កញ្ញា​ឯក ប៉ែន ពណ្ណវឌ្ឍន៍​ ​មោទនភាព​ក្រោយ​បង្ហាញ​គុន​ល្បុក្កតោ​ទៅ​អន្តរ​ជាតិ

  • 2017-01-06 06:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ឯក​​ ប៉ែន ពណ្ណវឌ្ឍន៍​ ដែល​ទើប​តែ​លើក​ពាន​២ក្នុង​ពេល​ថ្មីៗ​នេះ ​ពី​កម្មវិធី​ Miss Tourism Queen of the Year International 2016 ប្រាប់​ពី​មោទនភាព​ក្នុង​ការ​បង្ហាញ​គុន​ល្បុក្កតោ​ខ្មែរ​ នៅ​សៀងហៃ ប្រទេស​ចិន។

ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ​រូប​នេះ​ប្រាប់​ថា គោល​បំណង​​ដែល​នាង​ជ្រើស​យក​ល្បុក្កតោ​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​ "Miss Talent " ព្រោះ​ចង់​បង្ហាញ​អ្វី​ដែល​ជា​របស់​ខ្មែរ​ ហើយ​ចង់​បញ្ជាក់​ថា​គុន​ល្បុក្កតោ​ខ្មែរ​ មិន​មែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ហាត់​បាន​ស្រី​ក៏​ហាត់​បាន​ដូចគ្នា។ ​​

ពណ្ណវឌ្ឍន៍​ ​បន្ត​ថា នាង​មាន​​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​សម្រាប់​ហ្វឹកហាត់​ ហើយ​ក្បាច់​​ដែល​នាង​យក​ទៅ​ប្រកួត​គឺ​ ក្បាច់​ដៃ និង ដាវ ​ដែល​នាង​មាន​រយៈ​ពេល​តែ៣​​នាទី។ ​ទោះ​បី​ជា​មាន​រយៈ​ពេល​ខ្លី​ និង​លំបាក​យ៉ាង​ណា​ក៏​នាង​នៅ​តែ​តស៊ូ​ចង់​បង្ហាញ​ទេពកោសល្យ​​នេះ ហើយ​ការ​សម្ដែង​បាន​ធ្វើ​ឲ្យ​នាង​ជាប់​ដល់​វគ្គ​ជម្រុះ​ពី ៥៥រូប មក​ត្រឹម​៩​រូប ទោះ​បី​ជា​នាង​មិន​បាន​ទទួល​រង្វាន់​នេះ​ពិត​មែន​ ​។

កញ្ញា​ឯក​ទេសចរណ៍​តំណាង​កម្ពុជា​ រូប​នេះ​អះអាង​ថា ​នាង​ពិតជា​មាន​មោទនភាព និង​រំភើប​ក្រោយ​​បាន​បង្ហាញ​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ "​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ភ្លេង ខ្ញុំ​សម្ដែង​ភ្លាម​ មនុស្ស​ជាង​៥​ពាន់​ហ៊ោ​ឡើង​ពេញ​សាល​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង​​ដែល​បរទេស​គាំ​ទ្រ​ដូច​នេះ​"។ នាង​ថ្លែង។​

ពាន​រង្វាន់​២ ​ដែល​កញ្ញា​ឯក​ទេសចរណ៍​កម្ពុជា​ចំណាត់​​ថ្នាក់លេខ​៥ ទើប​តែ​​ឈ្នះ​ពី​សៀងហៃ​ ប្រទេស​ចិន​ រួម​​មាន​ពាន​ "Best Evening Wear" គឺ​កញ្ញា​ឯក​ដែល​ស្លៀក​រ៉ូប​ស្អាត​ជាង​គេ​ និង​ "Miss Charity"​កញ្ញា​ឯក​ដែល​មាន​ទឹក​​ចិត្ត​ល្អ​ក្នុង​ការ​ធ្វើ​សប្បុរស៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី