សិស្សដុនបូស្កូ ៤៥នាក់ បានទស្សនាផ្ទាល់នៅរោងចក្រច្នៃដែកធំជាងគេនៅកម្ពុជា មុនចាប់យកជំនាញ
- 2017-04-06 06:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សដុនបូស្កូ ៤៥នាក់ បានទស្សនាផ្ទាល់នៅរោងចក្រច្នៃដែកធំជាងគេនៅកម្ពុជា មុនចាប់យកជំនាញ
ចន្លោះមិនឃើញ
និស្សិតរបស់សាលាបច្ចេកទេស ដុនបូស្កូ ចំនួន៤៥នាក់ បានចុះទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែកធំជាងគេនៅកម្ពុជា ISI STEEL កាលពីព្រឹកមិញនេះ ដើម្បីឱ្យពួកគេបានយល់ច្បាស់ពីការងារនិងស្ថានភាព មុនបញ្ចប់ការសិក្សា។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកគ្រូ ផូ វិត ដែលជាអ្នកនាំសិស្សដុនបូស្កូជំនាញ រោងជាង និងអគ្គីសនី ខាងលើបានបញ្ជាក់ថានេះជាជំហានល្អមួយសម្រាប់សិស្ស និស្សិត ដែលរៀនជំនាញទាក់ទងទៅនឹងការកែច្នៃដែក ព្រោះឧស្សាហកម្មមួយនេះកំពុងតែមានទីផ្សារខ្លាំង។ មួយវិញទៀត ការចុះផ្ទាល់ដល់កន្លែង គឺរឿងល្អបំផុតសម្រាប់សិស្ស យល់ច្បាស់ពីការងារផ្ទាល់ ថាតើវាដូចទៅនឹងការសិក្សាដែរឬអត់។ សិស្សដែលសិក្សាជំនាញ ត្រូវតែចុះដល់កន្លែងផ្ទាល់ៗ ទើបអាចឱ្យពួកគេអភិវឌ្ឍសមត្ថភាពបានកាន់តែខ្លាំងឡើងៗ និងយល់ច្បាស់ពីជំនាញរបស់ខ្លួន។
ដូចគ្នានេះដែរ លោក កៅ ម៉េងឆួន ប្រធានប្រតិបត្តិក្រុមហ៊ុន ISI Group ក៏មានការសាទរចំពោះដំណើរទស្សនកិច្ចនេះដែរ ត្បិតអីយុវជនជំនាញក្រោយនឹងបានយល់កាន់តែច្បាស់សម្រាប់ការជំនាញកែច្នៃដែកនៅកម្ពុជា។ ស្របពេលដែលបច្ចុប្បន្ននេះ តម្រូវការការងារមានច្រើន ប៉ុន្តែអ្វីដែលខ្វះខាតគឺធនធានមនុស្សដែលមានជំនាញពិតប្រាកដ។
ដុនបូស្កូ ជាសាលាបច្ចេកទេសមួយ ដែលបានជួយដល់សិស្ស និស្សិត ក្រីក្រនៅកម្ពុជាជាច្រើននាក់ ក្នុងការចាប់អាជីពការងារផ្សេងៗ។ ខណៈដែលសិស្សចេញពីសាលានេះ គឺទទួលបានការស្វាគមន៍ច្រើនពីសំណាក់ក្រុមហ៊ុននានា ត្បិតអីពួកគេតែងតែចុះទៅធ្វើទស្សនកិច្ចជាច្រើន ដើម្បីឱ្យសិស្សកាន់តែយល់ច្បាស់ពីជំនាញរបស់ពួកគេ៕