ពង្រឹងចំណេះដឹងដោយ "ពូកែឆ្ងល់" និង "ពូកែសួរ"
- 2016-12-20 04:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពង្រឹងចំណេះដឹងដោយ "ពូកែឆ្ងល់" និង "ពូកែសួរ"
ចន្លោះមិនឃើញ
''ត្រូវសង់ចំណេះវិជ្ជាឲ្យរីកចម្រើន ដោយពូកែឆ្ងល់ ព្រោះពេលឆ្ងល់ច្រើន យើងសួរច្រើន ហើយត្រូវចាំថាគ្រប់ចម្លើយល្អសុទ្ធតែចេញពីសំណួរល្អដែរ។ កុំខ្លាចក្នុងការសួរជានិច្ចថា ហេតុអ្វី? ហេតុអ្វី? ហេតុអ្វី?'' នេះជាការលើកឡើងរបស់លោក កូវ ពុទ្ធារ័ត្ន លើប្រធានបទ ''ការស្វែងឆ្ងល់ ស្វែងសួរ ស្វែងរក និងស្វែងយល់'' ក្នុងកម្មវិធី Ignite Phnom Penh ។
កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ 18 ធ្នូ ម្សិលមិញ នៅសាលមជ្ឈមណ្ឌលវប្បធម៌កម្ពុជាកូរ៉េ (CKCC) ចាប់ពីម៉ោង 1 ដល់ ម៉ោង 5 រសៀលដោយមានការចូលរួមពីសិស្សនិស្សិតយ៉ាងច្រើនកុះករ។
លោក ពុទ្ធារ័ត្ន ជានាយកគ្រប់គ្រងវិទ្យាស្ថាន Rodwell Learning រូបនេះក៏បានបន្ថែមដែរថា បន្ទាប់ពីយើងសួរហើយ យើងក៏ត្រូវតែចេះចែករំលែកចំណេះដឹង នឹងបូកចំណេះដឹងយើងជាមួយអ្នកដទៃដែរ ព្រោះយើងអាចរៀនសូត្ររឿងថ្មីៗបន្ថែមទៀត។ ដូច្នេះ អ្នកទាំងអស់ ជាពិសេសសិស្សនិស្សិត គួរតែសួរឲ្យបានច្រើនដើម្បីរៀនអ្វីដែលថ្មីៗបន្ថែម ។
ក្រៅពីប្រធានបទខាងលើនេះ ក៏មានដែរ ប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើនដែលត្រូវលើកមកធ្វើបទបង្ហាញដោយវាគ្មិនទាំងអស់ចំនួន ១៦ រូបសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍មកពីស្ថាប័នផ្សេងៗគ្នា។ ប្រធានបទទាំងនោះ រួមមាន៖
– ការគិតវិជ្ជមាន – អ្នកជំរុញទឹកចិត្តខ្ញុំ – វត្ថុម្យ៉ាងដែលហៅថាសៀវភៅ – ជាកសិករមានទៅអន់អី! មែនអត់? – ច្បាប់ Murphy – What is my topic? – ហ៊ានបរាជ័យ – បញ្ឈប់ការវាយតម្លៃរាងកាយមនុស្ស – អ្នកមានថាមពលអាចធ្វើបាន – ចាប់យកគំនិតត្រូវដើម្បីជំរុញឲ្យប្រសើរ – How to Dance with Depression? – ការស្វែងឆ្ងល់ ស្វែងសួរ ស្វែងរក និងស្វែងយល់ – Marketing Strategy in Digital Era – មិនត្រូវឈប់ – រឿងពិតនៅពីក្រោយស្នាមញញឹមមួយនោះ – ធ្វើជាមនុស្សមានតម្លៃ
សូមបញ្ជាក់ថា Ignite Talks គឺជាកម្មវិធីនិយាយជាសាធារណៈមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ នៅសហរដ្ឋអាមេរិក។ ចំពោះ Ignite Phnom Penh ឆ្នាំនេះគឺជាការរៀបចំលើកទីមួយនៅស្រុកខ្មែរ ក្នុងគោលបំណងពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់សិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ដើម្បីបញ្ចេញគំនិតខ្លួនដែលចង់ចែករំលែកទៅសាធារណៈជន។
ចំណុចពិសេសរបស់កម្មវិធីនេះគឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ 5 នាទី និងបទបង្ហាញ (Slide) ចំនួន 20 ប៉ុណ្ណោះ៕