រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​​សំ​ណ​ព្វ​ចិត្ត​អ្នក​ដោយ​របៀប​ណា​?​

  • 2017-01-11 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​“​មិត្តភាព​ធ្វើ​ឲ្យ​អ្នកមិន​ឯក​ការ តែបើ​រាប់អាន​មិត្ត​ភ័ក្ត​ខុស​ធ្វើ​ឲ្យ​អ្នក​ខុស​មួយជីវិត​” យល់ស្រប​ដែរ​ទេ ?​

​ការ​រាប់អាន​មិត្ត​ភ័ក្ត​មានមាន​ឥទ្ធិ​ពល​ខ្លាំងណាស់​មកលើ​ភាព​រីករាយ​ប្រចាំថ្ងៃ​របស់​អ្នក ។ រាប់អាន​ប៉ះ​មិត្ត​ល្អ​ពូកែរ​លេងសើច ពេល​ជួបគ្នា​អាច​ជួយ​អ្នក​បំបាត់​ស្ត្រេ​ស មិត្ត​ខ្លះ​ពូកែរ​និយាយអាច​ជួយ​លួងលោម និង​ផ្តល់យោបល់​ល្អ​ពេល​អ្នក​ជួយ​ទុក្ខ​លំបាក ជាដើម​។ ប៉ុន្តែ​មិត្ត​ស្និត​ស្នាល​ល្អ​បែប​នេះ​មិនងា​យមាន​នោះ​ទេ តែបើ​អ្នក​ជួប​ហើយ​ត្រូវ​ចេះ​ថែរក្សា​ទំនាក់​ទំ​នង​ឲ្យ​នៅតែ​ល្អជា​រៀ​ង​រហូត ដោយ​របៀប​ណា ?​

​តោះ ! មើល​ការចែក​រំលែ​កបទពិសោធន៍​របស់ អ្នក​សារ​ព័ត៌មាន​វ័យ​ក្មេង ​កញ្ញា ប៉ុន សោភ័ណ​ នៃ​វិទ្យុ​បារាំង​អន្តរជាតិ​ខេ​ម​រ​ភាសា (RFI Khmer) ដូចតទៅ ៖​

១. តើ​សោភ័ណ​ចូលចិត្ត​រាប់អាន​មិត្ត​ភ័​ក្ត ឬ ស្គាល់​គេ​ច្រើន​ដែរ​ទេ ? ចូលចិត្ត​រាប់អាន​គេ​ក្នុង​អាជីព​ដូចគ្នា ឬ ផ្សេងៗ​គ្នា​?

ចម្លើយ​ ៖ ​ចំពោះ​ខ្ញុំ​អាច​និយាយបានថា ខ្ញុំ​ចូលចិត្ត​រាប់អាន​មនុស្ស​ឱ្យបាន​ច្រើន ណាមួយ​វា​អាច​ទា​ក់ទង​និង​អាជីព​របស់​ខ្ញុំ​ដែរ ។ ធម្មតា​ធ្វើជា​អ្នក​សារ​ព័ត៌មាន​ម្នាក់ ប្រាប់​គេ​ថា​មិន​ស្គាល់​មនុស្ស​ច្រើន​ក៏​គេ​មិន​ជឿ​ដែរ ហិ​ហិ​។ តែ​ទ​ន្ទឹ​មនិង​នេះ ខ្ញុំ​យល់ថា ការ​ស្គាល់​មនុស្ស​ច្រើន​ពិតជា​អាច​ធ្វើឱ្យ​យើង​ស្គាល់​បាន​ច្បាស់​នៅ​ប្រភេទ​មនុស្ស​ផ្សេងៗ​គ្នា​។ មិន​ថា​មនុស្ស​ដែលមាន អត្ត​ច​រិកលក្ខណៈ​ដូច​យើង ខុសពី​យើង ឬ​ប្រហាក់ប្រហែល​យើង ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​ដែល​យើង​អាច​រៀនសូត្រ​ពីគ្នា​ទៅ​វិ​ញ​ទៅ​មក​បាន​។ សំខាន់តើ​យើង​បើក​ចិត្ត​ចង់​រាប់អាន​ដែរ​ឬ​អត់​?

