ប្រភេទសត្វស្លាបដ៏កម្រ ប្រទះឃើញនៅតំបន់អភិរក្សស្រុកកោះអណ្ដែតខេត្តតាកែវ
- 2017-02-09 04:16:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទសត្វស្លាបដ៏កម្រ ប្រទះឃើញនៅតំបន់អភិរក្សស្រុកកោះអណ្ដែតខេត្តតាកែវ
ចន្លោះមិនឃើញ
ក្រៀលជាប្រភេទសត្វស្លាបដ៏កម្រលើពិភពលោកនោះ ត្រូវបានគេប្រទះឃើញមានចំនួនរាប់រយក្បាលនៅក្នុងតំបន់ទេសភាពបឹងល្ពៅ ដែលជាបឹងអភិរក្ស ១កន្លែង ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ លើផ្ទៃដី ៨៣០៥ហិកតា។
លោក អុន កែវ មន្ត្រីខាងជីវចម្រុះ (រាប់ចំនួនសត្វ) ប្រចាំការនៅតំបន់ខាងលើបានប្រាប់ Sabay ថា ប្រភេទបក្សីដែលស្ទើរតែផុតពូជលើពិភពលោក បែរជាមានវត្តមានយ៉ាងច្រើននៅបឹងល្ពៅទៅវិញ ហើយបក្សីប្រភេទនេះមាន ២ប្រភេទ ចូលចិត្តហើរជាហ្វូងៗទៅតាមប្រភេទវា។
មន្ត្រីរូបនេះបញ្ជាក់ថាចំនួនសត្វក្រៀលដែលបានរាប់ឃើញ មាន ១២៥ក្បាល ជាប្រភេទក្រៀលខ្យង។ ដោយឡែក ក្រៀលធំវិញ មានតិចតួចប៉ុណ្ណោះ។ លោកបន្តថាសត្វប្រភេទនេះ ផ្លាស់ទីឆ្ងាយៗណាស់ ដោយ ក្នុង ១ឆ្នាំ វាបង្ហាញខ្លួននៅតំបន់នេះ តែ ៣ខែប៉ុណ្ណោះ គឺចាប់ពីខែធ្នូដល់ខែកុម្ភៈ ព្រោះបីខែនេះវាសំបូរចំណី ជាពិសេសសត្វខ្យងជាចំណីពិសេសបំផុតសម្រាប់វា។
“តាមការសិក្សាស្រាវជ្រាវ ក្រោយពីចាកចេញពីតំបន់នេះ ពួកវាអាចផ្លាស់ទីទៅតំបន់អន្លង់ព្រីង(កំពត) ខេត្តព្រះវិហារ និងបន្ទាយមានជ័យ ព្រោះទីនោះមានជម្រកព្រៃសម្រាប់ពងបង្កកំណើត។” លោក កែវ បញ្ជាក់។
មន្ត្រីដដែលអោយដឹងថាក្រៅពីសត្វក្រៀលនៅមានសត្វស្លាប ៣៨ប្រភេទទៀត ដែលមានវត្តមានជាប្រចាំនៅទីនេះរួមមាន បក្សីកុកច្រើនជាងគេមាន៦០ប្រភេទផ្សេងគ្នា(រាប់លានក្បាល) ទាទឹក(ចំនួនរាប់ម៉ឺនក្បាល) ទុង ទទា ត្រយ៉ង(រាប់ម៉ឺនក្បាល) ត្រដក់ ក្រសារ ក្អែកទឹក រអូតស្បូវ តាហ៊ីត លលក…. ។ល។
តំបន់ទេសភាពបឹងល្ពៅនេះ បានបង្កើតឡើងក្នុងឆ្នាំ២០០៧ដោយមានដៃគូសហការបី រួមមានអង្គកា WWT អង្គការ Bird Life និងអង្គការចម្រើនជាតិខ្មែរ ដោយមានគោលបំណងការពារសត្វស្លាបដ៏កម្រអោយគង់វង្សនិងជួយរក្សាប្រព័ន្ធជីវចម្រុះធម្មជាតិ៕
ទស្សនាវីដេអូថតដោយទូរសព្ទដៃ៖