៦ចំណុច​សំខាន់ៗ​បំផុត ជំរុញ​ឱ្យ ក្មេងៗ​ធំ​មិន​ទាន់ ​ចេះ​មាន​ស្នេហា

  • 2016-12-06 08:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ស្នេហា​ សំដៅ​ដល់​ការ​ស្រឡាញ់​គ្នា​រវាង​បុគ្គល​ពីរ​នាក់​ ដែល​ធំ​ពេញ​វ័យ​មាន​អារម្មណ៍ មនោសញ្ចេតនា រវាង​គ្នា​ហើយ​ឈាន​ទៅ​រក​ពាក្យ​ជា​សង្សារ​ឬ ​ជា​ស្វាមី​ភរិយា​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្នេហា​ហាក់​ដូចជា​ងាយ​កើត​ឡើង​មិន​ថា​វ័យ​ណា​នោះ​ទេ ជា​ពិសេស​គឺ​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​ ក៏​អាច​ឈាន​ទៅ​រក​ការ​ស្រឡាញ់​គ្នា​បាន​ដែរ​។ ដូច្នេះ​តើ​កត្តា​អ្វី​បាន​ជា ​ធ្វើ​ឱ្យ​កត្តា​ធម្មជាតិ​ដែល​ធ្លាប់​​កំណត់​ថា​មនុស្ស​ពេញ​វ័យ​ទើប​មាន​អារម្មណ៍​ស្នេហា ប្រែប្រួល​យ៉ាង​នេះ​? ខាង​ក្រោម​នេះ​ជា​ការ​យល់​ឃើញ​ពី​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​សង្គម​៖

១.ភាពយន្ត និង​បទ​ចម្រៀង

​កញ្ញា ឈាវ រចនា ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​ច្បាប់​ ជា​ភាសា​អង់គ្លេស​បាន​លើក​ឡើង​ថា កត្តា​ដែល​ជំរុញ​ឱ្យ​ក្មេង​សម័យ​ឥលូវ​ធំ​មិន​ទាន់​ចេះ​មាន​ស្នេហា នោះ​ទី​មួយ​ភាពយន្ត ដែល​ធ្វើ​ឱ្យ​ក្មេង​ទទួល​យក​អ្វី​ដែល​បាន​ទស្សនា​ បាន​ឃើញ​ ហើយ​ចង់​ក្លាយ​ជា​តួអង្គ​ក្នុង​រឿង​នោះ​។ ភាពយន្ត​បច្ចុប្បន្ន​នេះ​កម្រ​មាន​ភាពយន្ត​បែប​អប់រំ​ណាស់​គឺ​ភាពយន្ត​បែប​ស្នេហា ស្រឡាញ់​គ្នា​ផ្អែមល្ហែម មាន​ជួប​មាន​បែក។ ក្មេង​ដែល​ស្ថិត​ក្រោម​អាយុ​១៦​ឆ្នាំ​ជា​វ័យ​ដែល​ចង់​ដឹង​ ចង់​លឺ ចង់​សាក​នូវ​អ្វី​ដែល​ថ្មី​ដូច​អ្វី​ដែល​ខ្លួន​បាន​ឃើញ​។ ចំណែក​បទ​ចម្រៀង​ក៏​ជា​ចំណែក​មួយ​ដែរ គឺ​ចម្រៀង​កាយវិការ​បែប​ស្នេហា ស្រឡាញ់​គ្នា​មួយ​ឆាវ​មិន​ទាន់​ដឹង​អី​ផង ឈាន​ទៅ​រក​ការ​រួមរស់​ជាមួយ​គ្នា​។ ដូច្នេះ​រូបភាព​ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​បែប​នេះ​ហើយ​ទើប​ជំរុញ​ឱ្យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ផង​យក​តម្រាប់​តាម។​

២. បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook

Facebook អាច​និយាយ​បាន​ថា​ជា​ជង្រុក​គ្រប់​រឿង​រ៉ាវ​ គ្រប់​រូប​ភាព គ្រប់​ព័ត៌មាន​។ ហេតុអ្វី​បាន​ជា​Facebookជំរុញ​ឱ្យ​ក្មេង​ចេះ​មាន​ស្នេហា? មូល​ហេតុ​នោះ​គឺ រាល់​រូប​ភាព​ផ្អែមល្ហែម ស្និទ្ធស្នាល កៀកកើយ ដែល​គេ​បង្ហោះ ​ជា​សាធារណៈ​គឺ​ធ្វើ​អោយ​ពួកគាត់​ជា​អនីតិជន ក្រោម​១៨​ឆ្នាំ មាន​អារម្មណ៍​ថា ច្រណែន​ជាមួយ​គូស្នេហ៍​គេ ហើយ​ចង់​មាន​មនុស្ស​ម្នាក់ ធ្វើ​រឿង​បែប​នោះ​ចំពោះ​ខ្លួន​ឯង​។ ចំណុច​នេះ​ហើយ​ធ្វើ​ឱ្យ​គាត់ ឈាន​បង្កើត​ទំនាក់ទំនង​ ជាមួយ​មនុស្ស​ដែល​នាង ឬ​គាត់​ចាប់​អារម្មណ៍​ ហើយ​ឈាន​ទៅ​រក​ស្នេហា​ទាំង​វ័យ​ក្មេង​។ នេះ​ជា​ចំណុច​បន្ថែម​ទៀត​របស់​ កញ្ញា រចនា​។​

៣. ប្រលោមលោក​បរទេស

ការ​អាន​ច្រើន​ចេះ​ច្រើន​ចម្រើន​វិជ្ជា ប៉ុន្តែ​ហេតុអ្វី​បាន​ជា​យុវវ័យ​អាន​ប្រលោមលោក​ហើយ​បែរ​ជា​មាន​ស្នេហា​? ​ប្រលោម​លោក​គឺ​មាន​ច្រើន​ប្រភេទ មាន​ប្រលោមលោក​បែប​អប់រំ និង​ប្រលោមលោក​បែប​ស្នេហា យុវវ័យ​ឆើតឆាយ​ ស្រើប​ស្រាល។ ការ​អាន​ប្រលោមលោក​ច្រើន ជា​ពិសេស​ប្រលោមលោក​បែប​បរទេស រឿង​កូរ៉េ ដែល​គេ​ឧស្សាហ៍​ឃើញ​លក់​នៅ​តាម​របង​សាលា ដែល​ក្មេងៗ​ជា​ពិសេស​ស្រីៗ​តែង​ជួល​អាន​ បាន​នឹង​កំពុង​ជំរុញ​ឱ្យ​ពួក​គាត់​ចាប់​ផ្ដើម​កើត​កូន​ចិត្ត​មួយ​ចង់​មាន​ស្នេហា ដូចជា​តួ​អង្គ​ក្នុង​រឿង ចង់​មាន​ទេវបុត្ត ជិះ​សេះ​ស​មក​លួងលោម​កៀក កិត ជិត​ប្រាណ។ មួយ​វិញ​ទៀត​ប្រលោម​លោក​បែប​ស្នេហា​កូរ៉េ​នេះ ធ្វើ​អោយ​គាត់​ញៀន​ភ្លេច​រៀន​ភ្លេច​សូត្រ​ក៏​មាន​ដែរ​ អាន​អស់​មួយ​ក្បាល​ចូល​មួយ​ក្បាល​។ ដូច្នេះ​គួរ​ប្ដូរ​ការ​ជួល​រឿង​ប្រលោម​លោក​នេះ មក​ទិញ​សៀវភៅ ច្បាប់​ក្រមង៉ុយ សៀវភៅ​ប្រវត្តិសាស្ត្រ ឬ​សៀវភៅ​ដែល​ជំរុញ​ឱ្យ​មាន​ចំណេះ​ដឹង​ល្អ​ជាង​។

