សត្វ​ចិញ្ចឹម​មាន​សណ្ឋាន​ចម្លែក​ទាំង​នេះ​ ហាម​ចិញ្ចឹម​ដាច់​ខាត​ព្រោះ​អាច​នាំ​គ្រោះ

  • 2017-02-07 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តែង​ចិញ្ចឹម​សត្វ​មួយ​​ចំនួន​ដូចជា គោ ក្របី មាន​ ទា ជ្រូក​ ឆ្មា ឆ្កែ ជា​ដើម​។ ​ប៉ុន្តែ​ចាស់ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ ក៏​មាន​ជំនឿ​ទាក់ទង​នឹង​ការ​ចិញ្ចឹម​សត្វ​ក្នុង​ផ្ទះ​ដែរ​។ ​លោកយាយ វែន រ៉េត ដែល​ធ្លាប់​​ដឹង​ច្រើន​ពាក់​ព័ន្ធ​ជំនឿ​នេះ បាន​និយាយ​ថា ​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ដែល​មាន​សណ្ឋាន​ចម្លែក ​ខុស​ប្លែក​ពី​សត្វ​ចិញ្ចឹម​ទូទៅ​ ចាស់ៗ​តែង​ហាម​ប្រាម​កូន​ចៅ​មិន​ឱ្យ​ចិញ្ចឹម​ឡើយ​ ព្រោះ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ​មិន​ចេះ​ចប់​។

១. គោ​ក្រយៅ​ក្រឡាច់

​ជា​ធម្មតា​សត្វ​គោ​ជា​ប្រភេទ​សត្វ​ស្លូត ហើយ​អាច​ជួយ​ធ្វើ​ជា​កម្លាំង​អូស​ទាញ​​ ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​មនុស្ស​ទៀត​ផង។ ​ប៉ុន្តែ​តាម​ជំនឿ​របស់​ដូនតា​ខ្មែរ​តាំង​ពី​បុរាណ​មក លោក​យាយ វ៉ែន រ៉េត ​ប្រាប់​ថា​មិន​ឱ្យ​ចិញ្ចឹម​គោ​ក្រយៅ​ក្រឡាច់​ដាច់​ខាត។ ​លោកយាយ​ វ៉ែន រ៉េត និយាយ​ថា ជាទូទៅ​សត្វ​គោ​ក្រយៅ​ក្រឡាច់​នេះ មាន​ក្រយៅ​នៅ​ក្បែរ​នឹង​បូក​របស់​វា ​ហើយ​ក្រឡាច់​ចុះ​មក​ក្រោម​ ដូចនេះ​ប្រសិន​បើ​គោ​មាន​ក្រយៅ​បែប​នេះ​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​ចិញ្ចឹម​ឡើយ​។ តាម​ជំនឿ​ ប្រសិន​បើ​ចិញ្ចឹម​គោ​ប្រភេទ​នេះ អាច​នាំ​ឱ្យ​មាន​ឧបទ្រព​ចង្រៃ​ដល់​គ្រួសារ ​រកស៊ី​មិន​ឡើង កូន​ចៅ​អាច​មាន​ជំងឺ​ឈឺ​ថ្កាត់ តាម​ទំនៀម​ត្រូវ​លក់​វា​ចេញ​ជា​បន្ទាន់​ ទើប​គ្រួសារ​មាន​សេចក្ដី​សុខ​។ ​​

២. ​ឆ្កែ​កន្ទុយ​ខ្វៀន

​លោក​យាយ​ វ៉ែន រ៉េត បាន​និយាយ​ទៀត​ថា ​សត្វ​ឆ្កែ​កន្ទុយ​ខ្វៀន​ ចាស់ៗ​ពី​ដើម​ហាម​មិន​ឱ្យ​កូន​ចៅ​ចិញ្ចឹម​ឡើយ​។ ​លោកយាយ​ប្រាប់​ថា ​ឆ្កែ​កន្ទុយ​ខ្វៀន​ ជា​ប្រភេទ​សត្វ​ឆ្កែ​ដែល​មាន​សន្ដាន​អាក្រក់​បន់​ឱ្យ​ម្ចាស់​វា​ស្លាប់​អាល​នឹង​បាន​ស៊ី​សាច់​ជា​អាហារ​។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ចាស់ៗ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បុរាណ​មិន​ឱ្យ​ចិញ្ចឹម​ឆ្កែ​កន្ទុយ​ខ្វៀន​ឡើយ។ ​ប្រសិន​បើ​សុខ​ៗ​​វា​មក​រស់​នៅ​ជាមួយ​ត្រូវ​ប្រញាប់​យក​វា​ទៅ​​លែង​​នៅ​ក្នុង​វត្ត​ ទើប​ក្នុង​គ្រួសារ​រស់​នៅ​មាន​សេចក្ដី​សុខ​។​​

៣. ​ឆ្មា​កូន​មួយ

​តាម​ជំនឿ​របស់​ដូនតា​ខ្មែរ ដាច់​ខាត​មិន​ឱ្យ​ចិញ្ចឹម​ឆ្មាកូន​មួយ​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​មាន​រឿង​មិន​ល្អ​ដល់​គ្រួសារ​។ ឆ្មាមាន​កូន​ចាប់​ពី ​២​ឡើង​ទៅ​ ចាស់ៗ​គិត​ថា​ល្អ​ អាច​ទុក​ចិញ្ចឹម​បាន ប៉ុន្តែ​បើ​វា​មាន​កូន​តែ​មួយ​ត្រូវ​យក​ទៅ​​លែង​ក្នុង​វត្ត​អារាម ​ឱ្យ​ស៊ី​បាយ​​​លោក​ ទើប​អាច​បញ្ចៀស​គ្រោះ​ចង្រៃ​ផ្សេងៗ​បាន​។​​

៤.​ ជ្រូក​ក្រចក​​ប្រាំ

​សត្វ​ជ្រូក​ ​ជា​ទួទៅ​មាន​ក្រចក​​បួន​ មុខ​ពីរ​ក្រោម​ពីរ ប៉ុន្តែ​បើ​ជ្រូក​មាន​ក្រចក​រហូត​៥ តាម​ជំនឿ​ខ្មែរ​ពី​បុរាណ​មិន​ឱ្យ​ចិញ្ចឹម​ដាច់​ខាត​។ ​លោកយាយ វ៉ែន រ៉េត អះអាង​ថា ​កាល​ពី​ដើម​បើ​ផ្ទះ​អ្នក​ណា​ចិញ្ចឹម​ជ្រូក​ក្រចក​ប្រាំ គឺ​រស់​នៅ​ពុំ​បាន​សុខ​ឡើយ។ ​ក្នុង​គ្រួសារ​អាច​កើត​មាន​ជា​ជម្លោះ កូន​ចៅ​មាន​ជំងឺ​ឈឺ​ថ្កាត់​មិន​ចេះ​ចប់​។ ​ដូច្នេះ​ហើយ​បាន​ជា​ចាស់ៗ​មិន​ឱ្យ​ទុក​ចិញ្ចឹម​ទេ ត្រូវ​តែ​លក់​ចេញ ឬ​យក​ទៅ​លែង​ក្នុង​វត្ត​៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម