JCI រៀបចំពិព៌ណធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ ចុងសប្តាហ៍នេះ
- 2016-08-24 23:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JCI រៀបចំពិព៌ណធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ ចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹង រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៍ធំប្រចាំឆ្នាំរបស់ខ្លួនជាលើកទី២ ដែលហៅថាពិព័រណ៍ធុរកិច្ចអន្តរជាតិ និងវេទិកាសហគ្រិនឆ្នាំ២០១៦ក្នុងពេលតែមួយនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកតទៅ។
ព្រឹត្តិការណ៍ទាំងពីរនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញធុរកិច្ចក្នុងប្រទេសកម្ពុជាក៏ ដូចជាសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់។ សម្រាប់ពិព័រណធុរកិច្ចនិងវេទិកា សហគ្រិនរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០១៦នេះ ប្រធានបទធំៗចំនួន៣ ត្រូវបានផ្តោតសំខាន់។
នៅក្នុងពិព័រណ៍រយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច រួមមានស្តង់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនជាង៤០ទាំងជាតិនិងអន្តរជាតិ ដែលភាគច្រើនមកពីវិស័យអចលនទ្រព្យ វិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកសិកម្មសរីរាង្គ។ សម្រាប់ឆ្នាំ២០១៦ យើងរំពឹងទុកថានឹងមានអ្នកមកទស្សនាពិព័រណ៍ធុរកិច្ចនេះ ពី៥០០ ទៅ១០០០នាក់ ដោយសារតែបទពិសោធន៍រៀបចំកន្លងមកនៅសណ្ឋាគារលំដាប់ផ្កាយ៥ដូចគ្នា យើងធ្លាប់ទទួលបានចំនួនអ្នកទស្សនា ប្រហាក់ប្រហែលនឹងការរំពឹងទុកនេះដែរ។
នៅក្នុងការតាំងពិព័រណ៍នេះផងដែរយើងមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុកល្បីៗដូចជាលំនៅដ្ឋានបែបទំនើប AXIS Residence សហគមន៍អេកូទំនើប សុរិនភូមិព្រឹកថ្លឹង Orkide Villa Condominium ហើយរឹតតែពិសេសថែមទៀតនោះ គឺមានការចែកជូនភេសជ្ជៈដ៍ល្បីល្បាញ ដូចជា កាហ្វេ Brown ភេសជ្ជៈKOI និងកាហ្វេរបស់ក្រុមហ៊ុន KOFI ដោយឥតគិតថ្លៃផងដែរ។ សូមកុំឲ្យឱកាសដ៍ល្អនេះកន្លងផុតទៅ សូមចូលរួមទស្សនាពិព័រណ៍ ធុរកិច្ចអន្តរជាតិដើម្បីស្វែងយល់ពីវិស័យ៣ខាងលើ ព្រមទាំងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកផងដែរ។
ចំណែកឯវេទិកាសហគ្រិនប្រចាំឆ្នាំ២០១៦វិញ គឺនឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល នៅសាលសន្និបាតរបស់សណ្ឋាគារសុខាភ្នំពេញដូចគ្នាផងដែរ។ នៅក្នុងឆ្នាំ២០១៦នេះ វេទិកាសហគ្រិនរបស់ JCI នឹង ពិភាក្សាទៅលើប្រធានបទ «គន្លឹះជោគជ័យ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ វិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកសិកម្មសរីរាង្គ»។
ប្រធានបទនេះនឹងបែងចែកជាពីរផ្នែក គឺកិច្ចពិភាក្សាពេលព្រឹកនិងពេលរសៀល។ សម្រាប់កិច្ចពិភាក្សាស្តីពីវិស័យម្ហូបអាហារនិងភេស្ជជៈ និងវិស័យកសិកម្មសរីរាង្គ គឺមានវត្តមានវាគ្មិនកិត្តិយសចំនួន០៤រូប រួមមាន៖
-លោក គួច សុខលី ដែលជាប្រធានសមាគមភោជនីយដ្ឋានកម្ពុជា
-បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង នៃក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប
-លោក ចាង ប៊ុនលាង សហស្ថាបនិក Brown Coffee
-លោក នាក់ ថារ៉ែន នាយកប្រតិបត្តិនៃក្រុមហ៊ុនNatural Garden
និងសម្របសម្រួលដោយសហគ្រិនវ័យក្មេងពីររូបគឺ កញ្ញា ដែក ដារី នាយកប្រតិបត្តិក្រុម360 Event Management និងលោក ឃន ឈុនតារា នាយកប្រតិបត្តិ នៃក្រុមហ៊ុន KOI Café។
សម្រាប់កិច្ចពិភាក្សាពេលរសៀលវិញ វាគ្មិនកិត្តិយសនឹងពិភាក្សាអំពីវិស័យអចលនទ្រព្យ ដែលវត្តមានចូលរួមពី៖
-លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃកម្ពុជា
-លោក Harry ប្រធានផ្នែកលក់នៃគម្រោងសំណង់ខុនដូរ របស់ក្រុមហ៊ុន Worldbridge Cambodia
-លោក Kenn Yeo នាយកគ្រប់គ្រងនៃគម្រោងសំណង់ខុនដូរ Orkide Villa Condominium
និងទទួលបានការសម្របសម្រួលដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម សុក ស៊ីផាន់ណា អគ្គនាយកការិយាល័យមេធាវី សុក ស៊ីផាន់ណា និងជាទីប្រឹក្សារាជរដ្ឋាភិបាល។
សម្រាប់ឆ្នាំ២០១៦នេះ យើងរំពឹងទុកថានឹងមានអ្នកចូលរួមវេទិកាសហគ្រិននេះចំនួន២៥០ ទៅ៣០០នាក់ ដោយតម្លៃសំបុត្រធម្មតា គឺ៥០ដុល្លារ និងតម្លៃសម្រាប់សមាជិក JCI YEAC, CIC, BNI, CWEA, CVEA, CRA គឺត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតស្តីពីពិព៌ណធុរកិច្ចអន្តរជាតិប្រចាំឆ្នាំរបស់ JCI សូមអានខិត្តប័ណ្ណ និងបទបង្ហាញ ដែលបានភ្ជាប់ជាមួយ ឬទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ 017 59 46 19 តាមរយៈអ៊ីម៉េល sothearak2510@gmail.com / jci.phnompenh@gmail.com៕
អត្ថបទៈ ដៃគូសហការ