សភា​ថៃ​យល់​ព្រម​​​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​តាម​សំណើ​​ដ៏​កម្រ​របស់​មហាក្សត្រ​ថ្មី​

  • 2017-01-13 08:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋសភា​យោធា​ថៃ​បាន​​ទទួល​​សំឡេង​គាំ​ទ្រ​ច្រើន​លើសលប់​ពី​ការ​បោះ​ឆ្នោត​​​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើ​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​​ស្នើ​ដោយ​ការិយាល័យ​ព្រះមហាក្សត្រ​​ថ្មី​ដោយ​​ពន្យារ​​ពេល​​​បោះ​ឆ្នោត​សកល​​​ដែល​គ្រោង​​​​ធ្វើ​នៅ​ចុង​​ឆ្នាំ​២០១៧​។

ស្ដេចថ្មី មហា វ៉ាជីរ៉ាឡុងកន (រូប​ភាព​ផ្ដល់​សិទ្ធិ​​ដោយ Reuters)

រដ្ឋ​​ធម្មនុញ្ញ​​គាំ​ទ្រ​ដោយ​យោធា​​នេះ​ គឺ​​ជា​ផ្នែក​ដ៏​សំខាន់​​មួយ​នៃ​គម្រោង​​​របស់​​​យោធា​​ដើម្បី​ធ្វើ​ការ​​បោះ​ឆ្នោត​​​ឲ្យ​ប្រទេស​ថៃ​​ត្រលប់​​ទៅ​​​រក​​ប្រជាធិបតេយ្យ​​ឡើង​​វិញ ក្រោយ​​រដ្ឋ​​ប្រហារ​​ឆ្នាំ​ ២០១៤។​

សេចក្ដី​ព្រាង​​រដ្ឋ​ធម្មនុញ្ញ​​ត្រូវ​​បាន​អនុម័ត​បែប​ប្រជាមតិ​​កាល​ឆ្នាំ​​មុន​ ​និង​​កំពុង​​រង់​​ចាំ​ការ​អនុម័ត​​​ចុង​ក្រោយ​​ពី​​​ព្រះ​មហាក្សត្រ​ មហា វ៉ាជីរ៉ាឡុងកន ដែល​បាន​​ឡើង​គ្រងរាជសម្បត្តិ​​កាល​ពី​​ខែ​ធ្នូ​ បន្ទាប់​ពី​បិតា​​ អាឌុលយ៉ាដេត ចូលទិវង្គត។

​ការ​ប្រកាស​​ឲ្យ​ប្រើ​ធម្មនុញ្ញ​​ថ្មី​​ត្រូវ​​បាន​​ផ្ញើ​ជូន​មហាក្សត្រ​អនុម័ត​កាល​ពី​ខែ​វិច្ឆិកា​​ជាមួយ​ការ​រំពឹង​ថា​នឹង​​សម្រេច​​​នៅ​ដើម​ខែ​កុម្ភៈ។

នាយក​រដ្ឋមន្ត្រី​​ថៃ​​លោក​​ ប្រាយុទ្ធ ​​បញ្ជាក់​ថា​​ការិយាល័យ​​មហាក្សត្រ​​ថ្មី​បាន​ដាក់​សំណើ​​ការ​កែ​ប្រែ​លក្ខខណ្ឌ​មួយ​ចំនួន​​ទាក់​ទង​​នឹង​​អំណាច​​​មហាក្សត្រ​ក្នុង​សេចក្ដី​ពង្រាង​ច្បាប់​ធម្មនុញ្ញ​ គឺ​ជា​​​​អន្តរាគមន៍​​ដ៏​​កម្រ​កើត​មាន​ពី​​មហាក្សត្រ​​កំពុង​សោយរាជ្យ។ ការ​កែ​ប្រែ​​មួយ​ក្នុង​ចំណោម​​នោះ ​គឺ​​លក្ខខណ្ឌ​អនុញ្ញាត​ឲ្យ​ព្រះ​មហាក្សត្រ​​យាង​ចេញ​​ទៅ​បរទេស​ដោយ​មិន​ចាំបាច់​មាន​ការ​តែង​តាំង​រាជានុសិទ្ធ​​ឲ្យ​គ្រប់​គ្រង​ជំនួស។​

​មហាក្សត្រ វ៉ាជីរ៉ាឡុងកន ​តែង​តែ​​ទៅ​បរទេស​ញឹក​ញាប់​​អំឡុង​ពេល​​ព្រះអង្គ​​ត្រូវ​បាន​តែងតាំង​​ជា​រជ្ជទាយាទ និង​ចំណាយ​ពេល​​​វេលា​ជីវិត​យុវវ័យ​​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​ ដោយ​ភាគច្រើន​​នៅ​ប្រទេស​អាល្លឺម៉ង់។

សមាជិក​សភា​​ទាំង​​អស់​​ចំនួន​ ២៣១​រូប​​ មាន​​២២៨​រូប​​ បាន​បោះ​ឆ្នោត​​​គាំ​ទ្រ​ការ​កែ​ប្រែ​​នេះ ដោយ​​​៣​សំឡេង​​អនុប្បវាទ។ បើ​យោង​​ទៅ​តាម​​សមាជិក​សភា​​​មួយ​រូប​​លោក Somjet Boonthanom បាន​​ប្រាប់​ថា​​ការ​បោះ​​ឆ្នោត​នឹង​​ប្រព្រឹត្ត​​​មុន​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨ ពោល​គឺ​បន្ទាប់​ពី​​ធម្មនុញ្ញ​​​​ចូល​ជាធរមាន​​​បាន​​១៥​ខែ៕

មហា វ៉ាជីរ៉ាឡុងកន ជាមួយ​​បិតាភូមិបុល អាឌុលយ៉ាដេត​ កាល​នៅ​មាន​ព្រះជន្ម (រូប​ភាព​ផ្ដល់​សិទ្ធិ​​ដោយ Reuters)

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ឡេង ភារុណ