ស្វាយរៀង ​ស្វាគមន៍ ​​វេស្ទើន សម្រាប់​​ប្រកួត​ចុង​ក្រោយ​របស់​​ខ្លួន​​លីគ​២០១៦​​ល្ងាច​នេះ

  • 2016-09-06 15:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​​​ចុង​ក្រោយ ឬ​​​សប្ដាហ៍​ទី​១៨ ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ុន្តែ​​ជា​ការ​ប្រកួត​សប្ដាហ៍​​ទី​១៧​របស់​វេស្ទើនភ្នំពេញ​​​ នៃ​​ក្របខ័ណ្ឌ​​​កំពូល​​កម្ពុជា​ឆ្នាំ​២០១៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​នា​វេលា​ម៉ោង៦:០០​នាទី​ល្ងាច​នេះ ដែល​មាន​​ការ​​ផ្សាយ​​ផ្ទាល់​​តាម​​រយៈ​ទូរទស្សន៍​ BTV ។

 

 

​ការ​ប្រកួត​លើក​ទី១៨ របស់​ព្រះខ័ន​រាជ​ស្វាយរៀង​​អាច​ចាត់​​ទុក​បាន​ថា ជា​ជំនួប​ដ៏​សំខាន់​មួយ​ក្នុង​ការ​​ប្រជែង​យក​តំណែង​លេខ៤ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​​ជាមួយ​ភ្នំពេញ​ក្រោន ​ដែល​​ស្ថិត​នៅ​លេខ៤មាន​២៨​ពិន្ទុ​ស្មើ​គ្នា។​ ​ប្រសិន​បើ​ស្វាយរៀង​បញ្ចប់​​ត្រឹម​ស្មើ​ឬ ឈ្នះ​ការ​ប្រកួត​ល្ងាច​នេះ​ទៅ​លើ​វេស្ទើន​នោះ​ពួក​គេ​នឹង​ទទួល​បាន​លេខ៤ប្រចាំ​ឆ្នាំ​២០១៦ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា។

 

​ទាក់​ទិន​នឹង​ការ​ប្រកួត​កន្លង​មក​​លោក សំ វ៉ាន់​ដេត គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​លោក​ នឹង​លេង​​ឲ្យ​អស់​ពី​សមត្ថភាព​ពោល​គឺ​​មិន​បន្ធូរបន្ថយ​​​ឡើយ។ ជ័យ​ជម្នះ​របស់​ក្រុម​ជា​រឿង​សំខាន់ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​គាំទ្រ។

 

​ងាក​មក​ខាង​វេស្ទើន​ភ្នំពេញ​វិញ ទើប​តែ​រក​បាន​៨​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម១៦​ប្រកួត​កន្លង​មក។ ក្រុម​មួយ​នេះ​ត្រូវ​​ការ​ឈ្នះ​ជំនួប​ល្ងាច​នេះ​ដើម្បី​អាច​គេច​ចេញ​ពី​​ដំបន់​កាត់​ចោល។ វេស្ទើន​​ឈរ​លេខ៩​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​​​ ប៉ុន្តែ​​​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ដែល​ជា​ជំនួប​ដ៏​សំខាន់​បំផុត​ក្នុង​សប្ដាហ៍​ទី១៨ របស់​ខ្លួន​​ប៉ះ​​ស៊ីម៉ាក់ ​ដែល​មាន​៨​​ពិន្ទុ​ដូច​គ្នា​ស្ថិត​នៅ​លេខ៨ វេលា​ម៉ោង៣:៣០​នាទី​នៅ​កីឡដ្ឋាន​វេស្ទើន។

 

​ក្រុម​ទាំង​ពីរ​នេះ​ជួប​គ្នា​កាល​ពី​ជើង​ទី១ ស្វាយរៀង​លត់​៣-១​ ក្នុង​ដី​របស់​វេស្ទើន។ ចុះ​​ជើង​ទី២​នេះ​វិញ​តើ​ក្រុម​ណា​យក​បាន ៣​ពិន្ទុ?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​