ខ្លែង​ឯក​​ខ្មែរ បង្ហាញ​វត្ត​មាន​​ជុំ​វិញ​ពិភព​លោក មាន​​​​ប្រវត្តិ​យ៉ាង​ណា​​​​​?

  • 2016-10-31 15:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លែង​ឯក​ ដែល​ជា​​​ខ្លែង​មួយ​​​​​ក្នុង​ចំណោម​​​​ប្រភេទ​ខ្លែង​ខ្មែរ​ជាង​​២០​ប្រភេទ ​មាន​ឈ្មោះ​ល្បី​ល្បាញ​​​ដល់​ឆាក​អន្តរជាតិ​​​ ដោយ​វា​ត្រូវ​បាន​​​​យក​ទៅ​ចូល​រួម​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ​ ចាប់​ពី​ឆ្នាំ​១៩៩៤ នៅ​​​​ប្រទេស​ជា​ច្រើន​ដូច​ជា បារាំង អ៊ីតាលី អង់គ្លេស ចិន ជប៉ុន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី និង​វៀតណាម​ជា​​ដើម។ នេះ​បើ​តាម​លោក​ រឿង សារ៉េត អនុប្រធាន​​​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌។

 

 

កញ្ញា​ នួន កន្និកា ​សមាជិក​​មួយ​រូប​​នៃ​​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​​ សំឡេង​ឯក ជួយ​ផ្សព្វ​ផ្សាយ​អំពី​​ខ្លែង​ខ្មែរ​បាន​រៀប​រាប់​ពី​ដំណើរ​ដើម​ទង​របស់​ខ្លែង​ឯក​​ដោយ​យោង​តាម​​​​​​សៀវភៅ​​​​​របស់​លោក​ ស៊ឹម សារ៉ាក់ ដែល​ជា​អ្នក​ប្រមូល​ចង​ក្រង​​ពី​ប្រវត្តិ និង​អត្ថន័យ​របស់​ខ្លែង​ខ្មែរ​​​​​ថា ខ្លែង​នេះ​មាន​ឈ្មោះ​ដើម​​​​ថា ខ្លែង​ព្នង​ ​​ដែល​​បង្កើត​ឡើង​ដោយ​បុព្វ​បុរស​ខ្មែរ​តាំង​ពី​​​​៤០០​ឆ្នាំ​ មុន​គ្រិស្តសករាជ គឺ​តាំង​ពី​ពេល​​មុន​សម័យ​នគរ​ភ្នំ​ ។

 

ខ្លែង​នា​សម័យ​នោះ​ ឆ្អឹង​ធ្វើ​ឡើង​ដោយ​ឫស្សី និង​តួ​ខ្លែង​ពាស​ដោយ​ស្លឹក​ឈើ ដែល​ត្បាញ​ដូច​កន្ទេល​សម្រាប់​បង្ហោះ​​ក្នុង​ពិធី​បង្ហោះ​ខ្លែង​នា​រដូវ​ច្រូត​កាត់​ ។ ដោយ​សារ​មុន​សម័យ​នគរ​ភ្នំ​បុព្វ​បុរស​ខ្មែរ​​មាន​ជំនឿ​លើ​អ្នក​តា ដូច​នេះ​​​​​តែង​តែ​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​តា​​ដែល​ជួយ​ឲ្យ​ភោគ​ផល​ស្រូវ​ដំណាំ​បាន​ផល​ល្អ។​  

កញ្ញា​ នួន កន្និកា ​សមាជិក​​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​​ សំឡេង​ឯក ជួយ​ផ្សព្វ​ផ្សាយ​អំពី​​ខ្លែង​ខ្មែរ​

 

​រហូត​ដល់​សម័យ​នគរ​ភ្នំ​​( សតវត្ស​ទី​១​ដល់​ទី​៦) គេ​ហៅ​ខ្លែង​​​​​​នេះ​ថា ​​ឬ​​ខ្លែង​មេកូន។ ដោយ​សារ​តែ​ខ្មែរ​នា​សម័យ​នោះ​ប្រកាន់​របប​មាតា​ធិប​តេយ្យ​ ទើប​ខ្លែង​ត្រូវ​បាន​ចាត់​ទុក​​​ជា​មេ ឬ​​ព្រះ​មហាក្សត្រី​យានី ហើយ​ព្នង​ត្រូវ​អ្នក​ស្រុក​ហៅ​ថា​ ខ្លែង​មេ​កូន​ ដែល​​ពាក្យ​"មេ​​" ដែល​តំណាង​ឲ្យ​ព្រះ​មហាក្សត្រី​យានី និង​ពាក្យ​"កូន" តំណាង​ឲ្យ​ប្រជារាស្ត្រ។  

ចំពោះ​ខ្លែង​​​ឯក​ មាន​លក្ខណៈ​ពិសេស​​ជា​ច្រើន​ដូច​​ជា​៖​  

ខ្លែង​ឯក​បំពាក់​ដោយ​​ឧបករណ៍​ភ្លេង​​​ "​ឯក" ដែល​ជា​ប្រដាប់​មួយ​ប្រភេទ​មាន​ដង​សណ្ឋាន​ស្រដៀង​នឹង​ដង​ធ្នូ តូច​រៀវ សម្រាប់​ដាក់​ភ្ជាប់​នឹង​ក្បាល​ខ្លែង​​ឯក អាច​បន្លឺ​សំឡេង​លាន់​ឮ​សូរ​រងំ​ដោយ​កម្លាំង​ខ្យល់​បក់​ត្រូវ​។ បង្ហោះ​ខ្លែង​ឯក​ជា​ការ​កម្សាន្ត​សប្បាយ បង្ហោះ​ជា​សហគមន៍។ ពេល​អ្នក​ស្រុក​មាន​ឱកាស​បង្ហោះ​​ខ្លែង គឺ​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មាន​សេរីភាព​ និង​ប្រទេស​ជាតិ​មាន​សន្តិភាព​។ ខ្លែង​ឯក​ តំណាង​ឲ្យ​​មាន​មាតា​ខ្មែរ ឬ​អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ៕

 

 

​​​​អត្ថបទ៖ មាន រតនា
អត្ថបទថ្មី