PNN បន្តលើកស្ទួយភាពយន្តភាគខ្មែរតាមរយៈការគាំទ្រអ្នកនិពន្ធក្នុងស្រុក
- 2016-09-14 23:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PNN បន្តលើកស្ទួយភាពយន្តភាគខ្មែរតាមរយៈការគាំទ្រអ្នកនិពន្ធក្នុងស្រុក
ចន្លោះមិនឃើញ
ក្រោយពីបានចាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តភាគខ្មែរ ២ រឿងរួចមកហើយនោះ ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) នៅតែបន្តអនុវត្តគោលដៅរបស់ខ្លួនក្នុងការលើកស្ទួយខ្សែភាពយន្តភាគខ្មែរបន្ថែមទៀត ដោយបន្តគាំទ្រលើកទឹកចិត្តស្នាដៃរបស់អ្នកនិពន្ធក្នុងស្រុក។
នៅព្រឹកថ្ងៃអង្គារ ទី១៣ កញ្ញា ភីអិនអិនបានរៀបចំកិច្ចពិភាក្សាមួយជាមួយអនុប្រធាន និងសមាជិកនៃសមាគមក្រុមអ្នកនិពន្ធខ្មែរ៨រូប ដែលជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការតែងនិពន្ធរឿង កំណាព្យ ចម្រៀង។ល។ សមាសភាពអ្នកចូលរួមទាំង៨រូប មាន ឯកឧត្តម ខៀវ កុសល, អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ, អ្នកស្រី ប៉ុល ពិសី, អ្នកស្រី អ៊ុក សំណាង, លោក ពៅ សុខ, លោក ជា សំអាត, លោក ប្រាក់ សុទ្ធធី និងអ្នកស្រី សុត សុជាតា។
នៅក្នុងកិច្ចពិភាក្សានោះដែរ ភីអិនអិន បានបើកទូលាយដល់ពួកគាត់ទាំង៨រូប ដើម្បីបញ្ចេញមតិយោបល់ គោលដៅដើម្បីពង្រឹងការសរសេរ Script រឿងឲ្យកាន់តែមានគុណភាព ដែលជាចំណុចសំខាន់មួយដើម្បីធានាបានការផលិតចេញនូវខ្សែភាពយន្តភាគដ៏ល្អឯកសម្រាប់អ្នកទស្សនា។
ការផលិតចេញនូវខ្សែរឿងមួយល្អ ចាំបាច់ត្រូវមានចំណុច ៥ យ៉ាងសំខាន់ៗ (១) ការនិពន្ធរឿង (២) ការដឹកនាំរឿង (៣) ការសម្ដែងរបស់តួ (៤) បច្ចេកទេសថត និង (៥) ការកាត់ត ដែលទាមទារឲ្យមានការច្របាច់ចូលគ្នាតែមួយ ដើម្បីផលិតចេញនូវរឿងដែលល្អសម្រាប់អ្នកមើល។ នេះគឺជាមតិរួមមួយនៅក្នុងជំនួបក្រុមអ្នកនិពន្ធខ្មែរនៅព្រឹកថ្ងៃអង្គារ នៅអគារអិលវ៉ាយភីគ្រុប។
ឯកឧត្តម ខៀវ កុសល អនុប្រធានអ្នកនិពន្ធនៃសមាគមអ្នកនិពន្ធខ្មែរ បាននិយាយថា៖ "ខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ដែលភីអិនអិនចាប់អារម្មណ៍ទៅដល់អ្នកនិពន្ធ ពីព្រោះកន្លងមកនៅក្នុងភាពយន្តគេតែអ្នកសម្ដែង គេអត់ដែលស្គាល់អ្នកថត អ្នកកាត់ត អ្នកបញ្ចូលសំឡេង ហើយគេក៏អត់ស្គាល់អ្នកនិពន្ធយ៉ាងណាទេ ប៉ុន្តែពេលនេះអ្នកនិពន្ធទាំង៨រូបបានបញ្ចេញមុខហើយនៅភីអិនអិន"។
