត​វិបសាយ​ច្រើន ចំណូល​ទៅ​តាម​នោះ​ដែរ តែ​​ត្រូវ​​នៅ​ដាច់​យប់​រហូត​ជិត​ភ្លឺ​ក៏​​ថា​បាន។

 

ការងារ​អង្គុយ​តែ​មុខ​កុំព្យូទ័រ មួយ​នេះ​អាច​ថា​ជា​អាជីព​មួយ​លំបាក​គួរសម​សម្រាប់​អ្នក​ជំនាញ IT ព្រោះ​ពួកគេ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​សិក្សា បង្កើត ធ្វើ​តេស្ត ធ្វើ​តាមដាន​រាល់​សមិទ្ធផល​ដែល​បង្កើត​រួច រហូត​ដល់​ពេល​ខ្លះ​ត្រូវ​នៅ​ដល់​យប់​ជ្រៅ។ បច្ចុប្បន្ន​សូម្បី​តែ​ស្រ្តី​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចាប់​យក​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ​ដូចគ្នា ដើម្បី​បង្កើត​ធនធាន​គ្រប់​ផ្នែក​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

 

អាន៖ និស្សិត IT ប្រុសៗ​ឃើញ​ស្រី​មិន​បាន?

 

អត្ថបទ៖ ប៉ែត ផាន់និត