សម្តេច​តេជោ​ក៏​គ្រោង​ចូល​រួម​លេង​ពាន​​វាយ​​កូន​ហ្គោល​សម្តេច​ ហ៊ុន សែន​

  • 2017-03-22 07:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វាយ​កូន​ហ្គោល​ពាន​រង្វាន់​​សម្តេច​​ ហ៊ុន សែន​ ឆ្នាំ​២០១៧​​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១២​ ខែ​មេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ក៏​នឹង​មាន​វត្ត​មាន​​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែរ។

ពិធី​សន្និសីទ​សារព័ត៌មាន

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២២​ ខែ​មីនា​នេះ​ ឯកឧត្តម​ ជា​ បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​ហ្គោល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ពាន​រង្វាន់​វាយ​កូន​ហ្គោល​សម្តេច​ ហ៊ុន​ សែន ​​លើក​ទី​១​ ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​បែក​ជា​​២​ផ្នែក។ ផ្នែក​ទី​១​គឺ​ការ​ប្រកួត​ពេល​ព្រឹក​ដែល​មាន​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​​ចូល​រួម​ការ​ប្រកួត​ក្នុង​នោះ​មាន​ទាំង​​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ផង​ដែរ។ សម្តេច​ ហ៊ុន​ សែន​ចូល​រួម​ការ​ប្រកួត​នេះ​ក្នុង​នាម​ជា​កិត្តិយស​​ដល់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​មូល។ ការ​ប្រកួត​ពេល​ព្រឹក​នេះ​គឺ​ជា​ផ្នែក​មិន​ជំនាញ​ពោល​គឺ​ក្នុង​គោល​បំណង​មិត្តភាព​ សាមគ្គីភាព​ និង​សុខភាព។

ឯកឧត្តម​បាន​បន្ត​ថា​ ចំពោះ​​ផ្នែក​​ទី​២​គឺ​ការ​ប្រកួត​លក្ខណៈ​ជំនាញ​ដែល​ត្រូវ​ធ្វើ​ថ្ងៃ​រសៀល។ ផ្នែក​នេះ​​ជា​ការ​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​កីឡាករ​អាជីព​​ទាំង​កីឡាករ​ជាតិ​ និង​អន្តរជាតិ។ មិន​ប្រកាន់​ថា កីឡាករ​វ័យ​ក្មេង​ ចាស់​ ឬ​​អាយុ​ប៉ុន្មាន​ឡើយ​​ឲ្យ​តែ​គិត​ថា​ ខ្លួន​មាន​ជំនាញ​វាយ​កូន​ហ្គោល​កម្រិត​ខ្ពស់​គឺ​​អាច​ចូល​រួម​បាន។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​វេលា​ប្រហែល​ម៉ោង​​៥​ល្ងាច​ក៏​នឹង​មាន​ពិធី​ជប់លៀង​យ៉ាង​ពិសេស​​​ដែល​ចូល​រួម​ដោយ​សម្តេច​ ហ៊ុន សែន​ ព្រម​ទាំង​មន្ត្រី​ និង​កីឡាករ​ទាំង​អស់។

រូបថត​ជុំ​គ្នា​

ឯកឧត្តម​ ជា​ បូរ៉ា បាន​បរិយាយ​ពី​គោល​បំណង​នៃ​ការ​រៀប​ចំ​ពាន​រង្វាន់​នេះ​គឺ​មាន​៣​ចំណុច។ ទី​១​គឺ​ដើម្បី​បង្កើន​គុណភាព​ និង​សមត្ថភាព​របស់​កីឡាករ។ ទី​២​​ដើម្បី​ស្វែង​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា​ និង​ទី​៣​ដើម្បី​អបអរសាទរ​ដល់​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​អង្គរ​សង្ក្រាន​ឆ្នាំ​នេះ​ក៏​ធ្វើ​នៅ​ខេត្ត​សៀមរាប។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​គឺ​រក្សា​សម្រាប់​​សប្បុរស​ធម៌​ទាំង​អស់​ ខណៈ​ការ​ចំណាយ​មាន​ថវិកា​ផ្សេង។

ចំពោះ​ប្រាក់​រង្វាន់​​ដល់​ជយលាភី​មិន​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ​។ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៧​នៅ​ទី​លាន​វាយ​កូន​ហ្គោល​អង្គរ​រីសត់៕

អ្នក​ចូល​រួម​សន្និសីទ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី