«ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ជា​រឿង​ភាគ​ខ្មែរ​មាន​គុណភាព​រូបភាព​ច្បាស់​បំផុត

  • 2016-08-29 17:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាងហ្វាង​ផលិតកម្ម​អិលឌី ភិចឆ័រ (LD Picture Production) និង​ជា​អ្នក​ដឹកនាំ​រឿង លោក លៀក លីដា បាន​អះអាង​ថា រឿង​ភាគ «ម្ទេស​​ហឹរ ប៉ះ​អំបិល​ប្រៃ» គឺ​ជា​រឿង​ដែល​មាន​គុណភាព​រូប​ភាព​ច្បាស់​បំផុត ដោយ​ការ​ប្រើ​ប្រាស់​ទាំង​កាមេរ៉ា និង Len ដែល​មិន​ងាយ​នឹង​មាន​រឿង​ភាគ​ទូរទស្សន៍​ណា​ប្រើ​ប្រាស់​ឡើយ។

 

លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ពិសេស​មួយ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ សីហា។

 

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​អិលឌី ភិចឆ័រ

 

លោក​​ថា៖ "យើង​ប្រើ​កាមេរ៉ា​ប្រភេទ Film 35 mm ឯLens យើង​ប្រើ​ប្រភេទ​ Prime lens ឬCinema lens ដែល​ជា​ទូទៅ​មិន​ងាយ​គេ​ប្រើ​ទេ​សម្រាប់​ថត​កុន​ភាគ​សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ ដោយ​សារ​វា​ចាយ​ពេល​ច្រើន"។

 

សម្រាប់​ដំណើរការ​នៃ​ការ​កាត់​ត​វិញ លោក​បាន​រៀបរាប់​​ថា៖ "គ្រប់​ភាគ​នៃ​រឿង​ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ គឺ​សុទ្ធ​សឹង​តែ​បាន​ឆ្លង​កាត់​ការEdit យ៉ាង​សម្រិត​សម្រាំង​បំផុត​ដោយ​ក្រុម​ការងារ​របស់​យើង​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​បរទេស ដូចជា ការ Edit online, offline, sound mixing, color correctionនិងmastering contrast ដោយ​មិន​មែន​គ្រាន់​តែ​កាត់​ត​ភ្លាម​ហើយ​ចាក់​ផ្សាយ​នោះ​ទេ"។

 

លោក លៀក លីដា ជឿជាក់​ខ្ពស់​ថា រឿង​ភាគ​បែប​កំប្លែង​ដែល​មាន​គុណភាព​ខ្ពស់​មួយ​នេះ ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ​ពី​សំណាក់​ទូរ​ទស្សនិកជន។

 

«ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ជា​រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា កំប្លែង កាច់​កុង​គ្នា​រវាង​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​រស់នៅ​ជាមួយ​ម្ដាយ​ក្មេក​ដែល​ពិបាក​យល់​ចិត្ត​ស្គាល់​តែ​កំហុស​របស់​កូន​ប្រសា​ស្រី។ រឿង​នេះ​មាន​គំនិត​អប់រំ​ទៅ​ដល់​ម្ដាយ​ក្មេក និង​កូន​ប្រសា​សម័យ​ថ្មី​ទាំង​អស់​ឲ្យ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទើប​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ។ ខ្សែ​រឿង​មួយ​នេះ​ធានា​ថា​ទូរ​ទស្សនិកជន​ប្រាកដ​ជា​ទទួល​បាន​សំណើច​សើច​ក្អាកក្អាយ ដោយសារ​សំបូរ​ទៅ​ដោយ​ឈុត​ឆាក​កំប្លែង​ច្រើន ជាមួយ​នឹង​ការ​សម្តែង​ដ៏​ប៉ិនប្រសព្វ​របស់​សិល្បករ​ល្បីៗ​ដែល​មាន​បទ​ពិសោធន៍​សម្តែង​យូរ​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មាន កញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជា សំណាង អ្នកស្រី ង៉ែត សុវណ្ណលីតា លោក ចាប ចៀន កញ្ញា ទឹម រដ្ឋា នាយ សុបិន រួម​នឹង​សិល្បករ-សិល្បការនី​ល្បីៗ​មួយ​ចំនួន​ទៀត។

 

 

«ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​មួយ​ក្នុង​ចំណោម​រឿង​ភាគ​ទាំង​៥​របស់​ភីអិនអិន​ដែល​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​៥ កញ្ញា ខាង​មុខ​នេះ។ រឿង​នេះ​នឹង​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ពុធ ចាប់​ពី​វេលា​ម៉ោង​៨​យប់​ត​ទៅ។

 

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​ប្ដេជ្ញា​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​មួយ​រយ​ម៉ោង​ក្នុង​ឆ្នាំ​២០១៦​នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន ហើយ​គិត​ជា​មធ្យម ភីអិនអិន ត្រូវ​ចំណាយ​ប្រមាណ ៨០០០​ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​នៃ​ខ្សែ​ភាព​យន្ត​ភាគ៕

 

សូម​ទស្សនា​ឈុត​ខ្លី​រឿង ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី