ក្រុមចម្រៀងទាំង ១០ ដែលអ្នកគួរស្គាល់ បើចូលចិត្តចង្វាក់ Pop/Rock
- 2017-05-13 09:55:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមចម្រៀងទាំង ១០ ដែលអ្នកគួរស្គាល់ បើចូលចិត្តចង្វាក់ Pop/Rock
ចន្លោះមិនឃើញ
ចង្វាក់ Pop/Rock ឫ Pop Punk ជាប្រភេទចង្វាក់ចម្រៀងដែលជាកូនកាត់ចម្រៀងប៉ុប និងប្រភេទតន្ត្រី Rock។ ចង្វាក់ប្រភេទនេះទទួលបានការពេញនិយមខ្លាំង ជាពិសេសនៅអំឡុងទសវត្សឆ្នាំ២០០០។ ក្រុមចម្រៀងល្បីៗដូចជា Maroon 5 និង Coldplay បានទទួលការគាំទ្រខ្លាំងទូទាំងពិភពលោក ដោយសារតែចម្រៀងមានអត្ថន័យល្អ និងសំឡេងតន្ត្រីដ៏ល្អពីស្គរនិងហ្គីតាដែលជាធាតុខ្វះមិនបានសម្រាប់ Pop Punk។
ថ្ងៃនេះ Sabay នឹងលើកយកក្រុមតន្ត្រីចង្វាក់ប្រភេទនេះចំនួន ១០ក្រុមឲ្យស្គាល់។
អីចឹងតោះ! មកដឹងទាំងអស់គ្នា
Coldplay ជាក្រុមចម្រៀងអង់គ្លេសត្រូវបានបង្កើតនៅឆ្នាំ ១៩៩៦ ដែលមានសមាជិក៥នាក់គឺ Chris Martin ជាអ្នកច្រៀង (Lead Vocalist), Jonny Buckland, Guy Berryman និង Will Champion។ Coldplay ចាប់ផ្ដើមល្បីទូទាំងពិភពលោក ក្រោយពេលបញ្ចេញបទចម្រៀងដែលមានចំណងជើងថា "Yellow” កាលពីឆ្នាំ ២០០០។ បើគិតមកដល់ពេលនេះ Coldplay បានបញ្ចេញអាល់ប៊ុមចម្រៀងចំនួន ៧ ហើយដែលក្នុងនោះមានបទចម្រៀងល្បីៗ ជាច្រើនដូចជាបទ "The Scientist”, “Fix You” និងបទ "Paradise”ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Coldplay ក៏ធ្លាប់ទទួលពានGrammy ទៀតផង។
Radiohead បានបង្កើតនៅឆ្នាំ ១៩៨៥ ជាក្រុមចម្រៀងដែលមានទីតាំងនៅ Abington, Oxfordshire ចក្រភពអង់គ្លេស ដែលមានសមាជិក៥នាក់គឺលោក Thom Yorke (Lead Vocalist) Jonny Greenwood, Colin Greenwood, Ed O'Brien និង Philip Selway។ ក្រុមចម្រៀងនេះចាប់ផ្តើមល្បីខ្លាំងដោយសារបទ "Creep” ដែលបានបញ្ចេញនៅឆ្នាំ ១៩៩២។ បើគិតត្រឹមពេលនេះ Radiohead បានបញ្ចេញអាល់ប៊ុមចំនួន ៩ អាល់ប៊ុមហើយ។ Radiohead លក់អាល់ប៊ុមបានជាង ៣០លានអាល់ប៊ុមទូទាំងពិភពលោក ព្រមទាំងជាប់ចំណាត់ថ្នាក់ទី៧៣ ជាក្រុមចម្រៀងល្អបំផុតសម្រាប់គ្រប់សម័យកាលរបស់ទស្សនាវដ្ដី Rolling Stone ទៀតផង។
Fall Out Boy គឺជាក្រុមចម្រៀងអាមេរិកដែលមានទីតាំងនៅទីក្រុង Chicago រដ្ឋ Illinois។ ក្រុមនេះមានសមាជិក៤នាក់ គឺ Patrick Stump (Lead Vocalist) Pete Wentz, Joe Trohman និង Andy Hurley។ Fall Out Boy អាចនិយាយបានថាជានិយមន័យរបស់ Punk Rock Band ដែលផ្តោតសំខាន់ទៅលើចង្វាក់របស់ស្គរ និងRock ហ្គីតា រួចមកទើបមានបញ្ចូលនូវធាតុផ្សំខ្លះរបស់ចង្វាក់ប៉ុប រហូតបានបញ្ចេញអាល់ប៊ុមទី១នៅឆ្នាំ ២០០៣។ អាល់ប៊ុមនេះទទួលបានការកោតសរសើរនិងប្រជាប្រិយភាពយ៉ាងខ្លាំង