៤. ប្រើប្រាស់​បច្ចេកវិទ្យា​ខុស

វិបុល រតនកែវ និស្សិត​នៃ​សាកល​វិទ្យាល័យ​ឯកជន​មួយ​បាន​លើក​ឡើង​ថា ​បច្ចេកវិទ្យា ​ប្រើប្រាស់​ដើម្បី​ទាញ​ប្រយោជន៍​ មក​បំពេញ​តម្រូវ​ការ​ក្នុង​ការ​សិក្សា​មិន​អី​ទេ​តែ​មាន​អ្នក​ប្រើប្រាស់​ខុស​គោលដៅ​ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ដែរ។ ចាស់ៗ​កាល​ពី​សម័យ​មុន​មិន​ដែល​មាន​បច្ចេកវិទ្យា គាត់​ស្រឡាញ់​គ្នា មក​តាម​ផ្លូវ​ទៅ​តាម​ច្បាប់ ប៉ុន្តែ​ក្មេង​សម័យ​ឥលូវ​មិន​បាច់​និយាយ​ទេ ទូរស័ព្ទ​ទំនើបៗ គ្រប់​ដៃ​។ អ្នក​ខ្លះ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ និង​កម្មវិធី​ផ្សេងៗ​ក្នុង​ទូរស័ព្ទ កុំព្យូទ័រ Laptop អាច​និយាយ​គ្នា​បាន ចង់​ឃើញ​មុខ​គ្នា​ក៏​បាន។ ដូច្នេះ កត្តា​នេះ​ហើយ​ដែល​ជួយ​សម្រួល​ដល់​ពួក​គាត់​ក្នុង​ការ​បង្កើត​ស្នេហា​។

​៥. កត្តា​គ្រួសារ

រតនកែវ បន្ត​ទៀត​ថា គ្រួសារ​ក៏​ជា​ចំណែក​មួយ​ដែរ ឪពុក​ម្ដាយ​ដែល​គ្មាន​ពេល​វេលា សម្រាប់​កូន មិន​បាន​គ្រប់គ្រង​មើល​ខុស​ត្រូវ​កូន ក៏​ជំរុញ​ឱ្យ​ពួកគាត់​ដើរ​ទៅ​រក​ផ្លូវ​នេះ​ដែរ​។ ឪពុកម្ដាយ ដែល​ធ្វើ​ការ រក​ស៊ី​រហូត​គ្មាន​ពេល​សម្រាប់​កូន អាច​ធ្វើ​អោយ​កូន​មាន​អារម្មណ៍​ឯកា ខ្វះ​ភាព​កក់ក្ដៅ ដូចនេះ​ឱ្យ​តែ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ជីវិត​របស់​គាត់​អាច​ធ្វើ​ឱ្យ​មាន​ស្នាម​ញញឹម ភាព​រីក​រាយ គឺ​គាត់​នឹង​ចាប់​ផ្ដើម​ទទួល​យក​ម្នាក់​នោះ​ជា​ចំណែក​មួយ​ក្នុង​ជីវិត។ មួយ​វិញ​ទៀត​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ ឱ្យ​លុយ​កូន​ចាយ​ពេញៗ​ដៃ ក៏​ជា​មូល​ហេតុ​មួយ​ជំរុញ​ឱ្យ​ពួកគាត់​ មាន​ឱកាស​ដើរ​លេង ចេញ​ក្រៅ មាន​ទំនាក់ទំនង​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ដែរ​។

៦. កត្តា​មិត្ត​ភក្ដិ

វ័យ​ជំទង់​ជា​វ័យ​មួយ​ងាយ​ទទួល​យក​អ្វី​ដែល​ថ្មី ប្លែក។ ដូច្នេះ​ប្រសិន​បើ​ក្មេង​នោះ​ សេពគប់​ជា​មួយ​មិត្ត​ភក្ដិ​ដែល​មាន​ស្នេហា គេ​អាច​​ចង់​មាន​ស្នេហា​ដូច​គេ​ដែរ។ ចង់​មាន​អ្នក​ខ្វល់​ខ្វាយ ចង់​មាន​អ្នក​នាំ​ដើរ​លេង ញ៉ាំ​នេះ​ញ៉ាំ​នោះ បង្ហោះ​សារ​ស្នេហា​ផ្អែម​ល្ហែម​ចង់​ឱ្យ​គេ​ដឹង​លឺ​ថា​ខ្លួន​មាន​ស្នេហា​តាំង​ពី​ក្មេង ចាស់ៗ​សុំ​ខ្មាស។

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី