អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ អេ ភូថង ឡើង​វ៉ៃ​ជាមួយ​ថៃ ថ្ងៃ​អាទិត្យ​នេះ

  • 2017-05-31 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​ជា​ច្រើន​ឆ្នាំ លោក អេ ភូថង អតីត​កំពូល​អ្នក​ប្រដាល់​ដែល​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​​ក្បាច់​គុន​បុរាណ​ខ្មែរ​ចាត់​ទុក​ជា អធិរាជ​កែង​ចេះ​ជង្គង់​ហោះ នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀន​សាជាថ្មី ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ចុង​ក្រោយ​បង្អស់​របស់​លោក​លើ​សង្វៀន សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ នៅ​ស្ថានីយ​ទូរទស្សន៍ ភី​អិន​អិន នា​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ២០១៧ នេះ។

ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​នេះ គឺ​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​មន្ទីរពេទ្យ គន្ធបុប្ផា ជា​ការរួម​ចំណែក​មនុស្សធម៌ ត្បិត​លោក​ពុំ​មាន​ទ្រព្យធន ក្រៅ​ពី​ប្រើ​អាជីព​ដែល​ធ្លាប់​ពឹង​អាស្រ័យ​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ។ គ្រូ​បង្វឹក​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​វ័យ ៤៣ ឆ្នាំ​រូប​នេះ ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​រួម​ជំនាន់ កាណុង​ស័ក្តិ​លេក ខេធីយិម ដែល​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប្រដាល់ ផ្រាន​យី​ស៊ីប​ហុក ក្នុង​ប្រភេទ​ទម្ងន់ ៩០ គ.ក្រ។

ក្រៅ​ពី​វត្តមាន​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ អេ ភូថង កំពូល​អ្នក​លេង​កណ្ដាប់​ដៃ​មហា​ទម្ងន់​ប្រជា​ប្រិយ​ភាព​ខ្ពស់​នា​ពេល​បច្ចុប្បន្ន រឿង សោភ័ណ្ឌ ក៏​ទទួល​ភារកិច្ច​ស្វាមន៍​អ្នក​ប្រដាល់​ថៃ​ជំនាញ​ក្បាច់​រន្ទះ​ជើង ស៊ុភ​ឆ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គ.ក្រ ផង​ដែរ។ នេះ​ជា​ការ​ប្រកួត​លើក​ទី​៣ របស់​សិស្ស​គុន​ខ្មែរ​ក្លឹប​មកុដ​រាជសីហ៍​ក្នុង​កម្មវិធី សមរភូមិ​អ្នក​ប្រយុទ្ធ ដែល​ការ​ប្រកួត​ចុង​ក្រោយ​កន្លង​ទៅ​ថ្មីៗ​នេះ រូប​គេ​បាន​ស្មើ​ពិន្ទុ នឹង​ជើង​ខ្លាំង​ថៃ ឃុន​ផែន។

ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ និង​បណ្តុះ​បណ្ដាល​ថ្នាល​កីឡាករ​ជំនាន់​ថ្មី សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​សម្រាប់​អ្នក​ប្រដាល់​វ័យ​ក្មេង​ជា​រៀង​រាល់​សប្ដាហ៍។ សម្រាប់​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា នេះ កូន​នាគ​ជាយ​ដែន​ខេត្ត​បន្ទាយ​មាន​ជ័យ វ័ន្ត ថៃដេ ទទួល​បាន​ឱកាស​សាក​ល្បង​សមត្ថភាព និង​អ្នក​ប្រដាល់​វ័យក្មេង​ថៃ កាន​ក្រៃ ក្នុង​ប្រភេទ​ទម្ងន់ ២៧ គ.ក្រ។

ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​កក្រើក​មួយ​នេះ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៥:០០ ល្ងាច ហើយ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន។ សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ឧបត្ថម្ភ​លោក អេ ភូថង អាច​ទាក់​ទង​ដោយ​ផ្ទាល់​មក​កាន់​លោក ស្រ៊ឺ ស្រេង ប្រធាន​ផ្នែក​កីឡា​របស់ ភីអិនអិន តាម 016 757 168៕

ដោយ៖ សុផាត

អត្ថបទពេញនិយម