ពិតទេថា Louis Vuitton ដុត​ចោល​កាបូបដែលលក់មិនដាច់ទាំងអស់?

  • 2017-01-05 13:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំនួរមួយលើវិបសាយសួរសំនួរ Quora ហាក់​ទទួលបានការ​ចាប់​អារម្មណ៍ជាខ្លាំង ដោយ​សំនួរ​សួរ​ថា៖ "តើពិតទេដែលថា Louis Vuitton ដុត​ចោល​កាបូបដែលលក់មិនដាច់ទាំងអស់?"។

គណនីមួយឈ្មោះ Ahmed Bouchfaa ដែល​បញ្ជាក់ថាខ្លួនធ្លាប់ធ្វើការនៅក្រុមហ៊ុន Louis Vuitton បាន​ឆ្លើយ​តប​សំនួរ​ខាង​លើ​​ថា​ វា​មិន​មែន​ជា​ការ​ពិត​ទាំងស្រុង​នោះទេ។ បុរសរូបនេះបន្តបញ្ជាក់ថា Louis Vuitton មិន​ដែល​លក់​ផលិត​បញ្ចុះតម្លៃទេពោល​គឺ​លក់​ក្នុង​តម្លៃ​កំណត់​ជាក់លាក់មួយ។ ការ​ធ្វើ​ដូច​នេះ​ដើម្បី​បញ្ជាក់​ថា​អតិថិជនគ្រប់​គ្នាចាយ​លុយ​ស្មើ​គ្នា​លើ​ទំនិញនីមួយៗ។

ដោយ​ឡែកសម្រាប់ទំនិញសេសសល់ដែលលក់មិនចេញ ក្រុមហ៊ុនរៀបចំការ​លក់​លក្ខណៈឯកជនមួយសម្រាប់​បុគ្គលិក​របស់ Louis Vuitton។ ប្រហែលជាពីរដងក្នុង​មួយឆ្នាំពួកគេនឹងប្រមូលទំនិញដែលនៅសល់មក​ដាក់​នៅ​ឃ្លាំងទំនិញដ៏ធំមួយ ហើយអនុញ្ញាតឲ្យបុគ្គលិកទិញក្នុងតម្លៃទាបបំផុត។ បុគ្គលិកទាំងអស់ក៏អាចទិញវាជាអំណោយសម្រាប់នរណាម្នាក់បានដែរ ប៉ុន្តែក្រុមហ៊ុន​នឹងធ្វើការតាមដានទំនិញនោះយ៉ាងតឹងរឹង ប្រសិន​បើ​គេឃើញអំណោយនោះ​ដាក់​លក់​លើវិបសាយលក់ទំនិញអនឡាញ នោះក្រុមហ៊ុននឹងដឹងថានរណាម្នាក់ជាអ្នកធ្វើ។

ក្រុមហ៊ុននឹងបន្តធ្វើការលក់ឯកជននេះដល់បុគ្គលិករហូតដល់ពេលមួយដែលគេគិត​ថា​ទំនិញទាំងនោះលែងមានតម្លៃ​ត​ទៀត។ ពេល​នោះ​ហើយ​​ជា​ពេលដែលទំនិញត្រូវ​ដុតកំទេចចោល។ ត្បិត​ថា​នេះជាទង្វើឆ្គួតលីលាមួយ ប៉ុន្តែតាមពិតទៅវាជាគំនិតជំនួញដែលគិតគូរបានយ៉ាងល្អ។ តាមរយៈការកំទេចផលិតផលដែលសេសសល់ គេអាចគ្រប់គ្រងតម្រូវការបាន ហើយទំនិញ​នឹង​មិន​មាន​ពាសពេញទីផ្សារ ហើយក៏មិនមាន​លក់​នៅ​លើ​ទីផ្សារ​​មួយទឹកដែលធ្វើឲ្យ​ប៉ះពាល់ដល់មុខមាត់របស់ក្រុមហ៊ុននោះទេ៕

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង