Lee Min Ho អង្រួនបេះដូង Fans ខ្មែរ ក្នុងខ្សែភាពយន្តថ្មី "អ្នកប្រមាញ់មុខស្រស់"
- 2016-09-21 21:58:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Min Ho អង្រួនបេះដូង Fans ខ្មែរ ក្នុងខ្សែភាពយន្តថ្មី "អ្នកប្រមាញ់មុខស្រស់"
ចន្លោះមិនឃើញ
រឿង "អ្នកប្រមាញ់មុខស្រស់ ឬ Bounty Hunters" ខ្សែភាពយន្តវាយតប់ និងកំប្លុកកំប្លែង បានសម្ពោធដាក់បញ្ចាំងល្ងាចមិញ នៅរោងភាពយន្ត Major Cineplex by cellcard។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គ្រាន់តែលេចវត្តមានតារាប្រុសកូរ៉េ Lee Min Ho ក្នុងខ្សែភាពយន្តភ្លាមទស្សនិកជនដែលទៅទស្សនាផ្ទាល់ ក្នុងរោងកុនស្រែកហ៊ោកញ្ជ្រៀវសឹងតែគ្រប់គ្នា។
កញ្ញា ធារី ដែលជា Fan របស់តារាប្រុសកូរ៉េ Lee Min Ho បានប្រាប់ឲ្យដឹងថានាងរង់ចាំរឿង "អ្នកប្រមាញ់មុខស្រស់" នេះ យូរណាស់ហើយ៖ "តាំងពីឆ្នាំមុនមកម្ល៉េះបង គ្រាន់តែដឹងថា Lee Min Ho សម្ដែងក្នុងរឿងនេះ ខ្ញុំរំភើបណាស់ ហើយបើរឿងនេះមកដល់ខ្មែរពេលណា ខ្ញុំនឹងមកមើលភ្លាម។ ឥឡូវបានដូចចិត្តហើយព្រោះ ខ្ញុំ និងមិត្តភក្តិបានឈ្នះសំបុត្រពីក្រុមការងារ Sabay MVP ។ អ្វីដែលរំភើបជាងនេះ ឲ្យតែដល់ឈុតតួប្រុសថើបតួស្រី ខ្ញុំនិងមិត្តភក្តិ រួមទាំងអ្នកអង្គុយជិតស្រែកពេញរោងកុន”។
ជួបជាមួយលោក ដារ៉ា និស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យ ន័រតុន បានឲ្យដឹងថារឿងខាងលើ ល្អមើលខ្លាំង និងមានចំណុចទាក់ទាញជាច្រើន ជាពិសេសតួសម្តែងសុទ្ធតែស្រស់ស្អាតសង្ហា៖ "ល្អមើលណាស់បង បើមិនបានមើលខកបំណងហើយ ឈុតវាយតប់គ្នារបស់តួប្រុសស្រីពិតជាទាក់ទាញ ក្នុងនោះក៏មានបង្កប់ឈុតកំប្លែង ស្នេហារ៉ូមែនទិកទៀត"។
ភាពយន្តនេះ ជាការសហការផលិតរវាងចិន កូរ៉េខាងត្បូង និងហុងកុង ហើយចូលរួមសម្ដែងពីតារាល្បីៗរបស់ប្រទេសកូរ៉េ ចិន ហុងកុង ដូចជា Lee Min-ho, Wallace Chung, Tiffany Tang, Jones Xu, Karena Ng, Louis Fan និងតារាល្បីៗជាច្រើនរូបទៀត ដែលរឿងនេះថតនៅ កូរ៉េ ចិន ម៉ាឡេស៊ី និងថៃ។
ចង់ដឹងថាល្អមើល កំប្លែង ហើយតួស្អាតយ៉ាងណា សូមកុំភ្លេចតាមដានទស្សនារឿង "អ្នកប្រមាញ់មុខស្រស់" ដែលមានចាក់បញ្ចាំងនៅតាមរោងកុនទំនើបៗនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ៕
អត្ថបទ៖ ថា ម៉ាលីដា