រហូតត្រូវគេកត់សម្គាល់ថា ជាក្រុមដែលមានឥទ្ធិពលមួយសម្រាប់ចង្វាក់ Pop Punk នៅទសវត្សរ៍ឆ្នាំ២០០០។ បទចម្រៀងល្បីៗរបស់ក្រុមនេះរួមមាន បទ"Sugar, We're Going Down”, “Dance Dance” និងបទចម្រៀងដែលបញ្ចេញនៅឆ្នាំ ២០១៣ "My Songs Knows What You Did in the Dark (Light Em Up)”។ បទចម្រៀង "Centuries” ក៏ត្រូវបានគេដាក់បញ្ចូលក្នុងរឿង “Big Hero 6” របស់ផលិតកម្ម Disney ផងដែរ។
ភាគច្រើនអ្នកណាក៏ស្គាល់បទ "One More Night” របស់ក្រុម Maroon 5 ដែរ។ ក្រុមចម្រៀងនេះបានបង្កើតតាំងពីឆ្នាំ ១៩៩៤ មកម្លេះពេលដែលសមាជិកទាំងអស់រៀននៅថ្នាក់វិទ្យាល័យដែលបានដាក់ឈ្មោះក្រុមថា "Kara's Flowers”។ លុះដល់ឆ្នាំ ២០០១ ទើបក្រុមចម្រៀងនេះមានកុងត្រាត្រឹមត្រូវរួច ក៏ផ្លាស់ប្ដូរឈ្មោះថាជាក្រុម "Maroon 5” វិញ។ Maroon 5 ចាប់ផ្ដើមល្បីខ្លាំងនៅឆ្នាំ ២០០៥ ដោយសារបទចម្រៀងចំណងជើងថា "Harder to Breathe” ទទួលបានការចាក់ផ្សាយយ៉ាងច្រើនលើវិទ្យុ។ ក្រុមចម្រៀងនេះបានផលិតបទចម្រៀងល្បីៗជាច្រើនបទដូចជា "Makes Me Wonder”, “Sunday Morning” និងបទ "She Will Be Loved” ជាដើម។
Paramore ជាក្រុមចម្រៀងដែលមានប្រភពមកពីក្រុង Franklin រដ្ឋ Tennessee ដែលបានបង្កើតនៅឆ្នាំ ២០០៤ ដែលមានសមាជិក៦នាក់គឺ Hayley Williams (Lead Vocalist) Josh Farro, Jeremy Davis, Jason Bynum, John Hembree និង Hunter Lamb។ សព្វថ្ងៃនេះសមាជិកក្រុមនៅសល់តែ៣ រូបប៉ុណ្ណោះគឺ Hayley Williams, Taylor York និង Zac Farro។ Paramore ជាក្រុមចម្រៀងមួយដែលមានលក្ខណៈប្លែក និងពេញនិយមដោយសារតែបទចម្រៀងល្បីៗ ដូចជាបទ "Misery Business”,”Crushcrushcrush” និងបទ "That's What You Get” ជាដើម។
បើសិនជាអ្នកធ្លាប់ស្ដាប់បទ "Closer” របស់ The Chainsmokers អ្នកប្រាកដជាចាំមួយឃ្លាថា "Stay and play that Blink-182 Song” គឺសំដៅមកក្រុមនេះហើយ។ Blink-182 គឺជាក្រុមចម្រៀងអាមេរិកដែលបានបង្កើតនៅក្រុង Poway រដ្ឋ California នៅឆ្នាំ ១៩៩២។ ក្រុមចម្រៀងនេះមានសមាជិក៣រូបគឺលោក Mark Hoppus (Main Voclalist), Travis Barker និង Matt Skiba ដែលធ្លាប់មានសមាជិកចាស់២រូបគឺ Scott Raynor និង Tom Delonge។ ក្រុមចម្រៀងនេះចាប់ផ្ដើមល្បីខ្លាំងនៅឆ្នាំ ១៩៩៥ សម្រាប់អាល់ប៊ុមទី១របស់គេគឺ "Cheshire Cat”។ បទចម្រៀងល្បីៗរបស់ក្រុមនេះមានដូចជាបទ "I Miss You”, “All The Small Things”, “First Date” និងបទ "What's My Age Again” ជាដើមដែលបង្ហាញពីសមាជិកក្រុមនេះស្រាតរត់តាមផ្លូវនៅ Los Angeles។
