សិស្សបាក់ឌុបឆ្នាំនេះ ប្ដូរទម្លាប់មិនសូវចោលខិត្តប័ណ្ណច្រើនដូចឆ្នាំមុន
- 2016-08-24 17:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សបាក់ឌុបឆ្នាំនេះ ប្ដូរទម្លាប់មិនសូវចោលខិត្តប័ណ្ណច្រើនដូចឆ្នាំមុន
ចន្លោះមិនឃើញ
ក្រោយស្នូរជួងបញ្ចប់ការប្រលងវិញ្ញាសាគណិតវិទ្យា និងជាពេលបញ្ចប់ដំណើរការប្រលងបាក់ឌុប ថ្ងៃ២៣ សីហា ២០១៦ម្សិលមិញ សិស្សទី១២ជាបេក្ខជនប្រលងខ្លះក៏បានរូតរះចេញដំណើរ ត្រឡប់ទៅផ្ទះ និងខ្លះទៀតនៅរង់ចាំជួបជុំមិត្តភ័ក្ដិឬចាំអ្នកផ្ទះមកទទួល។ ទន្ទឹមនឹងនោះ ភ្នាក់ងារមកពីគ្រឹះស្ថានអប់រំផ្សេងៗ ក៏ចាប់ផ្ដើមចែកក្រដាសខិត្តប័ណ្ណដល់សិស្ស ហើយគេសង្កេតឃើញថាសិស្សឆ្នាំនេះមិនចោលខិត្តប័ណ្ណរាយប៉ាយច្រើនដូចឆ្នាំមុនឡើយ។
នៅក្នុងការប្រលងបាក់ឌុបឆ្នាំ២០១៦ នេះ គេសង្កេតឃើញសិស្សជាច្រើនមិនបានបោះចោលក្រដាសដែលអ្នកផ្សព្វផ្សាយព័ត៌មានអប់រំខំចែកនោះទេ ដោយពួកគេបានប្រាប់នូវមូលហេតុមួយចំនួន។
យុវតី ធា សុភក្ត្រា បេក្ខជនបាក់ឌុបមកពីវិទ្យាល័យបញ្ញាសាស្រ្តសាខាបឹងកេងកង បានប្រាប់ថា កញ្ញាបានទុកក្រដាសទាំងនោះដោយចង់ដឹងព័ត៌មានពីសាលាផ្សេងៗ។
យុវតី សុភក្ត្រាបាននិយាយថា៖ "ព្រោះខ្ញុំចង់ដឹងពីព័ត៌មាន ព្រោះខ្ញុំគិតថា ពេលខ្លះលើសំណាងខ្ញុំ ខ្ញុំអាចប្រលងជាប់បាននិទ្ទេសល្អ ហើយខ្ញុំអាចដាក់អាហារូបករណ៍ទៅសាលាដែលគេចែកឲ្យហ្នឹង "។
ងាកទៅស្ដាប់យុវជន ផន ចាន់សុធារ៉ា បេក្ខជនមកពីវិទ្យាល័យ ឫស្សីកែវ បានរៀបរាប់ពីហេតុផលដែលខ្លួនមិនបានបោះចោលខិត្តប័ណ្ណព័ត៌មានអប់រំថា៖ " ខ្ញុំគិតថាក្រដាសនេះ គេខំអូសមក វាមានតម្លៃ គេចង់ឲ្យយើងប្រលងជាប់ យើងមើលទៅយើងដឹងថាគួរសិក្សានៅណា យើងយកទៅឲ្យម៉ាក់ប៉ាយើងមើលទៅ ដើម្បីឲ្យយើងជ្រើសរើសសកលវិទ្យាល័យមួយដែលយើងចង់បាន។ បើយើងបោះចោលចឹង ដូចយើងអត់ផ្ដល់តម្លៃឲ្យគេចឹង"។
ចំណែកយុវតី ផេង ចាន់ថន បេក្ខជនមកពីវិទ្យាល័យ ឫស្សីកែវដែរនោះ បានប្រាប់ពីមូលហេតុដែលកញ្ញាទុកក្រដាសខិត្តប័ណ្ណយកទៅផ្ទះ ថា ក្រដាសទាំងនោះជាការបង្ហាញណែនាំផ្លូវកញ្ញាថាត្រូវរៀនអ្វីនៅពេលចូលរៀនសកលវិទ្យាល័យ ជាពិសេសកញ្ញាថា បើបោះចោល ធ្វើបរិស្ថានសាលាមិនល្អ៕
ចុចអាន៖ អ្នកចែកខិត ប័ណ្ណ៖ បើគេបោះចោលខ្ញុំអ្នករើស
អត្ថបទ៖ មាន រតនា