​​ទេព ឡុង​រចនា៖ ​កម្ពុជា​​មាន​​ខ្សែ​ការពារ​​ល្អ​បំផុត​​ពីរ​រូប តែមិនសូវល្បី

  • 2017-04-07 02:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ (ទ័ព) ​លើក​ឡើង​ថា តាម​​ក្រសែភ្នែក​របស់​លោក​ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មាន​ខ្សែ​ការពារ​ល្អ​បំផុត​ចំនួន​ពីរ​រូប​គឺ សឿយ វិសាល និង​ ​រស់ គង់​សម្រេច។

រស់ គង់​សម្រេច មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៣​នាក់​របស់​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​កម្ពុជា​​​នោះ​ទេ ​កាល​ប្រមូល​ផ្ដុំ​ប៉ះ​ឥណ្ឌា និង​ហ្សកដានី។ ​ខណៈ​ សឿយ វិសាល បាន​ជាប់​ឈ្មោះ​ និង​ថែម​ទាំង​បាន​បង្ហាញ​ខ្លួន​ពេញ​៩០​នាទី​ទាំង​ពីរ​ប្រកួត​ខាង​លើ​ទៀត​ផង។

​ងាក​ទៅ​​កាន់​ទស្សនៈ​គ្រូ​បង្វឹក​​ទ័ព​ដែល​មាន​បទពិសោធន៍​ជាង​​១០​ឆ្នាំ​លោក ទេព ឡុង​រចនា ​មើល​ឃើញ​ថា កម្ពុជា​មាន​ខ្សែ​ការពារ​តែ​ពីរ​រូប​នេះ​ប៉ុណ្ណោះ​ដែល​ល្អ​ជាង​គេ។ ចំពោះ​ រស់ គង់​សម្រេច ចំណុច​ល្អ​របស់​គេ​គឺ​ជា​កីឡាករ​ហ៊ាន​ប្ដូរ​ ឬ​ហ៊ាន​ប្រឈម​​​គ្រោះ​ថ្នាក់​​យក​ខ្លួន​ពាំង​បាល់ ខណៈ​ចំណុច​ខ្វះខាត​គឺ​ចូល​យក​បាល់​ពី​ដៃ​គូ​ជ្រៅ​ពេក ​ដែល​អាច​​​​ធ្វើ​ឲ្យ​ដៃ​គូ​ងាយ​មាន​ឱកាស​ល្អ​នៅ​ពេល​ញាក់​ដាច់​រូប​គេ​។

រស់ គង់​សម្រេច

​ ​សម្រាប់​ សឿយ វិសាល លោក​មើល​ឃើញ​ថា ចំណុច​ល្អ​​​របស់​កីឡាករ​រូប​នេះ​ត្រង់​​តាម​ប្រកៀក​ដៃ​គូ​ល្អ កម្រ​​នឹង​ឲ្យ​ដៃ​គូ​គេច​ចេញ​ពី​ខ្លួន​បាន​ងាយ​ និង​ជា​កីឡាករ​​ដែល​លេង​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់។ ​​ចំណែក​ចំណុច​ខ្សោយ​វិញ​លោក​គិត​ថា កីឡាករ​រូប​នេះ​មាន​ភាព​បត់បែន​យឺត​ពេក​ ដែល​​ជា​ចន្លោះ​ប្រហោង​មួយ​​សំខាន់​សម្រាប់​​តួនាទី​ជា​ខ្សែ​​ការពារ។

សឿយ វិសាល (លេខ ៥)

​​​​​​លោក ទេព ឡុង​រចនា ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​ដែល​​ជា​គ្រូ​​កម្រិត​​ A-​license ​​​ និង​បាន​​ចាប់​​ផ្ដើម​បង្វឹក​ក្រុម​ទ័ព​​តាំង​ពី​​ឆ្នាំ​២០០២៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី