មាននិស្ស័យតែគ្មានវាសនា
- 2016-10-28 21:17:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាននិស្ស័យតែគ្មានវាសនា
ចន្លោះមិនឃើញ
ជារឿងមួយដែលកន្លងហួសទៅហើយ ហើយក៏មិនអាចត្រឡប់ក្រោយបានដែរ តែវាជាការចងចាំមួយមិនអាចបំភ្លេចបានអស់មួយជីវិត។ ថ្ងៃនេះខ្ញុំចង់និយាយវាចេញខ្លះដើម្បីកុំអោយណែនក្នុងដើមទ្រូងពេក។
ជារឿងដ៏ឈឺចាប់បំផុតនៅពេលមនុស្សពីរនាក់ស្រឡាញ់គ្នាខ្លាំង តែមិនអាចជួបគ្នា ។ យើងទាំងពីរនាក់ស្គាល់គ្នា ហើយបានស្រឡាញ់គ្នាដោយចិត្តនឹងចិត្តគឺមិនមិនមែនជារឿងចៃដន្យទេ គឺពីមនុស្សដែលស្អប់គ្នាខ្លាំងតែបែរជាមកស្រឡាញ់គ្នាខ្លាំងទៅវិញ។
រូបតំណាង
ខ្ញុំនឹងគាត់ជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យ ។ យើងទាំងពីរសុទ្ធតែជាជើងខ្លាំងក្នុងថ្នាក់ដូចគ្នា គាត់ក៏រៀនពូកែខ្ញុំក៏ពូកែ ។ ចំណុចនេះហើយដែលធ្វើអោយម្នាក់ៗមានការប្រកួតប្រជែងចង់ដណ្ដើមយកលេខ១ក្នុងថ្នាក់រៀងខ្លួន និយាយទៅខាងគាត់មិនសូវប៉ុន្មានទេតែណាស់មកពីខ្ញុំតែម្ដង។
អ្នកណាមិនដឹងថាខ្ញុំកំពូលឆ្នាសប្រចាំថ្នាក់ ពេលដែលគ្រូហៅអោយឡើងឆ្លើយសំនួរយកពិន្ទុគឺមានតែខ្ញុំនិងគាត់ទេជាអ្នកលើកដៃ ។ បើគ្រូអោយខ្ញុំឡើងឆ្លើយមិនអីទេ តែបើហៅគាត់វិញមិនបាច់ទេ និយាយពីថាភ្នែកសំឡឹងសំឡក់គាត់មិនដាក់ ។ ចំណែកគាត់វិញក៏មិនណយដែរ មិនខ្ចីទ្រខ្ញុំអីតិចសោះហើយកំពូលឌឺលេខមួយ ជាពិសេសពេលដែលខ្ញុំរករឿងគាត់ម្ដងៗ គាត់មិនតបតបែបខឹងទេ តែគាត់តបមកវិញឡើងត្រជាក់តែន័យជ្រៅ ធ្វើអោយខ្ញុំកាន់តែខឹងគាត់លើសដើម។
រយៈពេលដែលយើងមើលមុខគ្នាមិនចំគឺពីរឆ្នាំតាំងពីឆ្នាំទីមួយដល់ឆ្នាំទីពីរ តែឆ្នាំទីបីនិងទីបួនឡើង Sweet អ្នកណាក៏ភ្ញាក់ផ្អើលដែរព្រោះគ្រប់គ្នាតែងនិយាយថាយើងទាំងពីរនាក់ទោះស្លាប់ទៀតក៏មិនត្រូវគ្នាដែរ ។ ដូចពាក្យគេនិយាយមែនស្អប់ជំពប់លើ។ ថ្ងៃមួយនៅក្នុងថ្នាក់គឺតម្រូវអោយចាប់ឆ្នោតដើម្បីធ្វើការចែកក្រុម Assignment ស្រាប់តែឈ្មោះខ្ញុំនិងគាត់នៅក្រុមជាមួយគ្នា គ្រាន់តែដឹងថាត្រូវនៅក្រុមជាមួយគាត់ខ្ញុំធ្លាក់ថ្លើមក្ដុក។ មិត្តក្នុងថ្នាក់គិតថាពួកយើងប្រាកដជាមិនអាចធ្វើហើយទេ បើនៅក្នុងក្រុមមានអ្នកអត់ត្រូវគ្នា។ ពេលនោះហើយដែលខ្ញុំនិងគាត់ត្រូវជួបមុខគ្នារាល់ថ្ងៃ ទោះបីជាយើងមិនត្រូវគ្នា តែរឿងធ្វើAssignment ពួកយើងមិនដែលលេងសើចទេគឺចែកតួនាទីបានច្បាស់ណាស់។
មានរឿងមួយដែលគួរអោយអាណិតគាត់ខ្លាំងបំផុតនោះ គឺម៉ូតូគាត់ត្រូវចោរលួចហើយម៉ូតូហ្នឹង មិនមែនជារបស់គាត់ទៀត គឺម្ដាយមីងរបស់គាត់អោយខ្ចីជិះ។ ពេលខ្លះខ្ញុំឆ្នាសមែន ប៉ុន្តែខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ ចាប់តាំងពីថ្ងៃនោះមកខ្ញុំតែងបើកឡានទៅយកគាត់ដល់ផ្ទះរាល់ថ្ងៃ។
ហឹម... ពេលនោះហើយដែលខ្ញុំបានដឹងពីរឿងពិតរបស់គាត់។ ស្ថានភាពគ្រួសារគាត់ក្រលំបាកណាស់ឪពុករបស់គាត់បានបោះបង់គាត់ និងម្ដាយទៅនៅជាមួយស្រីថ្មី ចំណែកគាត់ត្រូវធ្វើការផងរៀនផង និងមើលខុសត្រូវប្អូនៗដែលនៅតូចៗទៀត គាត់មានការតស៊ូច្រើនហើយខ្ញុំទើបតែដឹងថាគាត់ដើរទៅធ្វើការ ដើរទៅរៀន ហើយទើបមានម៉ូតូជិះពេលរៀននៅសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាសោកស្ដាយបំផុតដែលកន្លងមកខ្ញុំបានធ្វើមិនល្អដាក់គាត់ ហើយធ្វើអោយខ្ញុំបានដឹងពីកំហុសខ្លួនឯង ។ ចាប់តាំងពីពេលនោះមកខ្ញុំបានប្ដូរអត្តចរិតខ្លួនឯងស្ទើរទាំងស្រុង ខ្ញុំតែងជួយគាត់គ្រប់ពេលដែលគាត់មានបញ្ហា ផ្ដល់ជាការលើកទឹកចិត្តដល់គាត់ ។ តាមពិតទៅគាត់ជាមនុស្សល្អសុភាពរាបសារមានការអត់ធ្មត់ តស៊ូ ព្យាយាម តែមកពីខ្ញុំមើលគាត់ក្នុងផ្លូវមិនល្អ។
រយៈពេលមួយសប្ដាហ៍ដែលយើងបានធ្វើការជាមួយគ្នាក្នុងការចងក្រងឯកសារជូនគ្រូ ជាពេលដែលយើងចាប់ផ្ដើមជិតស្និទជាមួយគ្នា ហើយចាប់ផ្ដើមយល់ចិត្តគ្នាបន្តិចម្ដងៗ។ ពេលយើងចេញពីសាលាខ្ញុំតែងហៅគាត់ទៅញ៉ាំនេះញ៉ាំនោះ ជិះទូក មើលកុន ។ ជារៀងរាល់ថ្ងៃ ពេលនៅក្បែរគាត់ខ្ញុំសប្បាយចិត្តជាងនៅជាមួយអ្នកណាៗទាំងអស់ គាត់ពូកែនិយាយហើយកំប្លែងទៀត ពេលនៅជាមួយគាត់មិនចង់បែកពីគាត់សោះ ហើយនឹកគាត់គ្រប់ពេល ។ ពេលនោះខ្ញុំចាប់ផ្ដើមដឹងខ្លួនឯងថាពិតជាស្រឡាញ់គាត់ហើយ ។ ពេលជួបមុខគាត់ម្ដងៗខ្ញុំចេះអៀនអីណា ចំណែកគាត់វិញក៏ចឹងដែរពេលជួបមុខខ្ញុំម្ដងៗមិនសូវហ៊ានមើលចំៗទេ ចូលចិត្តលួចមើលមុខខ្ញុំពេលខ្ញុំមិនដឹងខ្លួន ។ ម្នាក់ៗដូចជាលើសពីមិត្តរួមក្រុមហើយ ពីព្រោះបែកគ្នាមួយជំហ៊ានមិនបាន សូម្បីនៅក្នុងថ្នាក់ក៏យើងផ្ញើសារអោយគ្នាដែរ ពិតជាមិននឹកស្មានសោះ។
