ភូមិក្រាំងលាវ (ភូមិតិរច្ឆាន) នៅតែបំភ័យជនជាតិបារាំងរហូតមកដល់សព្វថ្ងៃ
- 2016-10-17 20:30:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិក្រាំងលាវ (ភូមិតិរច្ឆាន) នៅតែបំភ័យជនជាតិបារាំងរហូតមកដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
ភូមិក្រាំងលាវ ត្រូវបារាំងដាក់ឈ្មោះជាភូមិតិរច្ឆាននៅអំឡុងពេលនៃការគ្រប់គ្រងក្រោមអាណានិគមរបស់ខ្លួន បន្ទាប់ពីអ្នកភូមិបានព្រួតគ្នាវាយសម្លាប់ជនជាតិបារាំង ម្នាក់ឈ្មោះ បាដេស កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥។
ចេតិយបាដេស
រឿងរ៉ាវប្រវត្តិសាស្ត្រមួយនេះ នៅតែដិតជាប់ក្នុងចិត្តរបស់កូនខ្មែរគ្រប់រូបជានិច្ច ជាពិសេសក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនទៅដល់កន្លែងផ្ទាល់ផងដែរ ដើម្បីជាការស្រាវជ្រាវមួយដើម្បីឱ្យដឹងការពិត។ យ៉ាងណាមិញ បើតាមអ្នកភូមិនៅតំបន់នោះ បញ្ជាក់ថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់ មានតែជនជាតិបារាំងមួយទេ ដែលទៅដល់ទីនោះដែរ តែមិនចុះពីឡានដាច់ខាត ឬមិនអីចឹងទេ ចុះដែរតែរត់ទៅផ្ទះអ្នកភូមិសិន រហូតដល់ពេលត្រលប់ទៅវិញទើបឡើងបាននិងគេ។
ចំពោះមូលហេតុនេះវិញ លោកតា ប៊ូ យ៉ូត អ្នករស់នៅក្នុងតំបន់នេះដែលបានសួរជនជាតិបារាំងជាច្រើននាក់ សុទ្ធតែឆ្លើយដូចគ្នាថា ពួកគេមានអារម្មណ៍ថាខ្លាចនៅពេលដែលចូលដល់កន្លែងនេះ។ បើទោះជារឿងនេះបានកើតមានយូរមកហើយក៏ដោយ ប៉ុន្តែអារម្មណ៍របស់ពួកគេនៅតែខ្លាចៗដដែល។
លោកតា ប៊ូ យ៉ូត
រំលឹកទៅដល់រឿងប្រវត្តិសាស្ត្រដែលធ្វើឱ្យជនជាតិបារាំងតែងតែខ្លាចនោះ អ្នកភូមិបានរៀបរាប់ដំណើររឿងដែលដឹងតៗគ្នាមកថាប្ដីរបស់យាយប៊ី ឈ្មោះថាតាស៊ឹប ត្រូវគេឃុំខ្លួន៣ថ្ងៃ ក្រោយពីគ្រួសារមួយនេះមានដីច្រើន តែមិនអាចរកប្រាក់មកបង់ពន្ធបាន។ ថ្ងៃមួយពេលលោក រ៉េស៊ីដង់ បាដេស ដើរប្រមូលពន្ធពីប្រជាអ្នកស្រុកក្នុងតំបន់នេះ ក៏ស្របពេលដែលយាយប៊ីបានកាន់បាយ សម្ល មួយស្រាក់ដើម្បីយកឱ្យប្ដីដែលត្រូវគេឃុំខ្លួននៅសាលាឃុំដែរ។ ក្រោយមក ក៏មានការប៉ះគ្នារវាងយាយប៊ី និងលោក បាដេស ដែលបង្កឱ្យមានស្នូរកាំភ្លើងមួយគ្រាប់ឡើងទៅលើសាលាឃុំ ភ្លាមនោះ លោកបាដេស បានរត់ចេញមកក្រៅ ប៉ុន្តែបែរជាត្រូវជួបជាមួយក្រុមស្ទាវមួយក្រុមនៅខាងក្រៅនេះ។ ក្រុមស្ទៀវនោះ ក៏បានព្រួតគ្នាវាយសម្លាប់លោក បាដេស តែម្ដងទៅ។
រូបយាយប៊ី
ក្រោយដំណាលរឿងចប់ អ្នកភូមិនេះបានគិតថាការស្លាប់របស់ បាដេស មិនមែនក្រោមដៃរបស់យាយប៊ីទេ ប៉ុន្តែដោយសារតែរឿងរ៉ាវទាំងអស់កើតពីលោកយាយម្នាក់នេះ ទើបអ្វីគ្រប់យ៉ាងគេចេះតែដាក់ថា យាយប៊ី ជាអ្នកសម្លាប់បាដេស តែម្ដងទៅ។ រឿងនេះ ក៏បន្ដរហូតមកដល់បច្ចុប្បន្នដែលធ្វើឱ្យជនជាតិបារាំងមិនហ៊ានចូលទៅមើលកន្លែងស្លាប់របស់បាដេស នោះទេ។
សូមបញ្ជាក់កន្លែងចេតិយរបស់បាដេស គឺនៅក្បែរខ្លោងទ្វារចូលវត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចេតិយនេះមានកម្ពស់ប្រហែលជា៦ម៉ែត្រ និងទំហំប្រហែលជា៤ម៉ែត្រការ៉េ សង់នៅលើកន្លែងស្លាប់របស់លោក បាដេស ផ្ទាល់តែម្ដង។ ដោយឡែករូបយាយប៊ីនៅពីមុខនេះ ទើបតែសាងសង់ទេ ដោយមានកម្ពស់ប្រហែលជា១ម៉ែត្រ និងជើងទម្រប្រហែលកន្លះម៉ែត្រ៕
អត្ថបទ៖ មុន្នី រម្យ