​របរ​​តម្បាញ​សូត្រ​របស់​​អ្នក​ស្រុក​ ភ្នំ​ស្រុក​ ប្រឈម​ការ​បាត់​បង់

  • 2016-11-02 13:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តំបន់​ធ្វើ​តម្បាញ​ល្បីល្បាញ​មួយ​ក្នុង​ទសវត្ស​៩០ ប៉ុន្តែ​ដល់​​បច្ចុប្បន្ន​នេះ មុខ​របរ​នេះ​នៅ​សល់​មិន​ដល់​១០ គ្រួសារ​ផង​ ស្ថិត​នៅ​ភូមិ​ចំនួន​​៣​ គឺ​ភូមិ​ប៉ោយ​ស្នួល ប៉ោយចារ​ និង ភូមិ​ត្រពាំង​ថ្ម​ខាង​ជើង ​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មានជ័យ។ តើ​ហេតុ​អ្វី​បាន​ជា​មុខរបរ​តម្បាញ​នៅ​ស្រុក​ភ្នំស្រុក កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក?

 

 អ៊ុំស្រី ណាក សារឿង

 

មិន​មាន​ទីផ្សារ ក្មេង​បច្ចុប្បន្ន​ចាប់​ផ្ដើម​ចំណាក​ស្រុក​ និង ការ​ចិញ្ចឹម​កូន​ដង្កូវ​នាង មិន​បាន​ផល ដែល​ជា​​មូលហេតុ​ធំៗ​នេះ​ហើយ​ធ្វើ​ឲ្យ​​របរ​សិប្បកម្ម​តម្បាញ​ធ្លាក់​ចុះ​​ជា​លំដាប់ ក្រោយ​ពី​ឆ្នាំ១៩៩២ រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​មិន​ដល់​១០​គ្រួសារ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​ អ៊ុំស្រី ណាក សារឿង រស់​នៅ​​ភូមិ​ត្រពាំង​ថ្ម​ខាង​ជើង ឃុំ​ប៉ោយចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មានជ័យ។

 

អ៊ុំស្រី សារឿង ដែល​ចេះ​ត្បាញ​សូត្រ ក្រមា និង សារ៉ុង តាំង​ពី​ដូនតា​បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"ថា ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម និង ក្រោយ​ថ្ងៃ​រំដោះ​ ឆ្នាំ ១៩៧៩ អ្នក​ស្រុក ភ្នំស្រុក ស្ទើរតែ​ទាំង​អស់​ចេះ​ត្បាញ​គ្រប់​គ្នា ហើយ​ចិញ្ចឹម​ដង្កូវនាង ដើម្បី​យក​សរសៃ​សូត្រ​ មក​ត្បាញ​ផលិត​ជា​ហូល​ ផាមួង សារ៉ុង និង ក្រមា ជាដើម។ ប៉ុន្ដែ​ក្រោយ​ឆ្នាំ ១៩៩២ ការ​លក់​ដូរ​មិន​សូវ​មាន​ទីផ្សារ ហើយ​ការ​ចិញ្ចឹម​ដង្កូវ​នាង​មិន​កាក់កប ដូច្នេះ ពួកគេ​បាន​ផ្លាស់​ប្ដូរ​មុខរបរ​ជា​អ្នក​តម្បាញ​បន្តិច​ម្ដងៗ​រហូត​ស្ទើរ​អស់​ពី​ស្រុក​ភូមិ។

 

“អូនអើយ! ឥឡូវ​នៅ​សល់​តែ ៣ភូមិ​ទេ ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ដែល​បន្ត​ត្បាញ តែ​អត់​មាន​វត្ថុ​ធាតុ​ដើម​ទេ គឺ​ពឹង​ឈ្មួញ​យក​អំបោះ​ មក​ត្បាញ បាន​ចំណេញ​តិចតួច​ប៉ុណ្ណោះ"។ អ៊ុំស្រី សារឿង និយាយ។

 

ស្រ្ដី​វ័យ៦១ ឆ្នាំ​រូប​នេះ បន្ត​ទៀត​ថា ក្មេងៗ​ឥឡូវ​ក៏​គេ​មិន​ចង់​ធ្វើ​ការងារ​នេះ​ដែរ ពួកគេ​ទៅ​ធ្វើ​ការ​ចំណាក​ស្រុក​បាន​លុយ​ច្រើន​ជាង គឺ​ភាគច្រើន​ទៅ​ធ្វើ​ការ​នៅ​ថៃ ដូច្នេះ ហើយ​សិប្បកម្ម​តម្បាញ​កេរមរតក​ដូន​តា​ចេះ​តែ​បាត់បង់​បន្ដិច​ម្ដងៗ។

 

 

ទាក់ទងនឹងរឿងនេះ ​អ៊ុំស្រី សារឿង បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សិប្បកម្ម​តម្បាញ​នៅ​ក្នុង​ស្រុក​ភ្នំស្រុក នឹង​បាត់​បង់​ទៅ​ថ្ងៃ​អនាគត ដូច្នេះ អ៊ុំស្រី ចង់​ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ក៏ដូចជា ជួយ​រក​ទីផ្សារ​ផលិតផល​តម្បាញ​សម្រាប់​អ្នក​ភូមិ​ ដើម្បី​អាច​បន្ត​ការងារ​នេះ​ទៀត៕

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​