មក​លេង​រមណីយដ្ឋាន​ច្រក​ល្អៀង កុំ​បារម្ភ​រឿង​អ្នក​លក់​កោ​មិន​ដាក់​ទឹក​

  • 2016-10-21 21:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​កំពុង​ក្លាយ​ជា​​តំបន់​កម្សាន្ត​ដ៏​​មាន​ប្រជាប្រិយ​បំផុត​របស់​ខេត្ត​ពោធិ៍សាត់។ ក្រៅ​ពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​ បាន​ផ្ដល់​ភាព​​កក់​ក្ដៅ​មួយ​ទៀត​​ដល់​អ្នក​កម្សាន្ត​​គឺ​ការ​ផ្ដល់​សេវា​ម្ហូប​អាហារ​ ដែល​មាន​តម្លៃ​សមរម្យ​​ទាំង​អ្នក​ទិញ​ម្ហូប និង អ្នក​លក់​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

 

លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ថា តម្លៃ​នៃ​ការ​លក់​ដូរ​ គឺ​មាន​ការ​ណែនាំ​ពី​មន្ទីរ ដោយ​មាន​ការ​ស្ទង់​មតិ​ត្រឹម​ត្រូវ​រវាង​អ្នក​លក់​ និង អ្នក​ទិញ​រួម​ទាំង​តម្លៃ​រមណីយដ្ឋាន​ផ្សេងៗ​ទើប​សម្រេច​​ពី​គណៈកម្មការ​កំណត់​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួល​បាន​ទាំង​អស់​គ្នា តាមរយៈ​ការ​បោះ​​តម្លៃ លើ​បដា​ ឲ្យ​សាធារណៈ​បាន​ដឹង។

 

ដូច្នេះ​អ្នក​មក​លេង​នៅ​រមណីយដ្ឋាន​នេះ​អាច​ទទួល​យក​បាន​ភាព​កក់​ក្ដៅ​ និង ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​នឹង​សម្រស់​ធម្មជាតិ​​ព្រៃភ្នំ និង ទឹក​ធ្លាក់​ដ៏​ត្រជាក់​ ផងដែរ។ លោក សំ ឃីម មាន​ប្រសាសន៍។

 

ចង់​ដឹង​ព័ត៌មាន​ពិស្ដារ​ សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ

 

គួរ​កត់​សម្គាល់​ដែរ​ថា រមណីយដ្ឋាន​ច្រក​ល្អៀង ជា​​កន្លែង​​​កម្សាន្ត​​ធម្មជាតិ​ដ៏​ស្រស់​ប្រណីត​មួយ​បង្កប់​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​កម្រង​ជួរ​ភ្នំ​ឱរ៉ាល់​ខេត្ត​ពោធិ៍សាត់​​ដែល​ មាន​ចម្ងាយ​ ៧៣ គីឡូម៉ែត្រ​ ពី​ក្រុង​ពោធិ៍សាត់​ និង ១៩៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ ស្ថិត​នៅ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

 

រមណីយដ្ឋាន​នេះ មាន​កម្ពស់​ ៧ ម៉ែត្រ និង ល្បាក់​ទឹក​ធ្លាក់​ត្រជាក់​ និង​ថ្លា​ឆ្វង់​ជាច្រើន​ដំណាក់​ហូរ​លើ​ផ្ទាំង​ថ្ម​ប៉ប្រះ​ទឹក លាន់​ជា​សំឡេង​ពេញ​ព្រៃ​ភ្នំ​ដែល​ភ្ញៀវ​អាច​កម្សាន្ត​គយគន់​ទេសភាព​ ងូត​ទឹក​​លេង​កម្សាន្ត​បំបាត់​បាន​នូវ​ទុក្ខ​កង្វល់​នានា។

 

ការ​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​នេះ​មាន​ចំនួន ៩ ដំណាក់​ មាន​ទេសភាព​ និង ប្រវត្តិ​ខុសៗ​គ្នា មាន​ដំណាក់​តាង៉ុក​គយ ដំណាក់​កោះ​យាយ​ចាំ​តា​ ដំណាក់​ទឹកឈូ ដំណាក់​មនោរម្យ ដំណាក់​ថ្ម​សណ្ដុក​ ជ្រោះ​ដំណាក់​ព្រះ ដំណាក់​ម្លប់​ជ្រៃក្រឹម ដំណាក់​កោះសុបិន និង ដំណាក់​ទឹក​ធ្លាក់​ ជាដំណាក់​ចុងក្រោយ។  សរុប​ទាំង ៩​ដំណាក់​នេះ គឺ​មាន​ប្រវែង ១.៣០០ ម៉ែត្រ និង អាច​ទទួល​ភ្ញៀវ​បាន​ ១ម៉ឺន​នាក់​ក្នុង​ ១ថ្ងៃ៕

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​

អត្ថបទថ្មី