សំ វ៉ាន់​ដេត៖ បឹង​កេត​ត្រូវ​ការ​ឈ្នះ​ តែ​ស្វាយរៀង​ក៏​​ចង់​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ​ដែរ

  • 2016-08-19 15:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់​ដេត គ្រូ​បង្វឹក​ក្លឹប​​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​​​​​ចង់​ឈ្នះ​ក្រុម​ភ្ញៀវ​បឹង​កេត​អង្គរ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ ​ស្រប​ពេល​​ក្លឹប​របស់​លោក​ ប្រាក់​ សុវណ្ណារ៉ា ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​​ក្នុង​ការ​ប្រជែង​​លើក​ពាន​លីគ​កំពូល​កម្ពុជា សម្រាប់​​សប្ដាហ៍​ទី១៧ ​វេលា​ម៉ោង៦:០០ល្ងាច​នេះ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

 

 

​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បាត់​បង់​ឱកាស​ ក្នុង​ការ​ដណ្ដើម​យក​ពាន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ពី​ព្រោះ​ពិន្ទុ​មាន​គំលាត​ឆ្ងាយ​​ពី​ក្រុម​កំពូល​តារាង​ ​បើ​ទោះ​ការ​ប្រកួត​របស់​ក្រុម​មួយ​នេះ​​​នៅ​សល់​ ២​​ប្រកួត​​ក្រោយ​ជំនួប​ល្ងាច​នេះ​ទៀត​ក៏​ដោយ​។

 

​លោក សំ វ៉ាន់​ដេត​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​លោក​ក៏​ចង់​ឈ្នះ​​​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​ដែរ បើ​ទោះ​អស់​ឱកាស​ដណ្ដើម​ពាន​។ ចំពោះ​​​​កីឡាករ​​ពេញ​ជើង​ល្អ​ណាស់ សម្រាប់​ការ​ប៉ះ​បឹង​កេត​ល្ងាច​នេះ។ លោក​ពិត​ជា​សោក​ស្ដាយ​​ ដែល​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាត់​បង់​ឱកាស​ក្នុង​ការ​លើក​ពាន​​ ​​ប៉ុន្តែ​​​​ក្រុម​ភ្ញៀវ​មិន​ងាយ​យក​ឈ្នះ​ក្រុម​របស់​លោក​​ដែល​ជា​ម្ចាស់​ផ្ទះ​ឡើយ។

 

​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​ស្វាយរៀង​ឲ្យ​លើក​ពាន Hun Sen Cup 2015 ​​​រូប​នេះ​បន្ត​ថា​ ការ​ប្រកួត​មិន​មាន​បន្ធូរបន្ថយ​នោះ​ទេ។ ប្រសិន​បើ​បឹង​កេត​ខ្លាំង ​នោះ​នឹង​អាច​លើក​ពាន​លី​គ​ឆ្នាំ​នេះ​ ដោយ​យក​ឈ្នះ​ស្វាយរៀង​នៅ​ក្រៅ​ដី​ ដែល​ជា​ជំនួប​ដ៏​សំខាន់​មួយ​នេះ។

 

ងាក​ទៅ​ខាង​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្រុម​បឹង​កេត​អង្គរ​វិញ​​លើក​ឡើង​​ថា ​ក្រុម​លោក​​នឹង​ដាក់​កីឡាករ​​​​ល្អៗ និង​លេង​​ឲ្យ​អស់​សមត្ថភាព​​ពោល​គឺ​គ្មាន​​ទុក​​ជើង​សោះ​ឡើយ។ ​ប្រសិន​បើ​ឈ្នះ​ស្វាយរៀង​ក្រុម​របស់លោក​រំពឹង​លើក​ពាន ៩០​%​ ​បើ​ទោះ​ត្រូវ​ប៉ះ​ប៉ូលិស​​​នា​ជំនួប​ចុង​ក្រោយ​ក៏​ដោយ។​

 

 លោក​ ប្រាក់ សុវណ្ណារ៉ា

 

​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​មាន​ ២​៥​ពិន្ទុ​ឈរ​លេខ៥ ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១៥​លើក។ ចំណែក​បឹង​កេត​អង្គរ​មាន​ ៤១​ពិន្ទុ​ក្នុង​ចំណោម​១៦​ប្រកួត​ឈរ​លេខ ១​តាម​​ប្រកៀក​ពី​ក្រោយ​ដោយ​ក្លឹប​ក្រសួង​ការពារ​ជាតិ​មាន៤០​ពិន្ទុ។ ​​​ដូច្នេះ​មាន​ន័យ​ថា ប្រសិន​បើ​បឹង​កេត​ភ្លាត់​ស្មើ​ឬ​ចាញ់​ ហើយ​​​​ក្រសួង​ការពារ​ជាតិ​ឈ្នះ​វិញ ​នោះ​​លេខ​១​នឹង​បាន​ទៅ​លើ​​​ក្រុម​របស់​លោក​ ទេព ឡុង​រចនា វិញ​ជា​បណ្ដោះ​អាសន្ន​៕

 

 

ក្រុមបឹងកេត​អង្គរ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​