ទឹក​ជ្រោះ ចំបក់ បាន​ទៅ​ម្ដង​ ​ដក់​ក្នុង​ចិត្ត​រហូត

  • 2016-10-14 22:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​មួយ​​​ក្នុង​ខេត្ត កំពង់​ស្ពឺ​នៅ​ទី​នេះ​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូច​ជា ​ព្រៃ​​ភ្នំ ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង នឹង រូង​ប្រជៀវ​ជា​ដើម។ សម្រស់​ធម្មជាតិ​ទាំង​អស់​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត ដក់​ជាប់​អារម្មណ៍​ជា​និច្ច។

 

  ចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ។ រមណីយដ្ឋាន​មួយ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ២០០៣ លើ​ផ្ទៃដី ១៣៩១ ហិតា។ ភ្ញៀវ​ទេសចរណ៍ ​អាច​ធ្វើ​​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​​​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ១៨៥ បទ​ស្ដាំ​ត្រង់​​ត្រែងត្រយឹង ផ្លូវ​ចូល​គិរីរម្យ ​​មាន​ចម្ងាយ​​ប្រហែល​​២០​គីឡូម៉ែត្រ លុះ​ដល់​​ជើងភ្នំ​គិរី​រម្យ​បត់​​ស្កាំ​តាម​ផ្លូវ​ក្រួស​ក្រហម​​ចម្ងាយ​ប្រហែល៨ គីឡូម៉ែត្រ នោះ​យើង​នឹង​ទៅ​ដល់​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ។  

មុន​ចូល​​ទៅ​ដល់​ទៅ​ដល់​កន្លែង​​​ទឹក​ធ្លាក់ ភ្ញៀវ​ទេសចរណ៍ ត្រូវ​ជិះ​រទេះគោ ឬ​ម៉ូតូ​ឌុប ចម្ងាយ​ប្រហែល​ជាង២គីឡូម៉ត្រ បន្ទាប់​មក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​លើ​ភ្នំ ជា​ច្រើន​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់​កន្លែង​កម្សាន្ត​ជា​ច្រើន​ដែល​មាន​ចម្ងាយ​ផ្សេងៗ​គ្នា។ ប្រសិន​បើ​លោក​អ្នក​ចង់​ទៅ​កម្សាន្ត​នៅ​ទី​នេះ គួរតែ​​មក​ថ្ងៃ​​ចុង​សប្ដាហ៍ ឬ ថ្ងៃ​ថ្ងៃ​បុណ្យ​ជាតិ ព្រោះ​​​មាន​​ភ្ញៀវ​​ទៅ​ទស្សនា​ច្រើន នឹង​មាន​អ្នក​ភូមិ​យក​របស់របរ​​​ហូប​ចុក​ទៅ​លក់ ប៉ុន្តែ​បើ​ទៅ​ចំ​ថ្ងៃ ធ្វើការ​អាច​មិន​​ឃើញ​មាន​​ឡើយ ដូច​នេះ​លោក​អ្នក​ត្រូវ​មាន ទឹក ឬ អាហារ ​ជាប់​តាម​ខ្លួន ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​កណ្ដាល​ព្រៃ​ជ្រៅ។  