ទោះបីជាម្នាក់ៗបាក់ចិត្តស្រឡាញ់គ្នាហើយ តែគ្មាននរណាម្នាក់ហ៊ានសារភាពទេ បានត្រឹមញញឹមញញែមដាក់គ្នាតែប៉ុណ្ណោះ។ រហូតថ្ងៃមួយសាលាបានអោយថ្នាក់រៀនរបស់ខ្ញុំមានដំណើរទស្សនកិច្ចសិក្សានៅឯខេត្តព្រះសីហនុ ហើយវាពេលដែលធ្វើអោយយើងកាន់តែជិតស្និទគ្នាបន្ថែមទៀត។ ពេលធ្វើដំណើរពួកយើងអង្គុយជិតគ្នា ហើយមិត្តរួមថ្នាក់គេបង្អាប់ពួកយើងថា ពិតជាស្អប់ជំពប់លើមែនតែពួកយើងចេះតែថាអត់ទេ មានអីណា តែម្នាក់ៗបេះដូងចង់លោតចេញក្រៅទ្រូងហើយ គាត់បានចាប់ដៃខ្ញុំយ៉ាងណែនតាំងពីភ្នំពេញដល់ខេត្តព្រះសីហនុ ពិតជាកក់ក្ដៅណាស់ តែខ្ញុំនៅតែឆ្ងល់ក្នុងចិត្តថា ហេតុអីក៏គាត់មិនសារភាព ហើយកាន់ដៃយ៉ាងណែនបែបនេះក្នុងន័យអី តែខ្ញុំដឹងច្បាស់ណាស់គឺស្នេហា។
រឿងមួយដែលធ្វើអោយបេះដូងខ្ញុំចង់លោតចេញមកក្រៅនោះគឺ ពេលទៅដល់ឆ្នេរសមុទ្រ គាត់បានបបួលខ្ញុំដើរលេងតាមឆ្នេរ ហើយដឹកដៃខ្ញុំដើរយ៉ាងឆ្ងាយរហូតដាច់ពីហ្វូងមនុស្ស ពេលនោះគាត់យកចិញ្ចៀនថ្មមួយវង់មកពាក់លើម្រាមដៃខ្ញុំ ហើយថែមទាំងថើបខ្នងដៃខ្ញុំថ្នមៗ រួចប្រាប់ថាបងស្រឡាញ់អូន។ ស្រមៃដល់រូបភាពនោះឡើងវិញមានអារម្មណ៍ថាដូចក្នុងភាពយន្ដចឹង តែវាជារឿងពិត ហើយគាត់ក៏សួរបន្តថា ចុះខ្លួនឯងវិញ ? ពេលនោះខ្ញុំនិយាយទាំងរអាក់រអួលថា ចាំពាក្យនឹងយូរហើយ ។ គាត់បានអស់សំណើចជាខ្លាំងហើយនិយាយថាខ្ញុំគួរអោយស្រឡាញ់ណាស់។ ពួកយើងបានសន្យាថាស្រឡាញ់គ្នាដល់ថ្ងៃស្លាប់ ទោះមានរឿងអ្វីក៏យើងមិនចោលគ្នាដែរ យើងតស៊ូជាមួយ គ្នា សាងគ្រួសារជាមួយគ្នា ។ ក្ដីស្រឡាញ់ពួកយើងកាន់ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយម្នាក់ៗបាត់គ្នាមិនបាន អនុស្សាវរីយ៍កាន់តែច្រើនឡើងៗ មានទាំងសប្បាយមានទាំងកើតទុក្ខ តែពួកយើងពេញចិត្តបំផុតនៅអ្វីដែលយើងធ្វើ។
រូបតំណាង
ពួកយើងមិនដែលគិតទេថាពួកយើងត្រូវបែកគ្នា តែព្រហ្មលិខិតពិតជាមិនអាណិតពួកយើងមែនតាមបំបែកពួកយើងអោយព្រាត់ពីគ្នា។ នៅពេលដែលពួកយើងរៀនចប់អ្វីៗត្រូវផ្លាស់ប្ដូរទាំងស្រុងផ្លាស់ប្ដូរគ្មានសល់ គឺគ្រួសារខ្ញុំបង្ខំអោយខ្ញុំរៀបការជាមួយអនិកជនខ្មែរនៅអាមេរិក។ គ្រាន់តែលឺដំណឹងនេះភ្លាម ទឹកភ្នែកខ្ញុំស្រក់ដូចទឹកទន្លេ ព្រោះតែដឹងថា ក្ដីស្នេហារវាងខ្ញុំនិងគាត់ត្រូវមានឧបសគ្គហើយ តើអោយខ្ញុំធ្វើយ៉ាងម៉េចទៅ? ស្ថានភាពពេលនោះខ្ញុំមិនអាចទទួលយកបានទេ ត្រូវដោះស្រាយបែបណា គ្រួសារដែលមានកូនស្រីតែម្នាក់បើជំទាស់ចិត្តគាត់ ខ្ញុំនឹងក្លាយជាកូនអកតញ្ញូ ខ្ញុំត្រូវតែជ្រើសរើសរវាងសង្សារបណ្ដូលចិត្ត និង គ្រួសារ ។ ខ្ញុំគេងមិនលក់អស់ជាច្រើនថ្ងៃ ទូរស័ព្ទក៏ខ្ញុំបិទចោលដែរខ្ញុំសំងំក្នុងបន្ទប់គិតរកដំណោះស្រាយ បើខ្ញុំប្រាប់សង្សារខ្ញុំតើគាត់មានអារម្មណ៍បែបណា គាត់ប្រាកដជាមិនអាចទទួលយកបានទេ ហើយគាត់ប្រាកដជាស្អប់ខ្ញុំមិនខាន។
រយៈពេលមួយសប្ដាហ៍ខ្ញុំបានគិតរួចហើយថាខ្ញុំត្រូវយកប្ដីតាមឪពុកម្ដាយ ហើយបានខលទៅគាត់ដើម្បីប្រាប់រឿងគ្រប់យ៉ាង គ្រាន់តែលឺសំឡេងខ្ញុំគាត់អរចង់ហោះតែក៏ចំលែកចិត្តព្រោះខ្ញុំខលទៅលើកនេះសំឡេងខ្ញុំពោពេញទៅដោយភាពសោកសៅមិនដូចលើកមុនទេ ។ ថ្ងៃនោះហើយជាថ្ងៃដែលខ្ញុំជួបមុខគាត់ជាលើកចុងក្រោយ ទឹកភ្នែកខ្ញុំហូរមិនឈប់ពេលឃើញមុខដ៏ស្រទន់របស់គាត់ គាត់កាន់តែឆ្ងល់ថាមានរឿងអី ខ្ញុំដឹងថាគាត់ពិតជាដឹងថានឹងមានរឿងមិនល្អ។ ខ្ញុំបានប្រាប់គាត់ថាស្នេហាយើងមិនអាចបន្តបានទេ ខ្ញុំត្រូវរៀបការខែក្រោយហើយ និងបានប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើង ។ ជាលើកទីមួយហើយដែលខ្ញុំឃើញទឹកភ្នែកគាត់ស្រក់ គាត់មិនបានខឹងខ្ញុំទេ តែខ្ញុំដឹងថាគាត់ឈឺចាប់ខ្លាំងបំផុត គាត់ជាមនុស្សល្អពេកហើយទោះដឹងថាខ្ញុំ និងគាត់ត្រូវបែកគ្នាតែគាត់បែរជាជូនពរខ្ញុំទាំងទឹកភ្នែក។ ពាក្យមួយរបស់គាត់ដែលធ្វើអោយខ្ញុំខ្លោចចិត្តនោះគឺគាត់និយាយថា បងគ្មានវាសនាបានអូនទេ ធ្វើម៉េចជាតិនេះយើងមិនមែនគូ អូនរៀបការជាមួយគាត់ទៅណា។
នេះជារឿងពិតរបស់ខ្ញុំដែលជាការចងចាំគ្មានថ្ងៃភ្លេចចង់ប្រាប់ថាទោះជាពួកយើងមិនបានគ្នាក្នុងជាតិនេះ តែនារីម្នាក់នេះនៅតែនឹកបងនៅតែស្រឡាញ់បង បែកពីអូនទៅបងត្រូវរឹងមាំ តស៊ូ ព្យាយាម បន្តទៀតទោះគ្មានអូនក៏ដោយ ហើយសង្ឃឹមថាបងនឹងអាចជួបនារីម្នាក់ទៀត ដែលបងស្រឡាញ់ហើយល្អជាងអូនទៀត ហើយសាងសុភមង្គលជាមួយនារីម្នាក់នោះ ស្រឡាញ់គ្នាដល់ថ្ងៃស្លាប់៕
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.visal@sabay.com
ឬទូរសព្ទទៅកាន់លេខ 015 209 699
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា
អត្ថបទ៖ ប្រិយមិត្ត Sabay