២.​មាន​មិត្ត​ស្និត​ស្នាល​សំណព្វ​ចិត្ត​ប៉ុន្មាន​នាក់ ? ចំនុច​ពិសេស​របស់​មិត្តភាព​នេះ​គឺ​អ្វី ?

ចម្លើយ​ ៖ អូ​! បើ​និយាយ​ពី​មិត្ត​សំណព្វ​ចិត្ត​វិ​ញ ខ្ញុំ​មាន​មិន​ដល់​១០​ទេ ក្នុង​នោះមាន ២​នាក់​ដែល​ស្គាល់គ្នា​រយៈពេល​១៥​ឆ្នាំ ។ ព្រោះ​មិន​ប្រាកដថា​មនុស្ស​រាប់រ​យ​នាក់​ដែល​យើង​ស្គាល់​អាច ក្លាយជា​មិត្ត​ស្និត​ស្នាល​នោះទេ ខ្ញុំក៏​មិនដឹង​ត្រូវ​បកស្រាយ​យ៉ាងណាដែរ បើ​ថា​ខ្ញុំ​ជឿ​លើ​រឿង​និ​ស្ស័​យ​ប​ន្តិ​ច​ក៏​ថា​បាន គ្រាន់តែ​យល់ថា មនុស្ស​យើង​គួរ​មាន​អ្វី​ម្យ៉ាងដែ​លអាច​ចុះសម្រុង​គ្នា បើ​ទោះបីជា​ពួកយើង​មិនមាន​ច​រិ​ក​លក្ខណៈ​ដូចគ្នា​មួយ​រយ​ភាគ​រយ​ក៏ដោយ ។

៣.​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័​ក្ត​សំ​ណ​ព្វ​ចិត្ត​អ្នក​?

ចម្លើយ​ ៖ ជា​ការពិត បើ​ទោះបីជា​មិត្ត​ស្និត​ស្នាល​មែន តែ​មិន​ប្រាកដថា​ត្រូវតែ​នៅ​ជា​ធ្វើការ​ជាមួយ ស្នាក់នៅ​ផ្ទះ​ជាមួយ រឺ ទៅ​ណា​ទៅ​មក​ណា​ជាមួយគ្នា​គ្រប់​ពេលវេលា​នោះទេ ។ ពួកយើង​មាន​ភារៈកិច្ច កាតព្វកិច្ច និង បេសកម្ម​ជីវិត​រៀងៗ​ខ្លួន ។ ម្លោះ​ហើយ​ការរក្សា​នូ​វ​ចំ​ណង​មិត្តភាព​ក៏​ទាមទារ​ការព្យាយាម​របស់​យើង​ម្នាក់ៗ​ផងដែរ​។ ខ្ញុំ​មានបី​ចំ​នុ​ច​ដែល​ចង់​ចែក​រំ​លែ​ក​ទាក់​ទៅ នឹង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ​ក្កិ​៖

  • ​ទី​១ ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំ​នង​កាន់តែ​ស៊ី​ម្រៅ​៖ ព្យាយាម​ចំណាយពេល​ដែល​ល្អៗ​ជាមួយគ្នា​, ផ្តល់​ការជឿទុកចិត្ត​, ចែក​រំលែក​នៅ​អ្វី​ដែល​អ្នក​ទាំងពីរ​ស្រលាញ់​, គាំទ្រ និង លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅមក ។
  • ​ទី​២ រក្សា​ទំនាក់ទំន​ង ៖ ទូរ​សព្ទ័ រឺ ផ្ញើរ​សារ​ឲ្យ​គ្នា សួរសុខទុក្ខ​, ទោះ​រវល់​យ៉ាងណា​គួរ​ឆ្លៀ​ត​ពេល​ជួបគ្នា ញ៉ាំ​កា​ហេ្វ​ជុំគ្នា និយាយ​ពី​នេះ​ពីនោះ ។ ខ្ញុំ​ចូលចិត្ត Surprise មិត្ត​ភ័ក្ត​ឲ្យ​គេ​សប្បាយ​រំ​ភើ​ប​ចិត្ត ដូចជា ទិញ​កាហេ្វ​កំ​ប៉ុង​ដែល​គេ​ចូលចិត្ត​ផឹក​យកទៅ​ឲ្យ​គេ​ដល់​កន្លែងធ្វើការ ។ មិត្ត​ភ័ក្ត​ខ្ញុំ​មាន​ច​រិ​ក​ប្លែកៗ​គ្នា តែ​លក្ខណៈ​រួម​របស់​យើង​គឺ ចូលចិត្ត​ផឹក​កាហ្វេ ដើរលេង និង ថតរូប​លេង ។ បើ​និយាយ​ពី​រឿង​ផឹក​កាហ្វេ​ក៏​គួរ​ឲ្យ​ចាប់អារ​ម្មណ៍ដែរ យើង​ចូលចិត្ត​ផឹក​Nescafe កំប៉ុង​ដូចគ្នាតែ​រសជាតិ​ខុសប្លែកគ្នា​ទាំងអស់​! ខ្ញុំ​ផឹក​តែ Nescafe Latte មាន​ទឹក​ដោះគោ​ច្រើនហើយ​កាហ្វេ​មិនសូវ​ខ្លាំង ឯ​មិត្ត​ខ្ញុំ​ប៉ុន្មាន​អ្នក​ចូលចិត្ត​ជាតិ​កាហ្វេ​ខ្លាំង អញ្ចឹង​គាត់​ផឹក Nescafe Expresso Roast និង Dark Roast ។ ហើយ​យើង​មិន​ដែល​ខាន​ឡើយ ថតរូប​Selfie​ជុំគ្នា​បែប​កំ​ប្លែងៗ ធ្វើ​មុខ​ឃ្យូ​តៗ និង ថតរូប​លេង​បែប​style​អត់​ដឹងខ្លួន ថត​ពីក្រោយ​អី​អញ្ចឹង​..
  • ​ទី​៣ សិក្សា​លើ​ជម្លោះ ៖ ត្រង់​ចំណុ​ចនេះ​ខ្ញុំ​យល់ថា សំខាន់​ណាស់ ! មិត្ត​ភ​ក្កិ​ស្គាល់គ្នា​កាន់តែ​យូរ តិច​រឺ​ច្រើន​ប្រាកដជា​ធ្លាប់​ឈ្លោះ​គ្នា ។ ដូច្នេះ​អ្វីដែល​ជួយ​កាត់បន្ថយ​ជម្លោះ ឬ​ការ​យល់​ច្រលំ ៖ ត្រូវ​ចេះ​អត់ធ្មត់​, ស្វែង​រក​ហេតុផល​នៃ​បញ្ហា​ដើម្បី​ដំណោះស្រាយ​, ស្តាប់​ការ​រៀបរាប់​ហេតុផ​លរបស់​​មិត្ត​ភ​ក្កិ​, ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ជម្លោះ កុំ​ព្យាយាម​យក​ត្រូវតែ​ខ្លួនឯង និង ជាពិសេស​ត្រូវ​រក​វិធី​ដោះ ស្រាយ​ណាមួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងពីរ​ក្នុង​ការ​ជជែក​វែកញែក​គ្នា​។

​សរុបមក​វិញ ខ្ញុំយ​ល់​ថា​មិត្តភាព​គឺ​សំ​ខាន់​ណាស់ ពេល​ខ្លះ​មាន​អារម្មណ៍ថា​ហាក់ដូចជា​ផ្នែក​មួយ​នៃ​ក្រុមគ្រួសារ​របស់​យើង​អ​ច្ចឹ​ង ។ ដូច្នេះ​ហើយ​ទំ​នាក់​ទំ​នង​ដែល​ប្រៀ​ប​ដូចជា​ក្រុមគ្រួសារ​មួយ​នេះ​ពិតជា​ត្រូវការ​ពេលវេលា ធ្វើ​អ្វីៗ​ជាច្រើន​ជាមួយគ្នា បង្កើន​ភាពជឿជាក់ ផ្តល់​ការគាំទ្រ លើកទឹកចិត្ត និង​ធ្វើ​ការឆ្លើយតប​ឱ្យទៅ​វិញ​ទៅមក​ជាដើម​, នោះ​ខ្ញុំ​ជឿជាក់ថា យើង​នឹង​អាច​កសាង​មិត្តភាព​មួយ​ដែល​គង់​វ​ង្ស​យូរអង្វែង​។​

​ ​ ​ ​ ​ ​

ដោយ៖​ លីដា

អត្ថបទថ្មី