មនុស្សដំបូង ស្នេហាដែលឈប់ស្រលាញ់ហើយ តែភ្លេចមិនបាន
- 2017-01-06 06:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សដំបូង ស្នេហាដែលឈប់ស្រលាញ់ហើយ តែភ្លេចមិនបាន
ចន្លោះមិនឃើញ
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានប្រលោមលោក ហើយតែងតែស្រមៃថាខ្លួនឯងនឹងអាចមានស្នេហាដូចទៅនឹងរឿងប្រលោមលោក តែខុសស្រលះ១៨០ដឺក្រេ។
ខ្ញុំបានស្គាល់មនុស្សប្រុសម្នាក់។ គេមានចរិតចូលចិត្តឌឺ តែខ្ញុំចូលចិត្តមនុស្សប្រុសចរិតបែបនោះ ព្រោះខ្ញុំក៏ជាមនុស្សចូលចិត្តឌឺដូចគ្នា។ ពួកយើងមានចំណុចដូចគ្នា ហេតុផលទាំងនេះបានធ្វើឱ្យពួកយើងចូលចិត្តគ្នា។ ខ្ញុំនិងគេមិនសូវជាបាននិយាយគ្នាផ្ទាល់ទេ។ ពួកយើងអាចនិយាយគ្នាបានស្និទ្ធិស្នាលតែនៅលើ Facebook ប៉ុណ្ណោះ។ ក្រោយមកខ្ញុំក៏បានលួចស្រលាញ់គេ ហើយខ្ញុំក៏មានអារម្មណ៍ថាគេមានចិត្តស្រលាញ់ខ្ញុំដែរ។ ដូច្នេះហើយទើបខ្ញុំព្យាយាមសាកចិត្តគេ ចង់ដឹងថាអ្វីដែលគិតត្រូវឬអត់? តែអ្វីដែលឃើញគឺអត់ ពេលខ្លះខ្ញុំគិតថា ខ្ញុំចេះតែគិតតែម្នាក់ឯងទេដឹង? គេជាមនុស្សមិនងាយនឹងបង្ហាញអារម្មណ៍អីឱ្យអ្នកដទៃឃើញ គេជាមនុស្សពូកែលាក់អារម្មណ៍។
ថ្ងៃមួយដោយសារតែកាយវិការរបស់គេ ធ្វើឱ្យខ្ញុំជឿជាក់៨០% ថាគេក៏ស្រលាញ់ខ្ញុំដែរ។ ថ្ងៃនោះដែរខ្ញុំក៏បានផ្ញើសារទៅគេ ហើយនេះជាសារដំបូងដែលមានបង្កប់ក្ដីស្រលាញ់របស់ខ្ញុំនៅក្នុងនេះ...
ខ្ញុំ៖ ស្អែក...
គេ៖ ស្អែកថ្ងៃអាទិត្យ
គេចូលចិត្តនិយាយឌឺ ខ្ញុំស្រលាញ់គេត្រង់ចំណុចនេះឯង បើអ្នកធម្មតាគេប្រាដកជាសួរថាមានរឿងអី តែគេបែរជាឆ្លើយចាក់បណ្ដោយទៅវិញ។
ខ្ញុំ៖ ចា
ខ្ញុំក៏ដូចគ្នា ព្រោះខ្ញុំចូលចិត្តណាស់ អារឿងចាក់បណ្ដោយហ្នឹង មួយសន្ទុះប្រហែលជាគេចាំខ្ញុំនិយាយបន្ត តែមិនឃើញ ទើបគេផ្ញើមកវិញ។
គេ៖ ស្អែកមានរឿងអី?
ឃើញទេខ្ញុំឈ្នះ ហិហិ
ខ្ញុំ៖ មានរឿងមួយ...
គេ៖ ឆាប់មានប្រសាសន៍មក ទូលបង្គំចាំស្ដាប់
ខ្ញុំ៖ ចាំស្ដាប់ណា
គេ៖ Sticker មុខស្មើរ
កូរគេជាជំនាញខ្ញុំ។
ខ្ញុំ៖ ស្ដាប់ហើយ កុំរន្ធត់ណា
គេ៖ យេស!
ខ្ញុំ៖ G9 >.-
គេ៖ កូរណាស់
បន្ទាប់ពីនោះខ្ញុំនិងគេនៅតែធ្វើធម្មតា មិនបានបញ្ចេញកាយវិការអីប្លែកទេ។ ពេលខ្លះខ្ញុំក៏ឆ្ងល់ បើគេស្រលាញ់ខ្ញុំមែន ហេតុអីក៏ប្លែកម្ល៉េះ ខុសពីមនុស្សប្រុសដទៃ របៀបថាស្រលាញ់គេខ្លាចគេដឹង ព្រោះតែគេបែបនេះទេដឹង បានជាខ្ញុំចូលចិត្តគេ តែក៏អន់ចិត្តខ្លះដែរ ចង់ឱ្យខ្ញុំជាអ្នកទៅញ៉ែមុនមែន? ថ្ងៃមួយ ខ្ញុំទ្រាំលែងបានហើយ ស្រលាញ់ឬក៏អត់ទេ បើស្រលាញ់ថាស្រលាញ់ បើអត់ទេ ក៏កុំធ្វើចរិតអ៊ីចឹងដាក់ខ្ញុំទៀត។ ថ្ងៃដែលខ្ញុំទ្រាំលែងបាន ក៏ជាថ្ងៃដែលគេសារភាពថាស្រលាញ់ខ្ញុំដែរ។ រំភើប តាមពិតគេស្រលាញ់ខ្ញុំមុនតើ គេថាគេលួចស្រលាញ់ខ្ញុំយូរដែរហើយ មិនដឹងខ្លួនទេ ទើបតែចាប់អារម្មណ៍ពេលដែលលួចស្រលាញ់គេវិញហ្នឹងឯង។ ពួកយើងក៏ចាប់ផ្ដើមស្រលាញ់គ្នា តែជាស្នេហាចម្លែកខុសគេ ស្នេហាដែលកើតឡើងតែរយៈពេលមួយខែក៏រលត់ទៅវិញ។ មកពីលើកដំបូងរបស់ពួកយើង ទើបម្នាក់ៗធ្វើអីមិនត្រូវ មិនដឹងថាមនុស្សស្រលាញ់គ្នាគេត្រូវធ្វើអីខ្លះ មិនដឹងថាត្រូវផ្ដល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមកយ៉ាងម៉េច។ តែអាចមកពីឆ្លងមិនផុតដំណាក់កាលយល់ចិត្តគ្នាច្រើនជាង ទើបពួកយើងមិនបានចុះសម្រុងគ្នា។
ពេលនោះខ្ញុំនិងគេក៏សម្រេចចិត្តថាបញ្ឈប់មួយពេល។ នឹក... បានធ្វើឱ្យខ្ញុំជាអ្នកដែលប្រាប់គេថា ពួកយើងសាកល្បងម្ដងទៀត។ ខ្ញុំមិនដែលដាក់ចិត្តស្រលាញ់អ្នកណាទេ តែជ្រុលជាដាក់ចិត្តស្រលាញ់គេហើយ ខ្ញុំមិនចង់បញ្ចប់ទៅទាំងបែបនេះដែរ។ គេនៅតែដូចដើម ពួកយើងនៅតែដូចដើម... ខ្ញុំនិងគេនៅតែធ្វើខ្លួនមិនត្រូវដូចដើម... តាមពិតអាចមកពីយើងមិនទាន់ដល់ចំណុចមួយដែលហៅថាស្រលាញ់ ហើយមកស្រលាញ់គ្នាឆៅៗអ៊ីចឹងតែម្ដង។ ពួកយើងមិនដែលចាប់ផ្ដើមពីមិត្តជិតស្និទ្ធិ ពួកយើងគ្មានពេលដែលនៅជិតគ្នាច្រើន អ៊ីចឹងហៅថាការស្រលាញ់យ៉ាងម៉េចទៅ? សារចុងក្រោយ... ដែលខ្ញុំនិងគេបាននិយាយគ្នា… ខ្ញុំ៖ ធុញទេ? តាមពិតខ្ញុំមានអារម្មណ៍ថាគេធុញនឹងខ្ញុំហើយ តែមិនទាន់ច្បាស់ក្នុងចិត្ត។ គេ៖ តិចៗដែរ ឃើញទេអារម្មណ៍ខ្ញុំគឺមិនសូវខុសទេ ចំពោះរឿងអ៊ីចឹងៗ មានអារម្មណ៍យ៉ាងណា ពេលឮបែបនេះ គេធុញនឹងខ្ញុំ មនុស្សដែលខ្ញុំស្រលាញ់គេធុញនឹងខ្ញុំ។ ខ្ញុំជាមនុស្សដែលមិនចូលចិត្តឱ្យអ្នកណាទើសទាល់ មិនចូលចិត្តរំខានគេ មិនសប្បាយចិត្តទេ ពេលដែលដឹងខ្លួនថាខ្ញុំបានរំខានគេ។ ខ្ញុំ៖ ត្រង់ណាស់ មិនដឹងថាត្រូវនិយាយអីទៀតទេ ទើបនិយាយអ៊ីចឹងតែម្ដងទៅ។ គេ៖ យេស ខ្ញុំ៖ ឥឡូវគិតម៉េចមួយខ្ញុំ? គេ៖ ឆ្លើយហើយត្រូវសន្យាថាមិនខូចចិត្ត ខូចចិត្តបាត់ហើយ សន្យាស្អី។ ខ្ញុំ៖ មិនបាច់ឆ្លើយទេ ខ្ញុំដឹងហើយ តាមពិតទៅខ្ញុំមិនចង់ស្ដាប់ច្រើនជាង មានអារម្មណ៍ថាខ្មាសគេមិនស្ទើរទេ ខ្ញុំមិនដែលទ្រអ្នកណា ហើយស្រលាញ់និងថែរក្សាកិត្តិយសជាមនុស្សស្រីខ្លាំងណាស់ តែឥឡូវនិយាយលែងចេញហើយ។ គេ៖ ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ ហើយក៏មិនចង់បង្ខំខ្លួនឯង
តាមពិតគេបង្ខំចិត្តមកស្រលាញ់ខ្ញុំមែនទេ? មិនដែលដឹងសោះ បើដឹងបែបនេះតាំងពីដំបូងក៏មិនដាក់ចិត្តដាក់កាយស្រលាញ់គេដល់ថ្នាក់ហ្នឹងដែរ។ ហួសចិត្តដែរ គេជាអ្នកប្រាប់ថាស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ធ្លាប់សួរតាំងពីដំបូងដែរ ថាបើមិនទាន់ច្បាស់ទេ កុំទាន់ចាប់ផ្ដើមអី តែគេប្រាប់ថាគេច្បាស់ហើយ ចុងក្រោយបែរជានិយាយបែបនេះ។ ខ្ញុំ៖ ឈប់ស្រលាញ់ហើយ? ចង់ដឹងថាចិត្តដែលគេស្រលាញ់មនុស្សស្រីម្នាក់បញ្ឈប់លឿនដល់ថ្នាក់ហ្នឹង? គេ៖ នៅ តែមិនទាន់ដល់ពេល អ្នកណាស្ដាប់ហើយក៏ដឹងដែរ ថាវាជាពាក្យដោះសា។ ខ្ញុំ៖ អូខេ ធ្វើដូចពីមុនទៅ មិត្តរួមការងារ គេ៖ អរគុណណា មិនបាច់អរគុណទេ ខ្ញុំក៏មិនចង់ប៉ុន្មានដែរ មានមនុស្សប៉ុន្មាននាក់ដែលបែកគ្នាហើយ អាចធ្វើជាមិត្តនឹងគ្នាបាន។ ខ្ញុំមិនចិត្តល្អដាក់មនុស្សដែលលេងសើចនឹងខ្ញុំដល់ថ្នាក់ហ្នឹងទេ គ្រាន់តែមិនចង់ក្លាយជាសត្រូវនឹងគ្នា ខណៈពេលដែលយើងធ្វើការជាមួយគ្នា ដើរទៅមកឃើញមុខគ្នា។
តាមពិតខ្ញុំយល់ហើយ អារម្មណ៍ដែលគេកើតមានចំពោះខ្ញុំនោះ មិនមែនជាការស្រលាញ់ទេ គ្រាន់តែចូលចិត្ត តែពួកយើងបែរជាយល់ច្រឡំថាជាក្ដីស្រលាញ់។ វាគ្រាន់តែជាអារម្មណ៍រំភើប នៅពេលដែលមនុស្សប្រុស -ស្រីពីរនាក់មានចំណុចដូចគ្នាច្រើន។
មនុស្សប្រុសបើមិនទាន់ច្បាស់ថាស្រលាញ់គេទេ កុំនិយាយថាស្រលាញ់ឱ្យសោះ ព្រោះពាក្យនេះជាពាក្យមួយដែលមនុស្សស្រីពិបាកនឹងបំភ្លេច ទោះយូរប៉ុណ្ណាក៏ដោយ។ មនុស្សស្រីកុំឆាប់បាក់ចិត្តស្រលាញ់គេ បើគ្រាន់តែពាក្យស្រលាញ់នេះ តែត្រូវមើលពីទង្វើគេសិន។ អ្នកណាៗក៏ធ្លាប់ជួបស្នេហាដំបូងដែរ មិនចម្លែកទេ ហើយស្នេហាដំបូងមិនដែលស្ថិតស្ថេរ នេះក៏មិនចម្លែកដែរ មួយទៀតដែលរឹតតែមិនចម្លែកនោះ គឺជាស្នេហាមួយដែលយើងនឹងចាំវារហូត។
មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.visal@sabay.com
ឬទូរសព្ទទៅកាន់លេខ 015 209 699
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា