ចំណុច​សំខាន់ៗ​បំផុត​​គួរ​តែ​ដឹង មុន​ទៅ​លេង​កំពង់សោម​

  • 2016-12-27 03:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ព្រះសីហនុ​គឺ​ជា​គោលដៅ​ទេសចរណ៍ ដ៏​សំខាន់​ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរ​កម្សាន្ត​។ ដំណើរ​កម្សាន្ត​ជា​ទូទៅ​ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន​បំផុត គឺ​មិន​បាន​គិត​គូ​ពី​បញ្ហា​ដែល​អាច​កើត​មាន​ពេល​ទៅ​លេង​កម្សាន្ត​ ឬ​ប្រការ​គួរ​យល់​ដឹង​មុន​ពេល​ទៅ​ខេត្ត​ព្រះសីហនុ​ឡើយ ​ប្រជាពលរដ្ឋ​គិត​ថា​មាន​តែ​លុយ​គឺ​គ្រប់​គ្រាន់​ហើយ​។ ប៉ុន្តែ​ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​នេះ​ពោរពេញ​ដោយ​ភាព​រីករាយ មាន​សុវត្ថិភាព កាត់​បន្ថយ​ការ​ចំណាយ​ គួរ​ស្វែង​យល់​ចំណុច​សំខាន់​ៗ​ដូច​ខាង​ក្រោម​៖

១.ធ្វើ​ម្ហូប​ខ្លួន​ឯង​អង្គុយ​ញ៉ាំ​ចុង​ឆ្នេរ

អ្នក​ស្រី ថារី ជា​អ្នក​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់ បាន​ប្រាប់​ថា ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ប្រសិន​បើ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ អាច​មាន​មនុស្ស​ច្រើន​លើស​ពី​ថ្ងៃ​ធម្មតា ហើយ​តម្លៃ​ម្ហូប និង​ថ្លៃ​តូប​អាច​ឡើង​ថ្លៃ​តិច​តួច​។ ដូច​នេះ​ប្រសិន​បើ​ចង​កាត់​បន្ថយ​ការ​ចំណាយ​អាច​ធ្វើ​ម្ហូប​ពី​ផ្ទះ ដាំ​បាយ​ រៀបចំ​ភេសជ្ជៈ​ ឱ្យ​ហើយ បន្ទាប់​មក​អាច​យក​កន្ទេល ឬ​តង់​ក្រាល​អង្គុយ​នៅ​ចុង​ឆ្នេរ ដូចជា​ឆ្នេរ​អូ​ឈើទាល ឆ្នេរ​អូត្រេះ ឆ្នេរ​ឯករាជ្យ ដោយ​គ្មាន​នរណា​ហាម​ឃាត់​នោះ​ឡើយ​។ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សប្បាយ​ជាង​ការ​ជួល​តូប​គេ​អង្គុយ​ទៀត​ផង។

២. ទិញ​ម្ហូប​ពី​ផ្សារ​លើ​ឱ្យ​ហើយ

អ្នក​ស្រី​ ថារី បន្ត​ទៀត​ថា ប្រសិន​បើ​បងប្អូន​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ម្ហូប​ពី​ផ្ទះ​ទេ គួរ​តែ​ទិញ​ម្ហូប​ពី​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ​ឱ្យ​ហើយ ព្រោះ​មាន​តម្លៃ​ថោក​ជាង​ម្ហូប​ដែល​គេ​លក់​នៅ​តូប​ផ្ទាល់​។ អ្នកស្រី ថារី ប្រាប់​ថា​នៅ​ផ្សារ​លើ ​ភ្ញៀវ​ទេសចរណ៍​អាច​ទិញ​ម្ហូប​ឆៅ ដូចជា​គ្រឿង​សមុទ្រ​ស្រស់ៗ​យក​ឱ្យ​គេ​ចម្អិន​ក៏​បាន ឬ​មួយ​ទិញ​ម្ហូប​ស្រាប់​ក៏​បាន​ដែរ ចំណែក​ឯ​រសជាតិ​ឆ្ងាញ់​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​អ្នក​ស្រី​ប្រាប់​ថា ប្រសិន​បើ​ជួល​តូប​គេ​អង្គុយ​គួរ​ហៅ​ម្ហូប​គេ​តិចតួច បើ​មិន​ដូច្នោះ​ទេ ម្ចាស់​តូប​អាច​ដំឡើង​ថ្លៃ​តូប ដោយសារ​មិន​បាន​ជួយ​ទិញ​ម្ហូប​គេ​។​​​

