ស្ករ​តាំង​ម៉ែស្រូវ​រសជាតិ​ផ្អែម​ប្រហើរ​ ជា​ផលិត​ខ្មែរ​ ប្រចាំ​ខេត្ត​កំពង់​ធំ

  • 2016-12-01 03:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ករតាំងម៉ែស្រូវ​ជាផលិត​ខ្មែរ​មួយ​ដែល​អ្នក​ភូមិ​កងសៅ ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ ចេះ​ធ្វើ​តាំង​ពី​ដូនតា​មក ប៉ុន្ដែ មុខរបរ​មួយ​នេះ​ស្ទើរ​តែ​បាត់បង់​ទៅ​ហើយ​ដោយសារ​តែ​ពិបាក​ធ្វើ​ ចំណាយ​ពេល​យូរ តែ​បាន​ចំណូល​តិច។

ស្ករតាំងម៉ែស្រូវ​មាន​រសជាតិ​ផ្អែម​ប្រហើរ​ ខុស​ប្លែក​ពី​ស្ករតាំង​ម៉ែ​ធ្វើ​ពី​ស្ករផែន ឬ​ស្ករផ្សេងៗ។ រសជាតិ​ស្ករ​តាំងម៉ែស្រូវ ផ្អែម​ប្រហើរ ដែល​ចំរាញ់​ចេញ​ពី​បាយដំណើប និង ស្រូវ​សុទ្ធសាធ ពុំ​មាន​ជាតិ​គីមី ដែល​អ្នក​មាន​បញ្ហា​សុខភាព ជាពិសេស​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញុំា​បាន​ដោយ​មិនប៉ះពាល់​ដល់​សុខភាព។

*ស្ករតាំងម៉ែស្រូវ ផ្អែមប្រហើរ​ ស្អិត​ល្មួត​ដូច​ទឹកឃ្មុំ រសជាតិ​ចេញ​ពី​អង្ករដំណើប និង ស្រូវ*

អ៊ុំស្រី កាន់ សាគុណ ដែល​បាន​ចាប់​អាជីព​ជា​អ្នក​ធ្វើ​ស្ករ​តាំងម៉ែស្រូវ តាំង​ពី​ឆ្នាំ ២០០៤ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ "ផ្លូវ​ទៅស្រុក" ថា ការ​ចាប់​អាជីព​ធ្វើ​ស្ករតាំង​ម៉ែ ព្រោះ​ជា​ផលិតផល​ប្រចាំ​ភូមិ​កងសៅ ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ។ ប៉ុន្ដែ មុខរបរ​មួយ​នេះ​បាន​បាត់បង់​បន្ដិច​ម្ដង​ៗ ដោយសារ​តែ​លំបាក​ធ្វើ​ តែ​ចំណូល​បាន​តិច។

“តាំង​ពី​ដូនតា​មក​គឺ​នៅ​ភូមិ​នេះ​គេ​ចេះ​ធ្វើ​ស្ករតាំង​ម៉ែ​ស្រូវ​គ្រប់ៗ​ផ្ទះ ប៉ុន្ដែ វា​ពិបាក​ធ្វើ​ចំណាយ​ពេល​យូរ​ទើប​បាន​ផល តែ​ចំណូល​បាន​តិច ទើប​គេ​ឈប់​ធ្វើ​ ហើយ​ងាក​ទៅ​ធ្វើ​ការ​ផ្សេងៗ​វិញ។" អ៊ុំស្រី សាគុណ និយាយ​បន្ថែម។

ស្រ្តី​វ័យ​ជិត ៧០ឆ្នាំ រូប​នេះ​បាន​រៀបរាប់​ទៀត​ថា ការ​ធ្វើ​ស្ករតាំង​ម៉ែ​ស្រូវ ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ១៣​ថ្ងៃ។

*អ៊ុំស្រី កាន់ សាគុណ អតីតគ្រូបង្រៀន និង​ជា​អ្នក​ធ្វើ​ស្ករ​តាំងម៉ែស្រូវ*

គ្រឿង​ផ្សំ​​ស្ករ​តាំង​ម៉ែស្រូវ៖

១. ស្រូវ ២. អង្ករ​ដំណើប

វិធី​ធ្វើ​ស្ករតាំងម៉ែស្រូវ៖ យក​ស្រូវ​ទៅត្រាំ​រួច​ស្រង់​មក​វិញ​ផ្អាប់​ទុក​យ៉ាង​តិច ៦-៧ថ្ងៃ ក្រោយ​មក​ទៀត​យក​ទៅ​ហាល​ថ្ងៃ​វិញ (បើ​មាន​ថ្ងៃ​ល្អ ២-៣ថ្ងៃ​គឺ​បាន​ហើយ)។ នៅ​ពេល​ហាល​ស្ងួត​ល្អ​ជង្រុក​ស្រូវ​នេះ​អាច​ទុក​បាន​យូរ ហើយ​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ តាំងម៉ែស្រូវ​ ត្រូវ​យក​ទៅ​ហាល​ម្ដង​ទៀត​ប្រហែល​ ១ថ្ងៃ រួច​យក​ទៅ​បុក​នៅ​ពេល​ព្រឹក។ ឯល្ងាច​ដាំ​បាយ​ដំណើប​ទុក។ ស្អែក​ឡើង​ទើប​​យក​បាយ​ដំណើប​ និង ​ស្រូវ​ដែល​បាន​បុក​លាយច្របល់​ចូល​គ្នា​លាយ​ជាមួយ​ទឹក ក្រោយ​មក​ទៀត​ពូត​​យក​កាក​​វាយ​ចេញ ឯទឹក​វា​យក​ទៅ​រំងាស់​ដូច​ជាស្ករ​ត្នោត គឺ​ត្រូវ​ចំណាយ​ពេល​រំងាស់​ប្រហែល​ជា ៣ម៉ោង នឹង​ទទួល​បាន​ផល​មិន​ខាន។

អ៊ុំស្រី កាន់ សាគុណ បាន​រៀបរាប់​ទៀត​ថា ស្ករតាំងម៉ែស្រូវ​គឺ​ធ្វើ​ឡើង​បែប​ធម្មជាតិ​សុទ្ធសាធ ដូច្នេះ រសជាតិ​ផ្អែម​របស់​ស្ករតាំងម៉ែស្រូវ ផ្ដើម​ចេញ​ពី​ជាតិ​ផ្អែម​របស់​អង្ករ​ដំណើប និង ស្រូវ។ ដូច្នេះ កន្លង​មក​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធ្លាប់​ទិញ​យក​ទៅ​ញុំា​ ហើយ​ពួកគេ​ប្រាប់​ថា ក្រោយ​ពី​ញុំា​ស្រួលខ្លួន។

សព្វថ្ងៃ​នេះ អ៊ុំស្រី សាគុណ បាន​ចែកចាយ​ស្ករតាំង​ម៉ែ​នៅ​ក្នុង​ភូមិផង ហើយ​ខាង​ រមណីយដ្ឋាន​បឹងសំរឹទ្ធ យក​ទៅ​លក់​បន្ត​ផងដែរ។ អ៊ុំស្រី បាន​អំពាវនាវ​ដូច្នេះ​ថា "សូម​ពុកម៉ែ បងប្អូន ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​មួយ​នេះ ព្រោះ​ជា​ស្ករតាំង​ម៉ែស្រូវ ដែល​ផលិតឡើង​ពុំ​មាន​ប្រើប្រាស់​សារធាតុ​គីមី​អ្វី​នោះទេ ដែល​ស្ករតាំង​ម៉ែស្រូវ អាច​ញុំា​លេង​សុធក៏បាន លាយ​ជាមួយ​នំប៉័ងក៏បាន"៕

ចង់ដឹងព័ត៌មាន​លម្អិត ចុចទស្សនា​វីដេអូ​ខាងក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី