ដឹងអត់! ខារ៉ាអូខេ ច្រៀងរាល់ថ្ងៃហ្នឹង មានដើមកំណើតមកពីណា?
- 2016-11-21 03:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់! ខារ៉ាអូខេ ច្រៀងរាល់ថ្ងៃហ្នឹង មានដើមកំណើតមកពីណា?
ចន្លោះមិនឃើញ
ខារ៉ាអូខេ ចាក់ច្រៀងនៅតាមផ្ទះ និងតាមហាងជាលក្ខណៈគ្រួសារ ប្រិយមិត្តប្រាកដជាធ្លាប់បានច្រៀងកម្សាន្ត។ យ៉ាងណាមិញតើអ្នកដឹងទេថា ខារ៉ាអូខេ ជាការកម្សាន្តនោះមានប្រភពពីណា?
តាមឯកសារបរទេស ខារ៉ាអូខេ គឺមានដើមកំណើតនៅក្នុងទីក្រុង កូបេ ប្រទេសជប៉ុន ក្នុងទសវត្ស ឆ្នាំ១៩៦០ ។ ដើមហេតុដែលវាបានកើតឡើង គឺដោយសារតែ អ្នកធ្វើការ អ្នកជំនួញជប៉ុន ក្រោយពេលបញ្ចប់ការងារ តែងតែទៅជួបជុំគ្នា ស៊ីផឹកនៅតាមហាង បារ ដែលមានក្រុមតន្ត្រីប្រគំភ្លេងច្រៀងកម្សាន្តតាម។
ដោយសារមូលហេតុសមាជិកក្រុមតន្ត្រីឧស្សាហ៍ឈឺ ហើយការជួលក្រុមតន្ត្រីមានតម្លៃថ្លៃ ដូចនេះម្ចាស់បារ ក៏បានរៀបចំម៉ាស៊ីនចាក់ចម្រៀង ដែលអាចឲ្យអតិថិជនច្រៀងលេងកម្សាន្តតាមបាន ហើយគំនិតនៃការបង្កើត ខារ៉ាអូខេក៏បានកើតឡើង។
ខារ៉ាអូខេ(Karaoke) គឺមកពីពាក្យជប៉ុនកាត់ផ្សំគ្នាគឺ "Kara” មកពីពាក្យ "Karappo” ដែលមានន័យថា "ទទេ" និង "Oke" មកពីពាក្យ "Okesutura" ដែលមានន័យថា "វង់តន្ត្រី"។
ទសវត្សឆ្នាំ១៩៧០ ម៉ាស៊ីនចាក់ខារ៉ាអូខេកើតឡើង៖
ដោយបច្ចេកវិទ្យាមានវិវឌ្ឍថ្មីៗ ម៉ាស៊ីនចាក់ភ្លេងខារ៉ាអូខេត្រូវបានបង្កើតឡើងនាទសវត្សឆ្នាំ១៩៧០ ហើយវាបានដាក់នៅតាមសណ្ឋាគារ និងបារ ក្នុងបំណងដើម្បីឲ្យអតិថិជនកម្សាន្តសប្បាយ និងកុម្ម៉ង់ភេសជ្ជៈបន្ថែម។
ទសវត្សឆ្នាំ១៩៨០ អាជីវកម្មខារ៉ាអូខេ៖
បច្ចេកវិទ្យាកាន់តែរីកចម្រើន ម៉ាស៊ីនចាក់ខារ៉ាអូខេបានវិវឌ្ឍ ដោយបានប្រើ ថាសចម្រៀង (DVD) ហើយអ្នកច្រៀងខារ៉ាអូខេ អាចមើលអក្សរទំនុកច្រៀង លើអេក្រង់ទូរទស្សន៍ ហើយមានអារម្មណ៍ថារូបគេអាចច្រៀងដូចជាអ្នកចម្រៀងអាជីព។ ដោយសារម៉ាស៊ីននោះមានការទាក់ទាញ អាជីវកម្មខារ៉ាអូខេបានបង្កើតឡើង (Karaoke Box) ដែលមានរៀបចំជាបន្ទប់មានម៉ាស៊ីនខារ៉ាអូខេ ហើយអតិថិជនអាចច្រៀងកម្សាន្ត និងហៅម្ហូប ភេសជ្ជៈមកកំដរមាត់។
ទសវត្សឆ្នាំ១៩៩០ ខារ៉ាអូខេល្បីល្បាញ៖
ខារ៉ាអូខេបានទាក់ទាញចំណាប់អារម្មណ៍ និងទទួលភាពល្បីសុសសាយទៅដល់ប្រទេសនៅទ្វីបអាស៊ីជាច្រើនទៀត ជាពិសេសប្រទេសក្បែរខាងជប៉ុន គឺចិន និងកូរ៉េ និងបន្តរហូតដល់ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគេនិយមហៅថា KTV។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាប្រទេសលោកខាងលិច នៅអឺរ៉ុប និងអាមេរិកក៏មានភាពពេញនិយមលើ ខារ៉ាអូខេនោះផងដែរ៕