ក្រុមនេះហើយដែលជាម្ចាស់បទ "Apologize” ដែលទទួលបានការពេញនិយមខ្លាំងទូទាំងពិភពលោក។ OneRepublic ជាក្រុមចម្រៀងអាមេរិកដែលបានបង្កើតនៅក្រុង Colorado Springs រដ្ឋ Colorado តាំងពីឆ្នាំ ២០០២។ ក្រុមនេះមានសមាជិក៥នាក់គឺ Ryan Tedder (Lead Vocalist) Zach Filkins, Drew Brown, Brent Kutzle, និង Eddie Fisher។ ក្រុមចម្រៀងនេះទទួលបានការពេញនិយមខ្លាំងដោយសារសមត្ថភាពច្រៀង និងនិពន្ធចម្រៀងរបស់លោក Ryan Tedder ដែលជាផលិតករមួយរូបដ៏ពូកែ និងធ្លាប់សរសេរបទចម្រៀងជាច្រើនឲ្យតារាល្បីៗដូចជា Adele និង Taylor Swift ជាដើម។ បទចម្រៀងដែលល្បីៗរបស់ក្រុមនេះមានដូចជាបទ "Good Life”, “Secrets”, “All the Right Moves” និងបទថ្មីៗដូចជា "Counting Star”, “If I Lose Myself” ជាដើម។
Attic Monkeys ជាក្រុមចម្រៀងអង់គ្លេសដែលបានបង្កើតនៅតំបន់ High Green នៅទីក្រុង Sheffield ចក្រភពអង់គ្លេសនៅឆ្នាំ ២០០២។ ក្រុមនេះមានសមាជិក៤ នាក់គឺ Alex Turner (Lead Vocalist), Matt Helders, Jamie Cook, និង Nick O'Malley។ អាល់ប៊ុមផ្លូវការលើកទី១របស់ពួកគេទទួលបានការគាំទ្រខ្លាំងរហូតបានក្លាយជាអាល់ប៊ុមដែលលក់ដាច់លឿនបំផុតសម្រាប់អាល់ប៊ុមដំបូងរបស់ក្រុមចម្រៀងនៅចក្រភពអង់គ្លេស។ ឆ្នាំ២០១៣ ទស្សនាវដ្ដី Rolling Stone បានចាត់ចំណាត់ថ្នាក់ថានេះជាអាល់ប៊ុមដំបូងដែលល្អជាងគេលំដាប់ទី៣០ នៅគ្រប់សម័យកាល។ បទចម្រៀងល្បីៗរបស់ក្រុមនេះមានដូចជាបទ "I Bet You Look Good on the Dancefloor”, “Brianstorm”, “Fluorescent Adolescent” និងបទ "Do I Wanna Know?” ជាដើម។
The Killers ត្រូវបានបង្កើតនៅឆ្នាំ ២០០១ នៅទីក្រុង Las Vegas រដ្ឋ Nevada ដោយមានសមាជិក៤រូបគឺ Brandon Flowers (Lead Vocalist), Dave Keuning, Mark Stoermer និង Ronnie Vannucci, Jr។ ក្រុមចម្រៀងនេះត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងមួយដែលធំបំផុតសម្រាប់សតវត្សទី២១ ដែលបានលក់អាល់ប៊ុមបានដល់ទៅជាង ២២ លានដុំទូទាំងពិភពលោក និងធ្វើតន្ត្រីទេសចរណ៍ទៅជាង ៥០ ប្រទេស គឺ៦ទ្វីបផងដែរ។
Linkin Park ត្រូវបានគេស្គាល់ថាជាក្រុមចម្រៀងដែលពូកែស្រែក។ ក្រុមនេះមានទីតាំងនៅទីក្រុង Agoura Hills រដ្ឋ California សហរដ្ឋអាមេរិកដែលបានបង្កើតតាំងពីឆ្នាំ ១៩៩៦។ ពួកគេមានសមាជិក ៦នាក់គឺ Chester Bennington (Lead Vocalist), Rob Bordon, Brad Delson, Mike Shinoda, Dave Farrell, និង Joe Hahn។ Linkin Park ចាប់ផ្តើមល្បីខ្លាំងបន្ទាប់ពីបានបញ្ចេញអាល់ប៊ុមដំបូងរបស់ខ្លួនគឺ Hybrid Theory កាលពីឆ្នាំ ២០០០។ បទចម្រៀងល្បីៗខ្លាំងរបស់ពួកគេមានដូចជា "Numb”, “Crawling”, “In the End” និងបទ "Burn It Down” ជាដើម៕
អត្ថបទ៖ ធារ៉ូ ចុចអាន៖ បទចម្រៀងថ្មីរបស់ Harry Style និយាយពីអនុស្សាវរីយជាមួយ Taylor Swift?