១៣កន្លែង មិនគួររំលង បើទៅលេងឆ្លងឆ្នាំនៅខេត្តព្រះសីហនុ
- 2016-12-30 10:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៣កន្លែង មិនគួររំលង បើទៅលេងឆ្លងឆ្នាំនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ប្រិយមិត្តមួយចំនួនប្រាកដជា មានគម្រោងទៅដើរលេង ទៅប៉ែកនិរតីនៃប្រទេស គឺខេត្តព្រះសីហនុជាកន្លែងមានឆ្នេរសមុទ្រស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា ជាមួយគូសង្សារ មិត្តភ័ក្ដិ បងប្អូន ក្រុមគ្រួសារ ក្នុងរាត្រីដ៏ពិសេស។
បើមាន គម្រោងទៅដើរលេងនៅទីនោះ បងសប្បាយ សូមណែនាំតាមរយៈក្រុមការងារផ្លូវទៅស្រុក ត្រួសៗពីកន្លែងដើរលេងពិសេសៗមួយចំនួនក្នុងទឹកដី ខេត្តព្រះសីហនុ រួមទាំងរមណីយដ្ឋានមួយចំនួន ដែលប្រិយមិត្តនឹងជិះកាត់តាមផ្លូវទៅកាន់ ខេត្តព្រះសីហនុ៖
@រមណីយដ្ឋានទេរទឹកពុះ ខេត្តកំពង់ស្ពឺ៖
ទេទឹកពុះ មានទីតាំង នៅក្នុងភូមិទេ ឃុំសង្កែទាប ស្រុកឱរ៉ាល់ ខាងលិចទីរួមខេត្តកំពង់ស្ពឺ ប្រមាណ ៦០គីឡូម៉ែត្រ។
ទេទឹកពុះ មានបន្ទាត់ផ្ចិតប្រវែង១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ ៨០ម៉ែត្រការ៉េ។ សីតណ្ហភាពទឹកគឺ ៧០ អង្សាសេ។ អ្នកភូមិនៅតំបន់ទេទឹកពុះមានជំនឿ ថាទឹកក្ដៅពុះដែលផុសចេញពីដី អាចយកទៅព្យាបាលជំងឺគ្រប់ប្រភេទបាន។
@ រមណីយដ្ឋាន ថ្មរូង៖
មានទីតាំងនៅភូមិព្រៃប្រសិទ្ធ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ថ្មរូងជារមណីយដ្ឋានធម្មជាតិ ភ្ញៀវទេសចរ អាចទស្សនា ព្រៃភ្នំធម្មជាតិ និងងូតទឹកលេង យ៉ាងសប្បាយរីករាយ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ចំងាយពីភ្នំពេញប្រហែល ១១៥គីឡូម៉ែត្រ បត់ស្តាំប្រហែល៧ គីឡូម៉ែត្រ អ្នកនឹងទៅដល់ រមណីយដ្ឋាននោះ។
@រមណីយដ្ឋាន ឋានសួគ៌ បូកគោ៖
ភ្នំបូកគោជាទីកម្សាន្តធម្មជាតិសម្បូរបែប ដែលធ្វើឲ្យភ្ញៀវទេសចរទៅលេងមានអារម្មណ៍រីករាយស្រស់ថ្លា។ នៅទីនោះ ប្រិយមិត្តអាចទស្សនា ពពកវិល ថ្មមុខយក្ស បឹងលើភ្នំ វត្តសំពៅប្រាំ ព្រះវិហារកាតូលិកចាស់ ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់) ដំណាក់ស្លាខ្មៅ ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្ដេច វាលស្រែ៥០០ និងកន្លែងសមាធិ។
បូកគោ មានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រ ពីក្រុងកំពត។
@ វត្តជោតញ្ញាណ ឬវត្តលើ មើលសម្រស់ក្រុងព្រះសីហនុ កម្ពស់១៣២ម៉ែត្រពីភ្នំលើ៖
វត្តជោតញ្ញាណ ឬវត្តលើ មានទីតាំងស្ថិតនៅលើភ្នំមួយនៃខេត្តព្រះសីហនុដែលមានកម្ពស់១៣២ម៉ែត្រ។ វត្តដ៏ចំណាស់មួយនេះជាទីសក្ការរបស់ពុទ្ធសាសនិក និងជាកន្លែងដែលពលរដ្ឋនៅខេត្តព្រះសីហនុ ចូលចិត្តទៅលម្ហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ ជាពិសេសក៏ជាទីតាំងដ៏ល្អដែលសម្រាប់ភ្ញៀវទេសចរ ដែលចង់មើលទេសភាពនៃទីក្រុងព្រះសីហនុបានយ៉ាងច្បាស់ល្អ។
@ ឧទ្យានរាម ខេត្តព្រះសីហនុ៖
ឧទ្យានជាតិរាម ស្ថិតនៅប្រហែលជា១៨គម ខាងកើតក្រុងព្រះសីហនុ ដែលត្រូវបានគេស្គាល់ថាជាតំបន់អភិរក្សដោយសារតែតម្លៃជាតិ វិទ្យាសាស្ត្រ អប់រំ និងកម្សាន្ត។ ឧទ្យានជាតិរាម ស្ថិតនៅរវាងកោះថ្មី និងក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុប ២១,០០០ ហិកតា ក្នុងនោះផ្ទៃដីទំហំ ១៥,០០០ ហិកតា ជាដីគោកស្ថិតតាមឆ្នេរសមុទ្រ និងផ្ទៃដីទំហំ ៦,០០០ ហិកតា ជាផ្ទៃទឹកសមុទ្រ។ ឧទ្យានជាតិរាម ជាកន្លែងដ៏មានប្រជាប្រិយក្នុងការផ្ដិតយកទិដ្ឋភាពផូរផង់ នៃធម្មជាតិ។
@ ឆ្នេរអូឈើទាល៖
ឆ្នេរអូឈើទាលបានទាក់ទាញអ្នកទេសចរ ច្រើនជាងតំបន់ដទៃទៀតក្នុងខេត្តព្រះសីហនុ។ ឆ្នេរអូឈើទាលកម្ពុជាបានទទួលវិញ្ញាបនបត្របញ្ជាក់ពីឆ្នេរខ្សាច់ស្អាតលំដាប់ពិភព លោកកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១១ នៅប្រទេសសេណេហ្គាល់ ក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបឆ្នេរខ្សាច់ស្អាតពិភពលោក។ ក្លឹបនេះ មានសមាជិក ២៦ ប្រទេស និងមានឆ្នេរចំនួន ៣២ កន្លែង។
@ឆ្នេរអូរត្រេះ៖
ជាឆ្នេរសមុទ្រស្ងប់ស្ងាត់បរិយាកាសល្អបរិសុទ្ធ នៃក្រុងព្រះសីហនុ និងស្ថិតនៅភាគខាងត្បូងនៃឆ្នេរអូរឈើទាល។ លាតសន្ធឹងតាមបណ្ដោយសមុទ្រនៃក្រុងព្រះសីហនុ ឆ្នេរអូរត្រេះមានប្រវែងដល់ទៅ៣គីឡូម៉ែត្រ។ អ្វីដែលចែកដាច់ឆ្នេរអូរត្រេះពីឆ្នេរដទៃ គឺភាពស្ងប់ស្ងាត់មិនងាយនឹងរកបានឡើយ ដោយឆ្នេរផ្សេងៗទៀតមានភ្ញៀវទេសចរច្រើន។
@ ឆ្នេរឧទ្យានរាម៖
ឆ្នេរនៅឧទ្យានរាមមិនសូវមានភាពទាក់ទាញដូចបណ្តាឆ្នេរដទៃទៀត ភាគច្រើនភ្ញៀវដែលមកកម្សាន្តច្រើនតែជិះហួសមកហួស។ ប៉ុន្តែភាពស្ងប់ស្ងាត់នៃឆ្នេរមួយនេះ ជាចំណុចទាក់ទាញដែលអន្ទងចិត្តភ្ញៀវទេសចរមួយចំនួន ជ្រើសរើសជាកន្លែងសម្រាកលំហែកាយសម្រាប់ដំណើរកម្សាន្តមកខេត្តព្រះសីហនុ។ ឆ្នេរសំខាន់ៗនៅទីនោះរួមមានឆ្នេរចម្ការដូង ឆ្នេរបរិស្ថាន ឆ្នេរថ្មដុះ និងឆ្នេរព្រែកចាក ជាដើម។
@ កោះរ៉ុង៖
ជាកោះស្ថិតនៅ ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ មានផ្ទៃដី ៧៨ គីឡូម៉ែត្រការេ។ លោក ថែល វីរៈ គណនេយ្យករនៃក្រុមហ៊ុន កោះរ៉ុងដាយសិនធឺរ ដែលនាំភ្ញៀវទេសចរទៅកម្សាន្តតាមកោះ បានឲ្យដឹងថា អ្នកដំណើរទាំងឡាយអាចទៅកម្សាន្តកោះរ៉ុងនេះតាមទូក ដោយចេញដំណើរនៅម៉ោង៩ និងម៉ោង៣ ទៅដល់កោះរ៉ុងក្នុងរយៈពេលពីរម៉ោង តម្លៃប្រហែល ១៥ដុល្លារ ឬតាមកាណូតលឿន ចេញនៅម៉ោង៨ព្រឹក ម៉ោង១១ថ្ងៃ និងម៉ោង៣រសៀល ដោយចំណាយពេលតែ៤៥នាទីទៅដល់កោះនោះ ក្នុងតម្លៃប្រហែល ២០ដុល្លារ។
@ កោះរ៉ុងសន្លឹម៖
ឈ្មោះស្រដៀង នឹង កោះរ៉ុងដែរ កោះរុងសន្លឹមស្ថិតនៅភាគខាងត្បូងនៃ កោះរ៉ុង ចម្ងាយ ប្រហែល ៤ គម។ នៅទីនោះភ្ញៀវអាចដើរទស្សនាទិដ្ឋភាពព្រៃឈើ ឬ ក៏អាចជួលទូកជិះកម្សាន្តជុំវិញកោះ។
@ កោះទន្សាយ៖
ស្ថិតនៅចម្ងាយពី ៤ គីឡូម៉ែត្រ ខាងត្បូងឆ្នេរកែប កោះទន្សាយជាទិសដៅទេសចរណ៍មួយដែល ប្រកបដោយបរិយាកាសធម្មជាតិ និង បាងកាឡូជាជួរៗសម្រាប់ឱ្យទេសចរជួលស្នាក់នៅ។
@កោះសង្សារ៖
ស្ថិតក្នុងខេត្តព្រះសីហនុ កោះឯកជននេះបានបង្អួតសម្រស់ជាមួយនឹង ឆ្នេរខ្សាច់ពណ៌ស ព្រៃរងទឹកភ្លៀង និង បាងកាឡូតម្រៀបគ្នារដឹកលើផ្ទៃសមុទ្រ។ ដើម្បីទៅដល់ទីនោះ ភ្ញៀវត្រូវជិះទូកពីកំពង់ផែព្រះសីហនុ ប្រហែល ៣៥ នាទី ។
@កោះតាគៀវ៖
ចម្ងាយ ប្រហែល ១៣ គីឡូម៉ែត្រពី ឧទ្យានជាតិរាម កោះនេះជាកន្លែងដ៏ពិសេសមួយសម្រាប់ទេសចរ ជ្រមុជទឹក ស្ទូចត្រី និង អុំទូកកៃយ៉ាក់ជាដើម។
ថ្ងៃឆ្លងឆ្នាំថ្មី ២០១៧ ខាងមុខនេះ បង Sabay សូមជូនពរ ឲ្យប្រិយមិត្តទូទាំងប្រទេស ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជូនពរឲ្យ ជោគជ័យរាល់ក្ដីប្រាថ្នាសម្រាប់ឆ្នាំថ្មី ៕