អ្នក​លោត​ទឹក​​​កំណើត​ខ្មែរ​ Jordan​ តំណាង​អាមេរិក​មក​ប្រកួត​នៅ​ម៉ាឡេស៊ី​ និង​អូស្ត្រាលី​

  • 2016-09-08 20:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​លោត​ទឹក​យុវជន​ជម្រើស​ជាតិ​អាមេរិក​ដែល​មាន​ដើម​កំណើត​ខ្មែរ​​ Jordan Windle និង​អ្នក​លោត​ទឹក​៥​នាក់​ផ្សេង​ទៀត​នឹង​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​​មក​​ចូល​រួម​ប្រកួត​ក្នុង​​ពាន​រង្វាន់​ FINA Grand Prix ដែល​នឹង​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​អូស្ត្រាលី​នា​ខែ​តុលា​ខាង​មុខ​នេះ។

 

 

តាម​ប្រភពព័ត៌មាន​ teamusa ​បាន​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា​ ក្នុង​ចក្ខុ​វិស័យ​ដើម្បី​អភិវឌ្ឍ​​​​យុវជន​សម្រាប់​អនាគត​ កីឡាករ​ កីឡា​ការិនី​លោត​ទឹក​ទាំង​អស់​នឹង​ត្រូវ​បាន​ជ្រើស​រើស​អាយុ​ច្រើន​បំផុត​ត្រឹម​១៨​ឆ្នាំ​ ឬ​​ទាប​ជាង​នេះ។ កីឡាករ​ កីឡា​ការិនី​យុវជន​អាមេរិក​​ដែល​ស្ថិត​​នៅ​លើ​គេ​​ដែល​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​​នៃ​ការ​ប្រកួត​លោត​ទឹក​ឯកត្តជន​​នៅ​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍​ទៅ​អូឡាំពិក​របស់​អាមេរិក​ឆ្នាំ​២០១៦​​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​​ Grand Prix ២​​គឺ​ប្រទេស​ម៉ាឡេស៊ី​ និង​អូស្ត្រាលី​នា​ពេល​ខាង​មុខ​នេះ។

 

ដូច្នេះ​យុវជន​អាយុ​១៧​ឆ្នាំ​របស់​អាមេរិក​ដែល​មាន​កំណើត​ខ្មែរ​ Jordan Windle ​ដែល​ស្ថិត​​នៅ​លើ​គេ​ក្នុង​វគ្គ​ជម្រុះ​ឯកត្តជន​ និង​ស្ថិត​នៅ​​លេខ​រៀង​ទី​៤​​ក្នុង​វិញ្ញាសា​លោត​បុរស​១០​ម៉ែត្រ​កាល​ពី​ជម្រុះ​អូឡាំពិក​កន្លង​មក​ត្រូវ​បាន​ជ្រើស​រើស។ ជា​មួយ​គ្នា​កីឡាករ​អាយុ​​១៧​ឆ្នាំ​ Ben Bramley ​ដែល​ស្ថិត​នៅ​លេខ​​រៀង​ទី​៦​ក៏​ត្រូវ​បាន​ជ្រើស​រើស។

 

៤​នាក់​ផ្សេង​ទៀត​មាន​​កីឡា​ការិនី​​អាយុ​១៤​ឆ្នាំ​ Maria Coburn, កីឡាករ​អាយុ​១៧​ឆ្នាំ​Alison Gibson, កីឡា​ការិនី​អាយុ​១៧​ឆ្នាំ Delaney Schnell និង​កីឡា​ការិនី​អាយុ​១៣​ឆ្នាំ​ Tarrin Gilliland​ ក៏​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ដំណើរ​មក​ម៉ាឡេស៊ី និង​អូស្ត្រាលី​ដែរ។

 

 

ការ​ប្រកួត​លោត​ទឹក​ពាន​រង្វាន់​ FINA Grand Prix ​នឹង​ត្រូវ​រៀប​ចំ​នៅ​ Kuching ប្រទេស​ម៉ាឡេស៊ី​​ពី​ថ្ងៃ​ទី​២១​ដល់​២៣​ ខែ​តុលា និង​នៅ​ Gold Coast ប្រទេស​អូស្ត្រាលី​ពី​ថ្ងៃ​ទី​២៧​ដល់​៣០​ ខែ​តុលា ឆ្នាំ​២០១៦។

 

យុវជន​អាមេរិក​ Jordan Windle ដែល​ឈ្មោះ​ជា​ខ្មែរ ពិសី បាន​មក​លេង​ប្រទេស​កម្ពុជា​​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​កាល​ពី​ខែ​()​ និង​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ដល់​យុវជន​លោត​ទឹក​កម្ពុជា​ផង​ដែរ៕

 

ប្រែ​សម្រួល​៖ ជាន ចាន់រ៉ា​​