អ្នកស្រី ប៉ុល ពិសី ជាអ្នកនិពន្ធមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការតាក់តែងនិពន្ធ ហើយកន្លងមកស្នាដៃរបស់អ្នកស្រីក្នុងការផលិតរឿងភាគតាមទូរទស្សន៍ក៏មានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ផងដែរ។ សព្វថ្ងៃ អ្នកស្រីកំពុងតែសរសេររឿងសម្រាប់ភីអិនអិន ហើយក្នុងពេលឆាប់ៗនេះ ទូរទស្សនិកជននឹងបានតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
អ្នកស្រីនិយាយថា៖ "ខ្ញុំពេញចិត្តដែលភីអិនអិនបានរៀបចំជំនួបជាមួយអ្នកនិពន្ធខ្មែរ។ នេះជាគំនិតមួយដ៏ល្អក្នុងការលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងស្រុក ព្រោះកន្លងមកអ្នកនិពន្ធរឿង គេមិនសូវនឹកឃើញ និងឲ្យតម្លៃទេ។ នៅពេលរឿងមួយល្អ ភាគច្រើនគេថាតួលេងល្អណាស់ ប៉ុន្តែចំពោះអ្នកនិពន្ធវិញគេអត់ដែលនឹកឃើញទេ"។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិន បញ្ជាក់ថា៖ "យើងមើលឃើញថា Script writer គឺជាចំណុចសំខាន់មួយក្នុងការផលិតរឿងភាគដែលមានគុណភាពល្អ ដូច្នេះហើយទើបភីអិនអិនទាក់ទងទៅខាងសមាគមអ្នកនិពន្ធខ្មែរ យើងបានសិក្សាជាមួយពួកគាត់ ដើម្បីអញ្ជើញពួកគាត់ដែលជាអ្នកនិពន្ធល្បីៗក្នុងស្រុកដើម្បីមកពិភាក្សា ដើម្បីធ្វើម៉េចឲ្យគុណភាពកុនផលិតចេញទៅបានល្អ"។
ភីអិនអិនក៏ស្វាគមន៍ដល់អ្នកនិពន្ធដែលមានទេពកោសល្យទាំងឡាយដើម្បីលើកឡើងជាគំនិតមកកាន់យើង បើពួកគាត់មានសាច់រឿងដែលល្អ សូមផ្ញើមកខាងយើងខ្ញុំ យើងនឹងជជែក និងពិនិត្យមើលពីលទ្ធភាពដើម្បីផលិតចេញជាភាពយន្តសម្រាប់ទូរទស្សន៍"។
ភីអិនអិន ជាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយដែលហ៊ានផ្តល់ទុនវិនិយោគយ៉ាងច្រើនទៅលើការផលិតខ្សែភាពយន្តភាគខ្មែរដ៏ល្អគួរជាទីចាប់អារម្មណ៍ដល់ពលរដ្ឋកម្ពុជា ដោយមិនត្រឹមតែគាំទ្រផលិតកម្មក្នុងស្រុក អ្នកដឹកនាំរឿងក្នុងស្រុក និងតួសម្ដែងក្នុងស្រុកប៉ុណ្ណោះទេ តែភីអិនអិនក៏ផ្ដោតសំខាន់ខ្ពស់ផងដែរលើស្នាដៃអ្នកនិពន្ធក្នុងស្រុក។
ខ្សែភាពយន្តភាគខ្មែរ២រឿងកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ម៉ោង ៨ យប់។ រឿងទីមួយគឺ ម្ទេសហឹរ ប៉ះអំបិលប្រៃ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ហើយរឿងទី២ គឺ សង្គ្រាមបេះដូង ចាក់បញ្ចាំងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់៕
អត្ថបទ៖ ពាណិជ្ជកម្ម