  លោក​អ្នក​គួរតែ​មាន​ទ្រនាប់​ជើង​​​សម្រាប់​ពាក់​​ឡើង​ភ្នំ​កាន់​តែ​ល្អ ព្រោះ​ត្រូវ​ដើរ​ឡើង​តាម​ផ្លូវ​ច្រើន​គីឡូម៉ែត្រ ​កាត់​ព្រៃ​ឫស្សី ឬ ព្រៃរបោះ​មាន​ថ្ម​តូច​ធំ​ជា​ដើម។ ពេល​ឡើង​​ជិត​ដល់​​ទឹក​ជ្រោះ នីមួយៗ លោក​អ្នក​នឹង​លឺ​សូរ្យ​សំឡេង​ទឹក​ជ្រោះ​ហូរ​មិន​ដាច់ បូក​សំឡេង​សត្វ​បក្សាបក្សី​ជា​ច្រើន​ប្រភេទ ធ្វើ​ឲ្យ​លោក​អ្នក​បាត់​ការ​នឿយ​ហត់។  
តាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច ម៉ន ប្រធាន​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ នៅ​ទី​នេះ មាន​កន្លែង​ទេសចរណ៍៥សំខាន់ៗ។   ១/ទឹក​ធ្លាក់​ទី១ មាន​ចម្ងាយ​ពី ចំណត​រទេះ​គោ ១៤៥០ ម៉ែត្រ ២/ ទឹក​ធ្លាក់​ទី២ មាន​ចម្ងាយ​២១០០ ម៉ែត្រ ៣/ ទឹក​ធ្លាក់​ទី៣ មាន​ចម្ងាយ ២៤៥០០ (មាន​ទឹក​ជ្រោះ កម្ពស់ ៤០ ម៉ែត្រ) ៤/ ទឹក​ធ្លាក់​ទី៤ មាន​ចម្ងាយ ៦០០០ ម៉ែត្រ ៥/ រូង​ប្រជៀវ​ មាន​ចម្ងាយ ១៩៥០០ ម៉ែត្រ  

ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ត្រូវ​ទិញ​សំបុត្រ ក្នុង​នេះ​ភ្ញៀវ​ជាតិ​​តម្លៃ ២០០០រៀល ក្នុង​ម្នាក់ ចំពោះ​ភ្ញៀវ​បរទេស១ ដុល្លារ សម្រាប់​កូន​ក្មេង ហើយ​មនុស្ស​ពេញ​​វ័យ ៣ ដុល្លារ។ ភ្ញៀវ​ទេសចរណ៍​អាច​មក​ស្នាក់​នៅ​ទី​នេះ​បាន ព្រោះ​ក្នុង​ភូមិ​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​សម្រាប់​ជួល​ឲ្យ​ស្នាក់​​នៅ (Home Stay)។ តម្លៃ​នៃ​ការ​ស្នាក់​នៅ​​ក៏​ដូច​​ជា​ម្ហូប​អាហារ​ត្រូវ​បាន​កំណត់​ដោត​សហគមន៍ ។  

  ប្រធាន​សហគមន៍​ខាង​លើ​ប្រាប់​ថា ការ​ស្នាក់​នៅ​១យប់ ​មនុស្ស​ម្នាក់​តម្លៃ៤ ដុល្លារ ចំពោះ​អាហារ​វិញ​ចាប់​ពី​មនុស្ស​៥នាក់​ឡើង ពេល​ព្រឹក​ម្នាក់ ២.៥0 ដុល្លារ ពេល​ថ្ងៃ និង ល្ងាច៣.៥០ ដុល្លារ ចំពោះ​​មនុស្ស​​ក្រោម​៥នាក់ ពេល​ព្រឹក​៣ ដុល្លារ ពេល​​ថៃ នឹង ល្ងាច​៤ ដុល្លារ ក្នុង​ម្នាក់។  

ដោយសារ សក្ដានុពល​ធម្មជាតិ​ដូច​បាន​រៀប​រាប់​ខាង​លើ បាន​ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​នៅ​ទី​នេះ​មិន​ដាច់​ឡើយ ជា​មធ្យម​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ អាច​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍​ជាង​១៨០០០នាក់​ក្នុង​មួយ​ឆ្នាំ។ ផែន​ការ​ទៅ​ថ្ងៃ​អនាគត សហគមន៍​គ្រោង​ធ្វើ​ផ្ទះ​សំណាក់​នៅ​ក្នុង​ព្រៃ​តែ​ម្ដង មិន​ឲ្យ​ភ្ញៀវ​ពិបាក​ទៅ​ស្នាក់​នៅ​ផ្ទះ​អ្នក​ភូមិ​ឡើង ជា​មួយ​គ្នា​នោះ​ផ្លូវ​ឡើង​ទៅ​ទី​តាំង​នីមួយៗ​ក៏​មាន​ផែន​ការ អភិវឌ្ឍន៍​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ផង​ដែរ៕   ​ អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី