ម្នាក់​ទៀត​ហើយ! ល្បី​ថា​ក្លឹប​នៅ​ចិន ចាយ​លុយ​កប់​ពពក​ប្រមាញ់​យក Falcao

  • 2017-01-16 11:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី Radamel Falcao បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​ក្លឹប Tianjin Quanjian ដែល​ល្បី​ថា​​ហ៊ាន​ចំណាយ ៥៣​លាន​ដុល្លារ ដើម្បី​នាំ​យក​កីឡាករ​ជើង​ស៊ុត​ក្លឹប Monaco រូប​នេះ​ទៅ​ទឹក​ដី​ចិន។

កីឡាករ Radamel Falcao បាន​ក្លាយ​ជា​តារា​រះ​ឡើង​វិញ​ម្ដង​ទៀត​នៅ​ក្លឹប​បារាំង Monaco បន្ទាប់​ពី​ធ្លាក់​ស្ទើរ​ដល់​បាត អំឡុង​ពេល​​ចូល​រួម​ជាមួយ​បិសាច​ក្រហម Manchester United និង Chelsea ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ នៅ​រដូវ​កាល​នេះ កីឡាករ​វ័យ ៣០​ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី១២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៤​លើក​នៃ​ក្រប​ខណ្ឌ Ligue 1 ជួយ​ឲ្យ Monaco ឈរ​លេខ១ បណ្ដោះ​អាសន្ន។

ចំណែក​ក្លឹប Tianjin Quanjian បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​កំពូល​តារាង​លីគ​ទី២ របស់​ប្រទេស​ចិន​ឆ្នាំ​២០១៦ ដែល​ត្រូវ​ឡើង​មក​លេង​នៅ​លីគ​ទី១ ក្នុង​ឆ្នាំ​២០១៧ នេះ។ ដោយសារ​ចង់​ប្រជែង​តំណែង​ក្នុង​រដូវ​កាល​ថ្មី អ្នក​ចាត់​ការ​ទូទៅ​របស់ Tianjin Quanjian ដែល​ជា​អតីត​ខ្សែ​ការពារ​សញ្ជាតិ​អ៊ីតាលី Fabio Cannavaro ចង់​រក​កម្លាំង​ថ្មី​មក​ពង្រឹង​បន្ថែម ហើយ​ក៏​សម្លឹង​ឃើញ Falcao ជា​ខ្សែ​ប្រយុទ្ធ។

Cannavaro បាន​ចុះ​កុងត្រា​ជា​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក Axel Witsel ម្នាក់​រួច​មក​ហើយ និង​កំពុង​រក​មើល​កីឡាករ​បន្ថែម​ទៀត ខណៈ​កីឡាករ​នៅ​អឺរ៉ុប​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​រ៉ាដា។ ក្លឹប​នានា​នៅ​ប្រទេស​ចិន​ពេល​នេះ កំពុង​ប្រជែង​គ្នា​នាំ​ចូល​ Super Stars​ លំដាប់​ពិភព​លោក​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ គង់ វិសាល