តារា​ម៉ូដែល​ម្នាក់​ត្រូវ​ចោរ​ឆក់​កាល​ពី​ចុង​សប្ដាហ៍​មុន

  • 2014-11-05 16:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា យុន ដាណែត តារា​សម្ដែង​ និង ​ម៉ូដែល ត្រូវ​បាន​ចោរ​ឆក់​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ គ្រា​ដែល​នាង​ចេញ​ពី​ធ្វើ​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ របស់​នាង​ត្រង់​ម្ដុំ ត្រង់​ម្ដុំ​វត្ត​នាគវ័ន្ត។ ដាណែត បាន​ប្រាប់ Sabay ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ នាង​បាន​ទទួល​ធ្វើ​ម៉ូដែល​ឲ្យ​ក្រុមហ៊ុន រថយន្ត​ BMW​ ក្នុង​ព្រឹត្តិការ​តាំង​ពិព័រណ៍ Phnom Penh International Auto Show 2014 ចាប់​ពី​ថ្ងៃ ៣០ តុលា ដល់​ថ្ងៃ​ទី២ វិច្ឆិកា ឆ្នាំ ២០១៤ ដែល​ប្រជុំ​ដោយ​រថយន្ត​ទំនើបៗ និង ស្រី​ស្អាតៗ នៅ​សាល​ពិព័រណ៍​កោះ​​ពេជ្រ។

 

តារា​​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​ ១ រសៀល គ្រា​ដែល​នាង​ធ្វើ​ចេញ​ពី​កោះ​ពេជ្រ ដំណើរ​​តាម​ម៉ូតូ​តែ​ម្នាក់​​ឯង តាម​​ផ្លូវ​ទៅ​ផ្ទះ​របស់​ខ្លួន ត្រង់​ម្ដុំ​វត្ត​នាគវ័ន្ត ស្រាប់​តែ​ត្រូវ​បាន​យុវជន ២ នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​មក​កៀក​​​ម៉ូតូ​របស់​នាង ហើយ​ឆក់​យក​កាបូប រួច​គេចខ្លួន​ទៅ​បាត់។ ដាណែត​ប្រាប់​ថា ក្នុង​កាបូប​នោះ មិន​មាន​របស់​​របរ​ច្រើន​ទេ គឺ​មាន​តែ​ទូរសព្ទ១គ្រឿង ប្រាក់​ប្រហែល​៣០ដុល្លារ និង សំលៀកបំពាក់​ត្រូវ​ស្លៀក​ឲ្យ​រថយន្ត​ BMW​ ​មួយ​ឈុត។

  ទោះ​បី​ជា ត្រូវ​ចោរ​ឆក់​បែប​នេះ​ក្ដី តែ​តារា​ស្រី​​ម្នាក់​នេះ មិន​បាន​​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ឡើយ ព្រោះ​គិត​ថា អស់​​តិចតួច ហើយ​មិន​សង្ឃឹម​ថា អាច​រក​ឃើញ​ឡើយ ប៉ុន្តែ​ អ្វី​ដែល​នាង​ស្ដាយ​នោះ គឺ​ខោអាវ​ត្រូវ​ស្លៀក​​របស់​ ​BMW ដែល​កាត់​ឲ្យ​នាង ត្រូវ​ស្លៀក​បន្ត​នៅ​ពេល​ល្ងាច​ទៀត។

  ដោយសារតែ​ត្រូវ​ចោរ​ឆក់​ខោអាវ​បែប​នេះ កញ្ញា យុន ដាណែត មិន​បាន​ទៅ​ឈរ​កាច់​រាង​ឲ្យ​រថយន្ត ​BMW ក្នុងព្រឹត្តិការ​តាំង​ពិព័រណ៍ Phnom Penh International Auto Show 2014 ​នោះ​ទេ ព្រោះ​អត់​មាន​ឯកសណ្ឋាន​ស្លៀក។ ដាណែត បាន​លើក​ឡើង​ថា សំណាង​ហើយ​ដែល​មិន​​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ដួល​ម៉ូតូ​ជា​ដើម ទៅ​ថ្ងៃ​ខាង​មុខ​នាង​លែង​ដាក់​កាបូប​ធ្វេសប្រហែស​ទៀត​ហើយ៕

 

អានអត្ថបទបន្ត៖ សឿ សុធារ៉ា នាំ​កូន​ស្រី​ដើរ​​ផ្សារ AEON​ លែង​ខ្វល់​រឿង​ស្នេហ៍​បាក់បែក! អានអត្ថបទបន្ត៖ បេក្ខជន The Voice អឿម រុន ត្រូវ Fan ប្រដូចទៅ​នឹង Justin

  អត្ថបទ៖ ខុត សីហា ​