៣. ពេល​គិត​លុយ

លោក ឆាត ជា​អ្នក​រស់​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ដែរ បាន​បន្ថែម​មួយ​ចំណុច​ទៀត​គឺ​ពេល​គិត​លុយ​។ លោក​ប្រាប់​ថា ​នៅ​ពេល​គិត​លុយ​សូម​ពិនិត្យ​ផ្ទៀងផ្ទាត់​តារាង​តម្លៃ​មុខ​ម្ហូប​ជាមួយ​នឹង​វិក្កយបត្រ​ឱ្យ​បាន​ច្បាស់​លាស់ ពី​ព្រោះ​មាន​ម្ចាស់​តូប​ខ្លះ​អាច​ឆ្លៀត​កែ​តម្លៃ​ក្នុង​វិក្កយបត្រ ឬ​អាច​បន្ថែម​មុខ​ម្ហូប​ដែល​មិន​បាន​ហៅ​ដើម្បី​ចំណេញ​ពី​ភ្ញៀវ​ទេសចរណ៍​។ ចំណុច​នេះ​លោក​ថា​កម្រ​កើត​ឡើង ប៉ុន្តែ​អាច​នឹង​កើត​មាន​ចំពោះ​អ្នក​មិន​បាន​គិត​ដល់​ពី​បញ្ហា​នេះ​។

​៤. កក់​ផ្ទះ​សំណាក់​មួយ​អាទិត្យ​មុន

​ប្រសិន​បើ​មាន​គម្រោង​​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ គួរ​តែ​កក់​ផ្ទះ​សំណាក់​មុន​យ៉ាង​ហោច​ណាស់​បាន​មួយ​អាទិត្យ​មុន​ទៅ​ដើរ​លេង​។ លោក ឆាត​ប្រាប់​ថា ប្រសិន​បើ​ពេល​មក​ដើរលេង​ទើប​រក​ផ្ទះ​សំណាក់ ឬ​កក់​លឿន​ពេក​ជា​ធម្មតា​គឺ​មាន​តម្លៃ​ថ្លៃ​លើស​ពី​តម្លៃ​ធម្មតា។ ដូច្នេះ​ហើយ​គួរ​កក់​ទុក​មុន​ដើម្បី​ចំណេញ​លុយ​ទុក​ដើរលេង និង​ចំណាយ​លើ​អ្វី​ដែល​ចាំបាច់​ផ្សេង​ទៀត​។

៥. ក្មេង​តូច​ៗ

ចំពោះ​អ្នក​ដែល​មាន​កូន​តូច​ៗ​គួរ​ប្រយ័ត្ន​បំផុត​ពេល​ទៅ​លេង​ឆ្នេរ​សមុទ្រ ការ​ធ្វេស​ប្រហែស​របស់​អ្នក​មួយ​ពព្រិច​ភ្នែក​អាច​ធ្វើ​ឱ្យ​មាន​វិប្បដិសារី​បាន​។ មាន​កូន​តូច​មិន​គួរ​ឱ្យ​លេង​ទឹក​សមុទ្រ​ម្នាក់​ឯង ឬ​ទុក​ចោល​នោះ​ឡើយ ព្រោះ​មាន​ករណី​គ្រោះ​ថ្នាក់​ដោយ​ការ​លង់​ទឹក​នេះ​ច្រើន​លើក​ច្រើន​សារ​ហើយ ដោយសារ​ឪពុកម្ដាយ​ធ្វេស​ប្រហែស​។

៦. សម្ភារៈ​មាន​តម្លៃ

ចំណុច​នេះ​មិន​ថា​តែ​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ឬ​តំបន់​ទេសចរណ៍​ណា​ក៏​ដោយ របស់​របរ​មាន​តម្លៃ​គួរ​កុំ​​ទុក​ចោល​ឱ្យ​សោះ​ជា​ពិសេស​ក្មេង​តូច​ៗ​ដែល​ជា​អ្នក​រើស​អេតចាយ​ជាដើម​ ឱ្យ​តែ​ហ៊ាន​ទុក​ចោល​តែ​មួយ​វិនាទី គឺ​ដឹង​តែ​រក​លែង​ឃើញ​តែ​ម្ដង​។ ដូច​នេះ​ប្រសិន​បើ​ចង់​លេង​ទឹក​សមុទ្រ គួរ​ផ្ញើ​របស់​មាន​តម្លៃ​ជាមួយ​បងប្អូន ឬ​អ្នក​ណា​ដែល​អ្នក​ទុក​ចិត្ត​បំផុត​។

៧. ពេល​លេង​ទឹក​សមុទ្រ

ជាទូទៅ​ពេល​លេង​ទឹក​សមុទ្រ គឺ​មាន​ការ​ដោត​ទង់​ជា​ការ​កំណត់​ជម្រៅ​ទឹក​ កន្លែង​ដែល​គេ​ដោត​ទង់​នោះ​មានន័យ​ថា​អាច​លេង​ទឹក​ត្រឹម​ទង់​សម្គាល់​នោះ​តែ​ប៉ុណ្ណោះ​​។ ដូច្នេះ​សូម​កុំ​ទៅ​លេង​ហួស​ដែន​ដែល​គេ​កំណត់​គឺ​លេង​ហួស​ពី​កន្លែង​ទង់​ ទោះ​បី​ជា​ចេះ​ហែល​ទឹក​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ជា​កន្លែង​គ្រោះ​ថ្នាក់​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​៕

​​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម